អានតួអត្ថបទ
ស.រ.អា-ប៉ាស៊ីហ្វិក

លោកស្រីគ្លីនតុន​អញ្ជើញ​ទៅអាស៊ី-ប៉ាស៊ីហ្វិក​ដោយហេតុ​តែ​មាន​ភាព​តានតឹង​ជាមួយ​ចិន​

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ហ៊ីលឡារី​គ្លីនតុន​ ​
លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ហ៊ីលឡារី​គ្លីនតុន​ ​ REUTERS/Molly Riley/Files
ដោយ៖ សៀក សារិន
១៧ នាទី

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីលឡារី​គ្លីនតុន​ ​ នៅថ្ងៃ​ប្រហស្បតិ៍​ម្សិលមិញ​ បាន​ធ្វើដំណើរ​ទៅ​កាន់​កោះ​ Cook ​ដែល​ឋិតនៅ​មហាសាគរ​ប៉ាស៊ីហ្វិក។​ នេះជា​ដំណាក់​ទី១​នៃ​ដំណើរ​ទស្សនកិច្ច​ចំនួន​១០ថ្ងៃ​ ​ ដែល​បន្ទាប់​មកទៀត​លោកស្រី​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ​ ចិន​ និង​ រុស្ស៊ី​ ដើម្បី​ចូលរួម​ជំនួប​ប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក​ Apec ។​ ទាំងនេះ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​ជាមួយ​ប្រទេសចិន។

ផ្សាយពាណិជ្ជកម្ម

 

បើយោងតាម​អ្នកឯកទេស​ ​ សហរដ្ឋ​អាមេរិក​ចង់​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​ទូត​និង​យោធា​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ ដែល​គេចាត់ទុក​ថា​ ជាតំបន់​ក្បាល​ម៉ាស៊ីន​ជួយ​អូសទាញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។​ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីលឡារី​គ្លីនតុន​នេះ​ ​ក៏បាន​ត្រូវ​គេ​ចាត់​ទុកថា​ ​ ជា​ការឆ្លើយតប​ទៅនឹង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​ដែល​មាន​អានុភាព​កាន់តែ​ខ្លាំងឡើងៗ​នៅ​ក្នុង​តំបន់​ ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោកស្រី​គ្លីនតុន​ត្រូវ​ចូលរួម​ប្រជុំ​នៅ​កោះ​ Cook ​នៅ​ថ្ងៃសុក្រ​នេះ​ ជំនួប​កំពូល​ ហ្វ័ររូម​នៃ​បណ្តាកោះ​នៅ​មហាសាគរ​ប៉ាស៊ីហ្វិក​ Forum des îles du Pacifique ( FIP )​ ​ ដែលមាន​ប្រទេស​និងដែនដី​ចំនួន​១៦​ចូល​រួម​ ​ មានជាអាទិ៍​ប្រទេស​អូស្ត្រាលី​ ​ ប្រទេស​នូវែល​ហ្សេឡង់​ ​ ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

ថ្ងៃចន្ទ​ខាងមុខនេះ​ ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីលឡារី​គ្លីនតុន​នឹង​អញ្ជើញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ​ ដែលជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំជាង​គេ​ក្នុងលោក​ ​ បើគេគិត​តាម​ចំនួន​ប្រជាជន​ ​ ហើយក៏​ជា​ប្រទេស​មួយ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ី-អាគ្នេយ៍។

នៅថ្ងៃអង្គារ​និង​នៅ​ថ្ងៃពុធ​ ​ គេនឹង​រង់ចាំ​ទទួល​លោកស្រី​គ្លីនតុន​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ចរចា​ពី​បញ្ហា​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ចិន-អាមេរិក​ ​ ហើយ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីលឡារី​គ្លីនតុន​ ​ក៏​អាច​មាន​ជំនួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ផងដែរ។

គួរបញ្ជាក់ថា​ ​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​មាន​សភាព​តានតឹង​ ​ ដោយហេតុតែ​មាន​បញ្ហា​សិទ្ធមនុស្ស​ ​ បញ្ហា​ប្រទេស​ស៊ីរី​ ​ ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ ហើយនិង​ការឈ្លោះ​ដណ្តើម​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ប្រទេស​ជប៉ុន​ ​ ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់។

នៅថ្ងៃ​ទី៦​កញ្ញា​ លោកស្រី​គ្លីនតុន​ត្រូវ​អញ្ជើញ​ទៅ​កោះ​ទីម័រ​ខាងកើត​ដែលបាន​ទទួល​ឯករាជ្យ​ ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។​ ​ បន្ទាប់មកទៀត​ ​ លោកស្រី​នឹង​អញ្ជើញ​ទៅ​ប្រទេស​ព្រុយណេ។

ចុងក្រោយបំផុត​ ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីលឡារី​គ្លីនតុន​ ​នឹង​ត្រូវ​អញ្ជើញ​ទៅ​ទីក្រុង​ Vladivostok ​នៃ​ប្រទេស​រុស្ស៊ី​នៅថ្ងៃ​ទី៨​និង៩​កញ្ញា​ ​ ដើម្បី​ចូលរួម​ជំនួប​កំពូល​ Apec ​ ​ ហើយលោកស្រី​ក៏​គ្រោង​មាន​ជំនួប​ចរចា​ជាមួយ​លោក​ Sergueï Lavrov ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ ​ ស្ដីពី​បញ្ហា​នៅ​ប្រទេស​ស៊ីរី​ផងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ