ប្រមុខការទូតខ្មែរស្នើប្រធានថ្មីរបស់ADB ជួយអភិវឌ្ឍជនបទកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ប្រធានថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Eric Sidgwick បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីលោកបានទទួលការតែងតាំងជាប្រធានធនាគារ នៅកម្ពុជា។ ប្រមុខការទូតកម្ពុជា បានស្នើអោយប្រធានថ្មីរបស់ADB ពិនិត្យមើលការងារអភិវឌ្ឍន៍នៅជនបទរបស់កម្ពុជា។
ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ ប្រធានអណត្តិថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា អោយផ្តោតលើការជួយអភិវឌ្ឍន៍តំបន់ជនបទ របស់កម្ពុជាដើម្បីការកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋមន្ត្រីការរបទេសកម្ពុជា បានលើកឡើង អំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ប្រាប់ប្រធាន ADB។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ធ្វើឡើងនៅក្នុងឱកាសជំនួបជាមួយប្រធានថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា គឺលោក Eric Sidgwick នៅព្រឹកថ្ងៃចន្ទទី២៨ មករានេះ។
យោងតាមប្រសាសន៍របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នាយកធនាគារ ADB បានប្រាប់លោកឧបនាយករដ្ឋមន្ត្រីថា បេសកកម្មរបស់លោកមកកម្ពុជា គឺការជួយកម្ពុជាក្នុងការងារកាត់បន្ថយភាពក្រីក្រនេះហើយ ហើយថាលោកនឹងពិនិត្យមើលផែនការការងាររបស់កម្ពុជាដល់ឆ្នាំ ២០៣០នោះ ដើម្បីដឹងថា តើធនាគារអាចជួយកម្ពុជាក្នុងវិស័យអ្វីខ្លះ។
អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អោយដឹងថា តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១២ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយដល់កម្ពុជា ក្នុងទឹកប្រាក់សរុបជាង ១៨០០លានដុល្លារ ដែលក្នុងនោះរួមមាន ជាង១៣០០លានដុល្លារគឺជាកំចី ជាង៣០០លានដុល្លារជាជំនួយឥតសំណង និងជាង១០០លានដុល្លារជាជំនួយបច្ចេកទេស។ លោកកុយ គួងបន្តទៀតថា សម្រាប់ឆ្នាំ២០១៣នេះ ជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមមាន ១១លាន៧សែនដុល្លារ ជាជំនួយឥតសំណង និង២១៨លានដុល្លារទៀតជាកំចី។
ចំពោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើតាមប្រសាសន៍នាំពាក្យរបស់លោកកុយ គួង ធនាគារADB គឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជា នៅក្នុងក្របខណ្ឌនៃការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គផង និងនៅក្នុងក្របខណ្ឌអាស៊ានផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ