បារាំង-អ៊ីតាលី

ហ្វ្រង់ស័រ​ហូឡង់​និង​ម៉ារីយ៉ូម៉ុងទី​យល់ស្រប​គ្នា​ពី​មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ទល់នឹង​វិបត្តិ​នៅក្នុង​តំបន់​អឺរ៉ូ​

លោក​ប្រធានាធិបតី​​បារាំង​​ហូឡង់(ឆ្វេង)​​ និង​​លោក​​ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​​ ​ម៉ុងទី​(ស្តាំ)​​នៅ​ថ្ងៃព្រហស្បតិ៍​​១៤​​មិថុនា​​ឆ្នាំ២០១២​នៅ​ទីក្រុង​​រ៉ូម​
លោក​ប្រធានាធិបតី​​បារាំង​​ហូឡង់(ឆ្វេង)​​ និង​​លោក​​ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​​ ​ម៉ុងទី​(ស្តាំ)​​នៅ​ថ្ងៃព្រហស្បតិ៍​​១៤​​មិថុនា​​ឆ្នាំ២០១២​នៅ​ទីក្រុង​​រ៉ូម​ Reuters / Bertrand Guay

លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ បាន​សម្តែង​បង្ហាញ​ឲ្យឃើញ​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៤​មិថុនា​ឆ្នាំ២០១២នេះ​នៅទីក្រុង​រ៉ូម​នូវ​ “ទស្សនៈយល់ឃើញដូចគ្នា”​ ស្តីពី​មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ហើយនិង​ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅអឺរ៉ុប។  

ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃព្រហស្បតិ៍​ទី១៤​មិថុនា​ឆ្នាំ២០១២​នេះ​គឺជាលើក​ទីមួយ​ហើយ​ ​ ដែល​លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ បាន​ជួប​ពិភាក្សាគ្នា​ជា​ផ្លូវការ។​ គ្មានអ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ ​ ទីក្រុង​ប៉ារីស​និង​ទីក្រុង​រ៉ូម​មាន​ការវិភាគ​និង​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ ពាក់ព័ន្ធ​នឹង​ មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ហើយនិង​ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅអឺរ៉ុប។​ ទាំងនេះ​បាន​បណ្តាលឲ្យ​ លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ ថ្លែងថា​ ​ “ប្រទេស​បារាំង​និង​ប្រទេស​អ៊ីតាលី​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​សំខាន់ៗ​ដែល​កំពុង​ចោទឡើង​បច្ចុប្បន្ននេះ”។

គោលបំណង​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​សំខាន់​ទាំងពីរ​គឺ​ ការពារ​ប្រាក់អឺរ៉ូ​ ​ និង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ហើយគេ​ក៏​ពុំ​ភ្លេចដែរ​ពី​កិច្ច​ការពារ​វិន័យ​ថវិកា​ ​ ដែល​ទីក្រុង​ព្រុចសែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​ឧនភាព​លើសពី​៣%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស។​ អឺរ៉ុប​ត្រូវធ្វើ​ពលិកម្ម​ ​ ប៉ុន្តែ​អឺរ៉ុប​ក៏មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ធ្វើការ​ហក់លោត​ឡើងវិញ​ដែរ។​​ នេះ​ជាជំនឿ​របស់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់។​ លោកប្រមុខរដ្ឋ​បារាំង​ក៏​បាន​ថ្លែង​ទៀតថា​ ​“បញ្ហា​ច្រើនណាស់​ដែល​នៅ​រង់ចាំ​ការដោះស្រាយ​ពីយើង​ ​ ដូច្នេះ​យើងត្រូវតែ​មាន​ការវិភាគ​ច្បាស់លាស់​ ​ មាន​នយោបាយ​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅអឺរ៉ុប​ ​ ហើយយើង​ក៏​មាន​ជំនឿថា​ ​​ ទ្វីប​អឺរ៉ុប​របស់យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​រៀបចំ​អឺរ៉ុប​ឲ្យមាន​អនាគត​រុងរឿង”។

នៅ​ខណៈពេល​ដែល​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ក្រិក​ខិត​កាន់តែ​ជិត​មកដល់​ ​ ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ប្រាក់​អឺរ៉ូ​ក៏​កើតមាន​កាន់តែ​ខ្លាំងដែរ។​ ដូច្នេះហើយ​បានជា​ លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ បាន​ប្រកាស​បញ្ជាក់​ប្រាប់​ ពីការ​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ប្រជាជន​ក្រិក​ ​ ហើយនិង​ពីការ​ចង់ឲ្យ​ទីក្រុង​អាថែន​បន្តឋិត​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI