បារាំង

ខួប១០ឆ្នាំ​នៃ​មរណភាព​របស់​លោក​ Jean​ Hélène​ អ្នក​សារព័ត៌មាន​វិទ្យុបារាំង​អន្តរជាតិ​RFI​

អ្នកសារព័ត៌មាន​បារាំង​ Jean Hélène កាលពី​​នៅមាន​ជីវិត ក្នុង​ឆ្នាំ​២០០២
អ្នកសារព័ត៌មាន​បារាំង​ Jean Hélène កាលពី​​នៅមាន​ជីវិត ក្នុង​ឆ្នាំ​២០០២ Sébastien Bonijol

លោក Jean Hélène មាន​ឈ្មោះដើមហៅថា​ Christian Baldensperger ជាអ្នក​សេ្នហា​​ទ្វីប​អាហ្វ្រិក និង​ធ្លាប់​បាន​បំពេញ​ការងារ​​ជាអ្នកសារព័ត៌មាន​ពិសេស​ ប្រចាំ​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ប្រទេស​ Côte d’Ivoire។ ​កាលពី​ថ្ងៃ ២១តុលា​ឆ្នាំ​២០០៣ លោក​ត្រូវ​បាន​​ប៉ូលិស​​មួយរូប​នៅ​ប្រទេស​​កូតឌីវ័រ​ធ្វើឃាត។ នៅថ្ងៃ​ចន្ទ​ទី២១តុលា​នេះ វិទ្យុបារាំង​អន្តរជាតិ ​RFI បាន​ប្រារព្ធ​​​ខួប​១០ឆ្នាំ​​​រំលឹក​ការស្លាប់​​​របស់​លោក។

ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បារាំង​​ Jean Hélène មាន​ឈ្មោះដើម​ថា Christian Baldensperger កើតថ្ងៃ​​ទី៨តុលា ឆ្នាំ​១៩៥៣ នៅ​ក្រុង​ Muhlouse ប្រទេស​បារាំង។ វិទ្យុបារាំង​អន្តរជាតិ​​​​RFI ធ្លាប់​បាន​បញ្ជូន​លោក​អោយ​ធ្វើ​​ជា​អ្នកយកការណ៍​ពិសេស​​​ នៅ​ប្រទេស​កូតឌីវ័រ​ ក្នុង​ទ្វីបអាហ្វ្រិក។ លោក​ក៏ធ្លាប់​បំរើការ​អោយ​សារព័ត៌មាន​​ប្រចាំថ្ងៃ​បារាំង​ឈ្មោះថា Le Monde ប្រចាំ​នៅ​ទីក្រុង​ Nairobi ​ប្រទេស​កេនយ៉ា​ផងដែរ។

លោក Jean Hélène ជាអ្នកសេ្នហា​ទ្វីបអាហ្វ្រិក និង​​​ធ្លាប់​ធ្វើ​ជា​​​នាយក​និពន្ធ​​ផ្នែក​អាហ្វ្រិក​ នៅ​ស្ថានីយ​វិទ្យុ​បារាំង​​​​​​RFI នៅ​ប្រទេស​បារាំង​ ចន្លោះ​​​​ឆ្នាំ​២០០១ និង​ឆ្នាំ​​២០០២។ បន្ទាប់​ពីនោះ​មក​ លោក​បាន​សំរេច​ចិត្ត​ត្រលប់​​ទៅ​អាហ្វ្រិក​​ម្តង​ទៀត។

កាលពី​ថ្ងៃ​ទី២១​តុលា ឆ្នាំ​២០០៣ នៅ​​​​ប្រទេស​​កូតឌីវ័រ​ ប៉ូលិសឈ្មោះ​ថា Théodore Seri Dago បាន​បាញ់​គ្រាប់កាំភ្លើង​ចំ​ក្បាល​របស់​លោក Jean Hélène ធ្វើអោយ​លោក​បាត់បង់ជីវិត ក្នុង​អាយុ​៥០ឆ្នាំ។ ប៉ូលិស​រូបនោះ​​ត្រូវ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​១៧ឆ្នាំ។

នៅថ្ងៃ​​ចន្ទ ទី​២១​តុលា ឆ្នាំ​២០១៣​នេះ ដើម្បីប្រារព្ធ​ខួប​១០ឆ្នាំ​ រំលឹក​ការស្លាប់​របស់​​អ្នកសារព័ត៌មានរូបនេះ ​​វិទ្យុបារាំង​អន្តរជាតិ ​​​RFI បាន​សំរេច​ដាក់​ឈ្មោះ​របស់​លោក Jean Hélène ​អោយដល់​​​បន្ទប់​ផ្សាយ​លេខ​៣២ (Studio៣២ )។ ចំណែក​​អាជ្ញាធរ​ប្រទេស​កូតឌីវ័រ​​វិញ ក៏​បាន​​បំពាក់​កិច្ច​បច្ឆាមរណៈ​ អោយ​ដល់​​អ្នកសារព័ត៌មាន​បារាំង Jean Hélène ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI