អានតួអត្ថបទ
​អាមេរិក

ភេររវកម្ម ១១កញ្ញា​៖ ១០ឆ្នាំ​ដែល​អាមេរិក​លង់ខ្លួន​ក្នុង​​សង្រ្គាម​ប្រឆាំង​អាល់កៃដា

អគារ​ពាណិជ្ជុកម្ម​ភ្លោះ​ត្រូវ​យន្តហោះ​របស់​ភេរវជន​អាល់កៃដា​បើកបុក​បំផ្ទុះ នៅថ្ងៃ​ទី ១១ កញ្ញា ២០០១
អគារ​ពាណិជ្ជុកម្ម​ភ្លោះ​ត្រូវ​យន្តហោះ​របស់​ភេរវជន​អាល់កៃដា​បើកបុក​បំផ្ទុះ នៅថ្ងៃ​ទី ១១ កញ្ញា ២០០១ ©Reuters
ដោយ៖ ឈាង បុប្ផា
2 នាទី

អំពើភេរវកម្ម​ទៅ​លើ​អគារ​ពាណិជ្ជកម្ម​ភ្លោះ នៅទីក្រុង​ញូវយ៉ក និង​ទៅលើ​មន្ទីរបញ្ចកោណ​ថ្ងៃ​ទី ១១ កញ្ញា ២០០១​បាន​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាពិសេស​ដល់​ជីវិត​មនុស្ស និង​ការរបៀបរបប​រស់នៅ និង​បាន​ធ្វើ​ឲ្យ​នយោបាយសន្តិសុខ​​​របស់​ប្រទេស​​​ក្នុង​ពិភពលោក​បាន​ប្រែប្រួល។

ផ្សាយពាណិជ្ជកម្ម

 

បញ្ហា​សិទ្ធិសេរីភាព និង​សន្តិសុខ​ត្រូវ​បាន​ផ្លាស់ប្តូរ​ខ្លាំង​ដោយ​ភេរវកម្ម ១១ កញ្ញា ២០០១។ នៅមុន ភេរវកម្ម ១១​កញ្ញា គេ​មិន​ដែល​ឃើញ​ប៉ូលិស​ដើរល្បាត ច្រើន​នៅកន្លែង​សាធារណៈ គ្មាន​កាម៉េរ៉ា​ត្រួតពិនិត្យ គ្មាន​ការលួចចូល​យក​ព័ត៌មាន​ផ្ទាល់ខ្លួន នៅក្នុង​សារ​អេឡិចត្រូនិក ឬមួយ​ក៏​គ្មាន​ការហាម​មិន​ឲ្យ​យក​ទឹក ឬ​វត្ថុ​ជាតិរាវ ចូល​ក្នុង​យន្តហោះ។

ប៉ុន្តែ ចាប់តាំងពី​ភេរវកម្ម ១១​កញ្ញា ដោយសារ​តែ​ពួក​ភេរវជន​បាន​ប្រើយន្តហោះ ដើម្បី​ធ្វើ​ភេរវកម្ម ​ ការត្រួតពិនិត្យ នៅ​ព្រលាន​យន្តហោះ នៅគ្រប់កន្លែង គ្រប់ប្រទេស ត្រូវ​ធ្វើឡើង​តឹងតែង​ជាងមុន។ ឧទាហរណ៍ ដូចជា គេ​ត្រូវ​ដោះស្បែកជើង នៅក្នុង​ពេល​ឆ្លងកាត់​កន្លែងត្រួតពិនិត្យ នៅ​ព្រលាន​យន្តហោះ ព្រោះថា ប៉ូលិស​ធ្លាប់​ចាប់បាន​ជនសង្ស័យម្នាក់​ដែល​បាន​លាក់គ្រឿងផ្ទុះ​នៅក្នុង​បាតស្បែកជើង​របស់ខ្លួន។ ខុសពីពេលមុន គេមិនអាច​យក​ចូល​យន្តហោះ​សូម្បី កន្រ្តៃ​កាត់ក្រចក ព្រោះ​អំពើភេរវកម្ម ១១​កញ្ញា​បង្ហាញ​ហើយថា ក្រុមភេរវជន​អាល់កៃដា ដែល​បាន​ចូល​បញ្ជា​យន្តហោះ​ទៅ​បុក​អគារភ្លោះ កាលណោះ ប្រើតែ​គ្រឿងមុត​ខ្នាតតូច។ ពេលថ្មីៗនេះទៀត ព្រលាន​យន្តហោះ​អាមេរិកាំង និង​អង់គ្លេស​បាន​បំពាក់​ម៉ាស៊ីន​ឆ្លុះខ្លួន ដើម្បី​ដឹងថា តើ​អ្នកធ្វើដំណើរ​មាន​លាក់គ្រឿង ដែល​គេចាត់ទុក​ថា អាច​បង្ក​ភេរវកម្ម​ក្នុង​យន្តហោះ ​ដែរឬទេ។

វិធានការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​ធ្វើឡើង​ក្រោម​ Le Patriot Act ច្បាប់​ប្រឆាំង​ភេរវកម្ម ដែល​បង្កើតឡើង ដោយ ប្រធានាធិបតី​Bush គឺ​នៅ​ពីរខែ​ក្រោយ​អំពើភេរវកម្ម​ប្រឆាំង​អគារភ្លោះ នៅញូវយ៉ក អាមេរិក។

ច្បាប់នេះ​ត្រូវ​គេ​មើលឃើញថា ប៉ះពាល់ខ្លាំង​ដល់​សិទ្ធិសេរីភាព​បុគ្គល។ ឧទាហរណ៍ដូចជា ភ្នាក់ងារ​ស៊ើបការសម្ងាត់​អាច​ចូលត្រួតពិនិត្យ​មើល​ទិន្នន័យ ប្រវត្តិរូប​របស់​បុគ្គល​ម្នាក់ៗ។អាជ្ញាធរ​អាច​លួច​ស្តាប់​ការសន្ទនា​តាមទូរស័ព្ទ ចូលមើល​ សារ​អេឡិចត្រូនិក​mail របស់​មនុស្ស​គ្រប់រូប ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាត។ លើសពីនោះ ប៉ូលិស​អាច​ចាប់ឃុំខ្លួន​មនុស្ស ពេលណា​ក៏បាន ក្នុង​រយៈពេលវែង​ប៉ុណ្ណា ក៏ដោយ ដោយ​ហេតុផល​ថា ជនសង្ស័យ​ទាក់ទង​ភេរវកម្ម គឺ​ជាជន​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ ចំណាត់ការ​បែបនេះ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រងគ្រោះ ជាពិសេស​គឺ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ អ្នកកាន់សាសនា​អ៊ីស្លាម​ទាំងនៅអាមេរិក និង​នៅបរទេស​ជា​ផ្ទាំងស៊ីប​របស់​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ ដោយ​មូលហេតុ​ថា ពួកភេរវជន​បញ្ជា​យន្តហោះ​បុកអគារភ្លោះ គឺ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម។

សំណល់​អគារ​ភ្លោះ​ពាណិជ្ជុកម្ម​ឆេះក្រោយ​យន្តហោះ​បញ្ជា​ដោយ​ពួកអាល់កៃដា​បើកបុក
សំណល់​អគារ​ភ្លោះ​ពាណិជ្ជុកម្ម​ឆេះក្រោយ​យន្តហោះ​បញ្ជា​ដោយ​ពួកអាល់កៃដា​បើកបុក

មួយខែក្រោយ ភេរវកម្ម ១១​កញ្ញា អាមេរិក​វាយលុក​ចូលអាហ្វហ្កានិស្ថាន​ដើម្បីចាប់​បិនឡាដិន
គឺ​ភេរវកម្ម​១១​កញ្ញានេះ​ដែល​ធ្វើ​ឲ្យ​អាមេរិក​ចាប់ផ្តើម​សង្រ្គាម​ប្រឆាំង​ពួកភេរជន​នៅអាហ្វហ្កានិស្ថាន នៅឆ្នាំ ២០០១ និង​បន្ទាប់មកនៅ​អៀរ៉ាក់។ ទ័ពអាមេរិក​បាន​ចូលទៅ​ធ្វើ​សង្រ្គាម នៅអាហ្វហ្កានិស្ថាន រហូត​បណ្តេញ​ពួកតាលីបង់​ចេញពី​រដ្ឋាភិបាល និង​បាន​ក្លាយ​ជា​ពួកឧទ្ទាម​រហូតមក។

មូលហេតុ​ដំបូងឡើយ គឺ​រដ្ឋាភិបាល​តាលីបង់​បាន​ប្រកាស​ការពារ និង​មិន​ព្រម​ប្រគល់​អូសាម៉ា បិនឡាដិន ទៅ​ឲ្យ​អាមេរិក។ អូសាម៉ា បិនឡាដិន មេបណ្តាញ​អាល់កៃដា ដែល​បាន​ចេញមុខ​ប្រកាស​ថា ខ្លួន​ជា​អ្នកបញ្ជា​ក្រុមភេរវជន​ទៅ​បំផ្លាញ​អគារ​ពាណិជ្ជកម្ម​ភ្លោះ​អាមេរិក។ រហូត​មកដល់​សព្វថ្ងៃនេះ គឺ​វាមាន​រយៈពេល ១០​ឆ្នាំហើយ ដែល​កងទ័ព​អាមេរិក និង​អូតង់ ជាង ១សែននាក់​ត្រូវ​ពង្រាយ រក្សា​សន្តិសុខ ទប់ទល់​នឹង​ការវាយប្រហារ​របស់​ពួកតាលីបង់​ដែល​កើតមាន មិនសូវលោះថ្ងៃ នៅអាហ្វហ្កានិស្ថាន។

ក្នុង​សង្រ្គាម ប្រឆាំង​ក្រុមភេរវជន​ដែរ ​អាមេរិក​ដែល​សង្ស័យ​ដែរថា ពួកអាល់កៃដា របស់​អូសាម៉ា បិនឡាដិន​ធ្វើការ​ទាក់ទង​ជាមួយ​សាដាម ហ៊ូសេន បាន​ចាប់ផ្តើម​វាយលុកលុយ​ចូល​ប្រទេស​អៀរ៉ាក់ទៀត នៅឆ្នាំ ២០០៣ ដោយប្រើ​ហេតុផលថា រដ្ឋាភិបាល​របស់​សាដាម មាន​លាក់​អាវុធ​គីមី​ប្រល័យលោក។ លោកសាដាម​ត្រូវអាមេរិកចាប់បាន ប្រគល់ខ្លួន​ឲ្យ​តុលាការ​ក្នុងស្រុក​កាត់ទោស​ប្រហារជីវិត ដោយព្យួរក។

ដោយអាង​នយោបាយ​ប្រឆាំង​ភេរវកម្ម អាមេរិក​ក៏​បាន​បង្កើត​ផងដែរ គុក Guatanamo នៅកោះ​មួយ​របស់​គុយបា ដែល​នៅទីនោះ ជនសង្ស័យ ជា​ភេរកជន​និយម​ត្រូវ​ចាប់ឃុំ​ខ្លួន ធ្វើ​ទារុណកម្ម និង​សួរចម្លើយ។ អាមេរិក​នៅបាន​សហការជាមួយ​ប្រទេស ជាច្រើន ដើម្បី​ផ្ទេរ និង​ចាប់ជន​សង្ស័យ ក្នុង​ទឹកដី​បរទេស ដោយ​មិន​ឲ្យ​ខុសនឹង​ច្បាប់​អន្តរជាតិ។

 

បិនឡាដិន មេបណ្តាញ​អាល់កៃដា​ត្រូវ​កងកុម្ម៉ង់ដូរ​អាមេរិក​បាញ់​សម្លាប់​នៅខែ​ឧសភា ឆ្នាំ ២០១១ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន
បិនឡាដិន មេបណ្តាញ​អាល់កៃដា​ត្រូវ​កងកុម្ម៉ង់ដូរ​អាមេរិក​បាញ់​សម្លាប់​នៅខែ​ឧសភា ឆ្នាំ ២០១១ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ©Reuters

អាមេរិក លង់ខ្លួន​ក្នុង​សង្រ្គាមប្រឆាំង​ពួកភេរវនិយម

អាមេរិក​ខំប្រឹង​តាមប្រមាញ់​អូសាម៉ា បិនឡាដិន មេដឹកនាំ​បណ្តាញអាល់កៃដា ដែល​ជាមេបញ្ជា​ឲ្យ​មាន​ភេរវកម្ម បំផ្លាញ​ប្រយោជន៍​អាមេរិក។ នៅទីបំផុត អាមេរិក ​ក៏បាន​បាញ់សម្លាប់​បិនឡាដិន កាលពី​ខែ​ឧសភា​កន្លងទៅនេះ។ ប៉ុន្តែ សួរថា តើ​អំពើភេរវកម្ម​ស្លាប់បាត់​ទៅ​ជាមួយ​បិនឡាដិន ឬយ៉ាងណា? គ្មានបិនឡាដិន បណ្តាញ​អាល់កៃដា ចុះខ្សោយ​បន្តិច ប៉ុន្តែ ជាមួយ​គ្នានេះ ក្រុមអ៊ីស្លាម​ជ្រុលនិយម ក្នុង​ពិភពលោក ដែល​បាន​ចេញមុខ​គាំទ្រ​បុព្វហេតុ​របស់​បិនឡាដិន ប្រឆាំង​ការឈ្លានពានបរទេស​ ក៏​បាន​ចេញ​ធ្វើ​ភេរវកម្ម បំផ្ទុះ​បំផ្លាញ​ទីតាំង​របស់​ប្រទេស​លោកខាងលិច។ រាល់​បំផ្ទុះ​គ្រាប់បែក ពួកឧក្រិដ្ឋជន​ទាំងនោះ​តែងភ្ជាប់ខ្លួន ទៅ​បណ្តាញ​អាល់កៃដា ឬ​ក៏​ត្រូវ​ក្រុមភ្នាក់ងារ​ស៊ើបការសម្ងាត់​អាមេរិក​រកឃើញ​ថា មាន​ជាប់ទាក់ទង​នឹង​បិនឡាដិន។

ចាប់តាំងពី​អាមេរិក​ប្រកាស​សង្រ្គាម​ប្រឆាំង​បិនឡាដិន ក្រោយ​ភេរវកម្ម ១១​កញ្ញា គេរាប់ឃើញ​ភេរវកម្ម​ធំៗ ធ្វើ​ឡើង​ប្រឆាំង​ប្រទេស​លោកខាងលិច។ ភេរវកម្ម​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​ក្នុង​រង្គសាល នៅកោះបាលី ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ ២០០២ បាន​សម្លាប់មនុស្សជាង ២០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អូស្ត្រាលី។ ភេរវកម្ម​នៅទីក្រុង​បាដាត ឆ្នាំ ២០០៣។ ពួក​អ៊ីស្លាមជ្រុលនិយម បាន​រៀបចំ​គ្រឿង​ផ្ទុះ​នៅ ១០​កន្លែង ដែល​ផ្ទុះ​បន្តបន្ទាប់គ្នា ក្នុង​ទីក្រុង​Madrid ប្រទេស​អេស្ប៉ាញ សម្លាប់​មនុស្សជិត ពីររយនាក់។ បន្ទាប់មកទៀត គឺ ភេរវកម្ម​របស់​​ភេរវជន​អត្តឃាត​នៅចំកណ្តាល​ទីក្រុង​ឡុងដ៍​បានធ្វើ​ឲ្យ​មនុស្ស​ជាង ៥០​នាក់ស្លាប់។

និងចុងក្រោយ គឺ​ភេរវកម្ម​ប្រឆាំង​សណ្ឋាគារ​ទំនើប ដែលសំបូរជនបរទេស​ស្នាក់នៅ នៅទីក្រុង​ប៊ុមបៃ ដែល​សម្លាប់មនុស្ស​ជិត​ពីររយនាក់។ គឺ​ពួកអ៊ីស្លាមជ្រុលនិយម មកពី​ប្រទេស​ប៉ាគីស្ថាន ដែល​ជាអ្នកបង្ក​អំពើភេរកម្ម។ សង្រ្គាម​ប្រឆាំង​ភេរវកម្ម​បាន​ក្លាយ​ទៅ​ជា​សង្រ្គាម​ប្រឆាំង​ពួកបះបោរ ​អ៊ីស្លាម​ជ្រុលនិយម។

អាមេរិក​ចំណាយ​លុយ​២ពាន់​លាន​ក្នុង​មួយ​សប្តាហ៍ដើម្បី​ទាហាន​អាមេរិកាំង និង​ប៉ូលិស​ក្នុង​ស្រុក ​នៅអាហ្វហ្កានិស្ថាន
អាមេរិក​ចំណាយ​លុយ​២ពាន់​លាន​ក្នុង​មួយ​សប្តាហ៍ដើម្បី​ទាហាន​អាមេរិកាំង និង​ប៉ូលិស​ក្នុង​ស្រុក ​នៅអាហ្វហ្កានិស្ថាន

អាមេរិក​ចំណាយ​លុយ ៤ ០០០ ពាន់​លាន​ដុល្លារក្នុង​សង្រ្គាមនៅអាហ្វហ្កានិស្ថាន និង​អៀរ៉ាក់
អាមេរិក ទទួលស្គាល់​ថា សង្រ្គាម​ប្រឆាំង​ភេរវកម្ម សង្រ្គាមគ្មាន​ថ្ងៃ​បញ្ចប់ ពោលគឺ​ដរាប​ណា​សន្តិសុខ​អាមេរិក​នៅតែ​ទទួល​រងការគំរាមកំហែង​ពីភេរវជន។

ក្នុង​រយៈពេល ១០​ឆ្នាំនេះ អាមេរិក​បានធ្វើ​សង្រ្គាម​ប្រឆាំង​ភេរជននិយម នៅក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន នៅអៀរ៉ាក់ ដែល​ធ្វើ​ទ័ពអាមេរិក​ជាង ៦ ពាន់​នាក់​ស្លាប់។ នេះ គេ​នៅមិន​បាន​គិត​ដល់​ប្រជាជន​ស៊ីវិល អាហ្វហ្កានិស្ថាន អៀរ៉ាក់ ឬ​ប៉ាគីស្ថាន ដែល​ត្រូវ​រងគ្រោះ​ក្នុង​ប្រតិបត្តិការ​របស់​អូតង់ ប្រឆាំង​ពួកភេរវជន។ ហើយ​ក្នុង​រយៈពេល ១០ឆ្នាំ សង្រ្គាម​ប្រឆាំង​ភេរវកម្ម​បាន​ធ្វើ​ឲ្យ​អាមេរិក ចំណាយ​លុយ​អស់​ជិត ៤រយ ម៉ឺន លាន​ដុល្លារ គឺ​ច្រើន​ជាង​ចំណាយ សម្រាប់​សង្រ្គាម​លោកលើកទីពីរ ទៅទៀត។

ដោយសារ ការបាត់បង់​ជីវិត​ទាហាន​អាមេរិក រាប់ពាន់នាក់ និងការចំណាយ​រិបសិបម៉ឺន​លាន​ដុល្លារ ក្នុង​សង្រ្គាម​ដែល​មិនចេះចប់ ប្រជាជន​អាមេរិក​ចាប់ផ្តើម​ចោទ​សួរ​តើ សង្រ្គាម​ប្រឆាំង​ភេរវកម្ម​អាច​នាំ​ចំណេញ​អ្វីខ្លះ​ដល់អាមេរិក។ តើអាមេរិក​នៅ​សុខចិត្ត​​ចាយលុយ​រាប់សិបម៉ឺន​លាន​ដើម្បី​បន្ត សង្រ្គាម គ្មាន​ទីបញ្ចប់ ឬយ៉ាងណា?

ប្រជាជន​អាមេរិក​ធ្លាប់​បាន​គាំទ្រ​រដ្ឋាភិបាលរបស់​លោកប៊ូស ដែល​បាន​ចេញមុខ​ប្រឆាំង​នឹង​ភេរវជន ​សងសឹក​ឲ្យ​ប្រជាជន​អាមេរិក​ជាង ៣ពាន់នាក់​ដែល​ស្លាប់នៅក្នុងហេតុការណ៍​ភេរវកម្ម ១១​កញ្ញា។

ប៉ុន្តែ សង្រ្គាមបង្ហូរឈាម ​រយៈពេល​វែង និង​រន្ធត់​បាន​ត្រឹម​តែ​បំផ្លាញ​ឲ្យ​អាមេរិក​ចុះខ្សោយ។ គ្រួសារ​ជនរងគ្រោះ និង​ទាហាន​អាមេរិក​ដែល​បញ្ជូន​ត្រលប់​មក​ពីធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានិស្ថាន និង​អៀរ៉ាក់ ក៏​មាន​ជម្ងឺផ្លូវចិត្ត ដែល​ជា​បន្ទុក​សង្គមធ្ងន់ធ្ងរ​សម្រាប់អាមេរិក។ នៅក្នុង​ពេល​ជួប​វិបត្តិសេដ្ឋកិច្ច អាមេរិក​នៅបន្តខ្ចីលុយ​គេ​ដើម្បី​ចំណាយ​លើទ័ព​នៅអាហ្វហ្កានិស្ថាន និង​នៅ​ប៉ាគីស្ថាន។

ប្រជាជន​អាមេរិក ​នឿយណាយ នឹង​សង្រ្គាម។ អ្នកខ្លះគិតថា បន្ត​ធ្វើសង្រ្គាម​ប្រឆាំង​ភេរវកម្ម គឺ​ដូចជា​ញុះញង់​ឲ្យ​គេស្អប់អាមេរិក កាន់តែខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ