លោក ហោ ណាំហុង ចេញទៅអាមេរិកល្ងាចនេះ បន្ទាប់ពីខកជើងយន្តហោះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងគណៈប្រតិភូ បានចាកចេញពីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក នាថ្ងៃទី១២ ខែមិថុនា។ ប្រមុខការទូតកម្ពុជាគ្រោងចេញដំណើរកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែបានខកដំណើរទៅវិញ ដោយសារតែការពន្យារពេលនៃជើងយន្តហោះ។ យ៉ាងណាក៏ដោយការខកខាននេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនោះទេ។
ប្រតិភូកម្ពុជាដឹកនាំដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានចាកចេញពីភ្នំពេញ នៅល្ងាចថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកស្របតាមការអញ្ជើញ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ តាមការគ្រោងទុក ប្រមុខការទូតកម្ពុជាគ្រោងចេញដំណើរកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែ ការពន្យារពេលជាបន្តបន្ទាប់នៃជើងយន្តហោះក្រុមហ៊ុន Silk Air របស់សាំងហ្គាពួរបានធ្វើឲ្យប្រតិភូកម្ពុជាខកដំណើរទៅវិញ។
យ៉ាងណាក៏ដោយ ការខកខាននេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះទេ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ឲ្យដឹងថា គម្រោងនៃកិច្ចពិភាក្សា និងរបៀបវារៈដែលបានគ្រោងទុកគ្មានអ្វីប្រែប្រួលទេ។ តាមគម្រោង លោកហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន ស្តីពីការពង្រឹងចំណងទាក់ទងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងវ៉ាស៊ីនតោន ក៏ដូចជាបញ្ហាក្នុងតំបន់ និងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានផងដែរ។
ក្រៅពីនោះ លោក ហោ ណាំហុង ក៏នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយលោក ជីម វេប (Jim Webb) សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការកិច្ចការអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា និងលោក ដានីញែល រូស្ស៊ែល (Daniel Russel) ជំនួយការពិសេសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា។ ប្រមុខការទូតកម្ពុជាក៏គ្រោងនឹងថ្លែងសុន្ទរកថាស្តីពី “ការអភិវឌ្ឍន៍នៅកម្ពុជា និងទំនាក់ទំនងកម្ពុជា- អាមេរិក”នៅឯមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក ហោ ណាំហុង ទៅកាន់សហរដ្ឋអាមេរិកនៅពេលនេះបានធ្វើឡើងតាមការអញ្ជើញរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក។ ក្នុងលិខិតចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ លោកស្រីប្រមុខការទូតអាមេរិកបានអញ្ជើញលោកហោ ណាំហុង ទៅបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែមិថុនា។ លោកស្រី គ្លីនតុន បានបញ្ជាក់ក្នុងលិខិតថា ទស្សនកិច្ចនេះគឺជាឱកាសដ៏សំខាន់មួយ ដើម្បីរិះរកផ្លូវសម្រាប់ឲ្យអាមេរិក និងកម្ពុជាធ្វើការរួមគ្នា សំដៅពង្រីកទំនាក់ទំនងទ្វេភាគី និងជំរុញគោលដៅរួមក្នុងតំបន់ក្នុងអំឡុងពេលដែលកម្ពុជាកំពុងធ្វើប្រធានអាស៊ាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ