លោកស្រី ហ៊ីលឡារី គ្លីនតុនអញ្ជើញទៅបង់ក្លាដែសដែលកំពុងស្គាល់ភាពតានតឹងនយោបាយ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបានបំពេញទស្សនកិច្ចខាងផ្លូវទូតនៅទីក្រុងប៉េកំាង ប្រទេសចិន លោកស្រីប្រមុខការទូតអាមេរិក ហ៊ីលឡារី គ្លីនតុនបានបន្តទស្សនកិច្ចមួយជុំទ្វីបអាស៊ីដោយធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែសក្នុងថ្ងៃសៅរ៍ ទី៥ ឧសភានេះ។ ការអញ្ជើញទៅកាន់ប្រទេសបង់ក្លាដែសរបស់លោកស្រីគ្លីនតុនបានធ្វើឡើង ចំពេលដែលស្ថានការណ៍នយោបាយកំពុងឡើងតានតឹង បន្ទាប់ពីការបាត់ខ្លួនប្រមុខគណបក្សប្រឆំាងម្នាក់កាលពីដំណាច់ខែមេសា។
គិតតំាងពីឆ្នំា ២០០៤មក នេះជាលើកទីមួយបង្អស់ដែលមានសមាជិករដ្ឋបាលអាមេរិកំាងម្នាក់ដាក់ជើងជាន់លើទឹកដីបង់ក្លាដែស។ តាមកម្មវិធីដែលបានគ្រោងទុក លោកស្រីប្រមុខការទូតអាមេរិកត្រូវចូលជួបលោកនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina និងប្រធានគណបក្សប្រឆំាង លោក Begum Khaleda Zia។ បន្ទាប់មក លោកស្រីគ្លីនតុនក៏គ្រោងនឹងជួបសន្ទនាជាមួយលោក Muhammad Yunus ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាបិតាមីក្រូឥណទាន ដែលគ្រប់គ្នាហៅក្រៅថា ជាបិតាធនាគារសម្រាប់អ្នកក្រីក្រ។ លោក Muhammad Yunus ដែលបានបង្ខំចិត្តលាឈប់ពីការងារនៅធនាគារ Grameen Bank ក្នុងឆ្នំា ២០១១។
អ្វីជាការកត់សម្គាល់ ដំណើរទៅកាន់ប្រទេសបង់ក្លាដែសរបស់លោកស្រីគ្លីនតុនពេលនេះបានធ្វើឡើង ចំពេលដែលស្ថានការណ៍នយោបាយកំពុងឡើងតានតឹងដល់កំពូល។ ភាពតានតឹងដែលបានផ្ទុះឡើង ក្រោយពីការបាត់ខ្លួនលោក Ilyas Ali អតីតអ្នកតំណាងរាស្រ្តម្នាក់នៃគណបក្សជាតិនិយមបង់ក្លាដែសកាលពីដំណាច់ខែមេសាកន្លងទៅ។ ការបាត់ខ្លួនលោក Ilyas Ali ដ៏អាថ៌កំបំាងដែលបានបង្កឲ្យមានក្បួនបាតុកម្ម និងអំពើហិង្សាបណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់។ ទន្ទឹមគ្នានេះ សមាជិកនៃគណបក្សប្រឆំាងក៏បានទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតស៊ីជម្រៅមួយ។
យ៉ាងណាក៏ដោយ ប្រភពរដ្ឋាភិបាលបង់ក្លាដែសឲ្យដឹងថា លោកស្រីគ្លីនតុននឹងត្រូវសម្តែងសាទរចំពោះភាពចម្រើនទៅមុខរវាងទីក្រុងដាកា និងវ៉ាស៊ីនតោននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆំាងនឹងភេរវនិយម។ ជាមួយគ្នានេះ វត្តមានរបស់ប្រមុខការទូតអាមេរិកនៅបង់ក្លាដែសក៏ជាសញ្ញាមួយបញ្ជាក់ថា ប្រទេស និងប្រជាជនបង់ក្លាដែសទំាង ១៦៦លាននាក់ គឺជាដៃគូពិតប្រាដរបស់សហរដ្ឋអាមេរិក។ ម្យ៉ាងទៀត ទស្សនកិច្ចរបស់លោកស្រីគ្លីនតុនក៏ជាឱកាសមួយដែលទីក្រុងវ៉ាស៊ីនតោនចង់បង្ហាញពីការសន្យារបស់ខ្លួននៅក្នុងវិស័យសិទ្ធិមនុស្ស បន្ទាប់ពីទស្សនកិច្ចនៅក្នុងប្រទេសចិនដែលបានបំពុលដោយសំណុំរឿងសកម្មជនសិទ្ធិមនុស្សពិការភ្នែកចិនម្នាក់ឈ្មោះ ឆិន ហ្គ័ងឆឹង។
បន្ទាប់ពីប្រទេសបង់ក្លាដែស លោកស្រីគ្លីនតុននឹងត្រូវបញ្ចប់ទស្សនកិច្ចមួយជុំទ្វីបអាស៊ី ដោយបន្តដំណើរទៅកាន់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ