លោកស្រីគ្លីនតុននិងនយោបាយក្រៅប្រទេសអាមេរិកនៅឥណ្ឌូនេស៊ី
លោកស្រី ហ៊ីលឡារី គ្លីនតុន អញ្ជើញទៅអាស៊ី ក្នុងដំណើរទៅចូលរួមជំនួបកំពូលអាស៊ី-ប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។ ក្រោយពីកោះឃូកនៅថ្ងៃអាទិត្យនិងថ្ងៃអង្គារនៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអញ្ជើញទៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទទី៣កញ្ញានេះ ដោយខិតខំបង្ហាញឲ្យឃើញនូវអានុភាពអាមេរិកនៅចំពោះមុខមហិច្ឆតាចិននៅក្នុងតំបន់។ ក៏ប៉ុន្តែមកទល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រកាន់នយោបាយរក្សាជំហរតុល្យភាពរវាងមហាអំណាចទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសឥណ្ឌុនេស៊ីប្រកាន់យកនយោបាយ “រក្សាសមតា” រវាងមហាយក្សចិននិងមហាយក្សអាមេរិក។ នេះហើយជាគោលការណ៍នយោបាយក្រៅប្រទេសដែលប្រកាន់យកដោយរដ្ឋមន្ត្រីក្រសួងការរទេសឥណ្ឌូនេស៊ី។ នយោបាយ “រក្សាសមតា”នេះគឺជានយោបាយដែលច្របាច់បញ្ចូលនូវភាពប្រុងប្រយ័ត្ននិងឱកាសនិយម ហើយដែលលោកប្រធានាធិបតីឥណ្ឌូនេស៊ីSusilo Bambang Yudhoyono បានសង្ខេបបង្រួមថា “ប្រទេសឥណ្ឌូនេស៊ីចង់បានបច្ចាមិត្តសូន្យ ក៏ប៉ុន្តែមានមិត្តមួយលាន”។
ចាប់តាំងពីសន្និសីទនៅទីក្រុងបានឌុងនៅឆ្នាំ១៩៥៥ ដែលគេបានចាប់បង្កើតចលនាពិភពលោកមិនចូលបក្សសម្ព័ន្ធមក ទីក្រុងហ្សាការតាពុំដែលបានបោះបង់ចោលទ្រឹស្ដីនេះឡើយ។ កាលនៅសម័យនោះ លោកខាងលិចក៏ពួកគេពុំចូល ហើយប្លុកលោកកុម្មុយនិស្តក៏ពួកគេពុំចូល។ ហើយបច្ចុប្បន្ននេះ ពួកគេក៏ពុំចូលដៃចូលជើងជាមួយមហាប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឡើយ។
នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដឹងខ្លួនពីតួនាទីនិងទម្ងន់សារៈសំខាន់របស់ខ្លួននៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីដែលចែចង់ដោយទីក្រុងប៉េកាំងផង និងដោយទីក្រុងវ៉ាស៊ីនតោនផង ក៏ឆ្លៀតឱកាសចាប់ទិញយន្តហោះពីសហរដ្ឋអាមេរិក ហើយនិងកាំជ្រួចមីស្ស៊ីលពីប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
ហើយចាប់តាំងពីឆ្នាំ២០១០មក ប្រទេសឥណ្ឌូនេស៊ីបានក្លាយទៅជា “ដៃគូពិសេស”របស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីក៏ជា “ដៃគូយុទ្ធសាស្ត្រ”មួយដ៏សំខាន់ដែរសម្រាប់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៥មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ