ការចាំបាច់បន្ទាន់ដើម្បីដោះស្រាយបញ្ហាស៊ីរីនិងតំបន់សាហែលនៃប្រទេសម៉ាលី
ទិតៀនទៅលើអសកម្មភាពរបស់អ.ស.ប. លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់បានថ្លែងគូសបញ្ជាក់នៅថ្ងៃអង្គារទី២៥កញ្ញាឆ្នាំ២០១២ម្សិលមិញ នៅលើវេទិកានៃមហាសន្និបាតថា “សហគមន៍អន្តរជាតិត្រូវមានសកម្មភាពជាបន្ទាន់ក្នុងការរិះរកដំណោះស្រាយឲ្យវិបត្តិនៅប្រទេសស៊ីរីនិងនៅតំបន់សាហែលនៃប្រទេសម៉ាលី”។ លោកហូឡង់បានអំពាវនាវឲ្យអ.ស.ប. “ការពារតំបន់រំដោះ” នៅក្នុងប្រទេសស៊ីរី ហើយនិងឲ្យគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប. “ដើម្បីអនុញ្ញាតឲ្យប្រទេសម៉ាលីរក្សាបាននូវបូរណភាពដែនដីរបស់ខ្លួន”។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់បានថ្លែងឲ្យដឹងថា ប្រទេសបារាំងនឹងទទួលស្គាល់ “រដ្ឋាភិបាលបណ្តោះអាសន្ន” នៃប្រទេសស៊ីរីសេរីថ្មី នៅខណៈពេលដែល“រដ្ឋាភិបាលបណ្តោះអាសន្ន”នេះកកើតចេញជារូបរាង។ បានសេចក្តីថា នៅពេលនេះគេនៅពុំទាន់មាន“រដ្ឋាភិបាលបណ្តោះអាសន្ន”នៅឡើយទេ។ នៅក្នុងករណីចាំបាច់បន្ទាន់បែបនេះ លោកប្រមុខរដ្ឋបារាំងបានថ្លែងអំពាវនាវឲ្យអ.ស.ប.ការពារប្រជាជនស៊ីវិលនៅក្នុង “តំបន់រំដោះ” នៃប្រទេសស៊ីរី។
“ដូច្នេះជាបឋមយើងត្រូវការពារប្រជាជនស៊ីវិល ដែលតម្រូវឲ្យយើងផ្តល់ជំនួយពស្តុភារ។ ហើយវាក៏តម្រូវឲ្យយើងបង្កើត “តំបន់ការពារពុំឲ្យមានយន្តហោះហោះហើរ” –zones d’exclusion aériennes -ផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងនៅពុំទាន់ឈានដល់ដំណាក់ការនេះនៅឡើយ មូលហេតុនេះហើយដែលនាំឲ្យយើងខិតខំសហការជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបាននូវផែនការនេះ។ នេះជាសេចក្តីថ្លែងប្រកាសរបស់លោកប្រមុខរដ្ឋបារាំងហ្វ្រង់ស្វ័រហូឡង់។
ដើម្បីឲ្យ “តំបន់ការពារពុំឲ្យមានយន្តហោះហោះហើរ” នេះមានប្រសិទ្ធភាព គេត្រូវរៀបចំធ្វើក្នុងនាម “មាត្រា៧នៃធម្មនុញ្ញអ.ស.ប.” ដែលទាំងនេះតម្រូវឲ្យមានការយល់ព្រមព្រៀងគ្នារវាងសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.។
ពាក់ព័ន្ធនឹងបញ្ហាតំបន់សាហែលនៃប្រទេសម៉ាលីវិញ លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.ពិនិត្យដោះស្រាយឲ្យបានឆាប់រហ័ស ការទាមទាររបស់រដ្ឋអំណាចនៃប្រទេសម៉ាលី ដើម្បីផ្តល់ភាពស្របច្បាប់អន្តរជាតិឲ្យដល់កងកម្លាំងអន្តរាគមន៍នៃ Cédéao Communauté économique des Etats de l’Afrique de l’Ouest ឬ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច នៅក្នុងប៉ែកខាងជើងនៃប្រទេសម៉ាលី។
ហើយសម្រាប់លោកហ្វ្រង់ស្វ័រហូឡង់ ការចាំបាច់ក្នុងការដោះលែងជនជាតិបារាំងដែលគេចាប់ឃុំឃាំងនៅតំបន់សាហែល ពុំជាប់ពាក់ព័ន្ធអ្វីនឹងការគាំទ្រកងកម្លាំងអន្តរាគមន៍អាហ្វ្រិកនៅប៉ែកខាងជើងនៃប្រទេសម៉ាលីឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ