ចិន

ហុងកុង​ប្រារព្ធ​ខួប​នៃ​អំពើ​ហិង្សា​បង្ហូរឈាម​នៅ​ធានអានមេន

បណ្តាជន​ហុង​កុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​​ឧសភា ​ដើម្បីរម្លឹកវិញ្ញាណក្ខន្ធ​អ្នកស្លាប់នៅ ទីលាន ធានអានមេន
បណ្តាជន​ហុង​កុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​​ឧសភា ​ដើម្បីរម្លឹកវិញ្ញាណក្ខន្ធ​អ្នកស្លាប់នៅ ទីលាន ធានអានមេន © Reuters

ជាថ្មីម្តងទៀត កោះហុងកុង គឺ​ជា​ទីក្រុង​តែ​មួយ​គត់​របស់​ចិន​ដែល​បាន​ប្រារព្ធ​ខួប​នៃ​ការ​​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​បាតុករ​និស្សិត​ពី​សំណាក់​អាជ្ញាធរ​ចិន​ កាលពី​ឆ្នាំ ១៩៨៩ នៅ​លើ​ទី​លាន​ធានអានមេន។ មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ពិធី​នេះ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ដើម្បី​អុជ​ទាន​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​សួន​ឧស្យាន Victoria។

ផ្សាយពាណិជ្ជកម្ម

 

មនុស្សច្រើន​ម៉ឺន​នាក់​ត្រូវ​គេ​រំពឹង​ថា នឹង​ជួប​ជុំ​គ្នា​នៅ​ឯ​សួន​ឧស្យាន Victoria នៃ​ទីក្រុង​ហុងកុង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​រម្លឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ដោយ​ការបង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ពី​សំណាក់​កងកម្លាំង​ទាហាន​ចិន​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​កាលពី​២៤​ឆ្នាំ​មុន​នៅ​ទីលាន​ធានអានមេន​កណ្តាល​ទីក្រុង​ប៉េកាំង។

សម្ពន្ធ័ភាព​ហុងកុង​ដើម្បី​គាំទ្រ​ចលនា​ស្នេហាជាតិ​ និង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ចិន​ដែល​ជា​អ្នក​រៀបចំ​ពិធី​នេះ​បាន​អះអាង​ថា​នឹង​មាន​អុ្នក​ចូលរួម​ប្រមាណ​ជា​១៥​ម៉ឺន​នាក់។​ អនុប្រធាន​នៃ​សម្ពន្ធ័ភាព​នេះ​គឺ​លោក Richard Choi បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំងAFP ថា « យើង​ទាំងអស់​គ្នា រាប់​ទាំង​យុវវជន​ស្រករ​ក្រោយ​ផង​យល់​ឃើញ​ថា នេះ​ជា​សោកនាដកម្ម​មួយ​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រើ​អាវុធ​បាញ់​សម្លាប់​ប្រជាជន​ដូច​ជា​ឧក្រិដ្ឋជន »។

សូមបញ្ជាក់ថា ហុងកុងដែល​ជា​អតីត​ដែនដី​ស្ថិត​ក្រោម​អាណានិគមន៍​អង់គ្លេស​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ខែ​កក្កដា ឆ្នាំ ១៩៩៧។ ប៉ុន្តែ ដែនដី​ហុងកុង​ទទួល​បាន​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ឋានៈ​ជា​ដែនដី​ពាក់​កណ្តាល​ស្វយ័ត​ឬ​ជា​ប្រទេស​មួយ​មាន​ប្រព័ន្ធ​២។ ជាក់ស្តែង ហុងកុង​អាច​រក្សា​ទុក​រូបិយប័ណ្ណ និង​ប្រព័ន្ធ​យុត្តិធម៌ ផ្ទាល់​របស់​ខ្លួន។ លើសពីនេះ ប្រជាពលរដ្ឋ​ហុងកុង​មាន​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ទូលំទូលាយ។ កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ មនុស្ស​ជាង​១០០០នាក់​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​ពីមុខ​វិមាន​រដ្ឋាភិបាល​និង​នៅ​ពី​មុខ​ការិយាល័យ​ទំនាក់ទំនង​សាធារណរដ្ឋ​ប្រជាមានិត​ក្នុង​នាម​ជា​អ្នក​រងគ្រោះ។ ចំណែក​ឯ​ក្រុម​និស្សិត​វិញ​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពល​៣​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​ដែល​ទេសចរ​ជនជាតិ​ចិន​ចូលចិត្ត។ ពួកគេ​ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​ដូច​នឹង​អ្វី​ដែល​និស្សិត​ចិន​បាន​ធ្វើ​នៅ​លើ​ទីលាន​ធានអានមេន​កាលពី​ឆ្នាំ ១៩៨៩។​

ការស្ទង់មតិ​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ខែ​មុន​បាន​បង្ហាញ​ថា ៦៨ ភាគរយ​នៃ​ពលរដ្ឋ​ហុងកុង​បាន​ថ្កោលទោស​អាកប្បកិរិយា​របស់​រដ្ឋអំណាច​ចិន​ដែល​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នកតវ៉ា នៅ​ទីលាន​ធានអានមេន​ កាល​ពី​ថ្ងៃ​ទី​៣​និង​ទី​៤​មិថុនា ឆ្នាំ ១៩៨៩ ។ ការបង្ក្រាប​ដោយការ​ប្រើ​រថក្រោះ និង​កាំភ្លើង​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ ដែល​គេ​ចោទ​ថា​ជា​ក្រុម​អ្នក​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ចិន​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​រយ​នាក់​បាន​ស្លាប់ ក្នុង​ថ្លុក​ឈាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI