កម្ពុជា

តំណាងរាស្ត្រ​អាមេរិក​ស្នើ​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

តំណាងរាស្ត្រ​អាមេរិក​ស្នើ​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ការជួញដូរ​មនុស្ស។
តំណាងរាស្ត្រ​អាមេរិក​ស្នើ​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ការជួញដូរ​មនុស្ស។ REUTERS/Jim Bourg

តំណាងរាស្ត្រ​​អាមេរិក​​លោក​ Ed Royce​ បាន​​ស្នើ​​អោយ​​មាន​​ការ​​ទម្លាក់ចំណាត់​ថ្នាក់​​កម្ពុជា​​ទៅ​​ដល់​​ក្រុម​​លេខ​​៣​​ ក្នុង​​វិស័យ​​ការ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស។ ​ចំណាត់​ថ្នាក់​​លេខ​​បី​​គឺ​​ជា​​ចំណាត់​ថ្នាក់​​ដែល​​តំណាង​​អោយ​​ក្រុម​​ប្រទេស​​ដែល​​ មិន​​បាន​​ប្រឹងប្រែង​​ប្រយុទ្ធ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​ទាល់​តែ​​សោះ។​ អ្នក​​នាំ​​ពាក្យ​​ស្ថានទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​​​ថ្លែង​​កម្ពុជា​​គួរ​​តែ​​ ខិត​ខំ​​ប្រឹងប្រែង​​ប្រសិន​បើ​​នៅ​​មាន​​ចំណុច​​ខ្សោយ​​មែន​​នោះ។​

ផ្សាយពាណិជ្ជកម្ម

សមាជិក​សភា​អាមេរិក​លោក​ Ed Royce​បាន​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ក្នុង​សភា​មួយ​កាល​ពី​ថ្ងៃ​៥​តុលា​ស្នើ​អោយ​អាមេរិក​ទម្លាក់​ឋានៈ​កម្ពុជា​ទៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស។ ចំណាត់​លេខ​៣​ដែល​តំណាង​អោយ​ប្រទេស​ដែល​មិន​បាន​ខិតខំ​ប្រឹងប្រែង​ទាល់​តែ​សោះ​ក្នុង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ហើយ​ថា​ប្រទេស​ដែល​ស្ថិត​ក្នុង​កម្រិត​ចំណាត់​ថ្នាក់​លេខ​៣​នេះ នឹង​មិន​អាច​ទទួល​បាន​ជំនួយ​ពី​អាមេរិក​ឡើយ។

សមាជិក​សភា​អាមេរិក​លោក Royce​បាន​ថ្លែង​យោង​ទៅ​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០១១​របស់​​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ផ្សាយ​ថា កម្ពុជា​មិន​បាន​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​នោះ​ឡើយ។ លោក​ Ed Royce​បាន​អត្ថាធិប្បាយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដោះស្រាយ​ ​អោយ​បាន​គ្រប់គ្រាន់​បញ្ហា​ការ​ជួញដូរ​ ហើយ​ថា​អំពើ​ពុក​រលួយ​​ដែល​កំពុង​រីករាលដាល​បាន​ធ្វើ​អោយ​ទំរង់​នៃ​ទាសភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

មិន​អាច​ទាក់ទង​មន្ត្រី​កម្ពុជា​ដើម្បី​ប្រតិកម្ម​តប​ទៅ​ការ​លើក​ឡើង​របស់​សមាជិក​សភា​អាមេរិក​បាន​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោកស្រី​ Michelle Bennett បាន​អត្ថាធិប្បាយ​ថា ប្រសិនជា​កម្ពុជា​នៅ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​​អប្បបរមា​នៃ​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​នោះ​មែន កម្ពុជា​គួរ​តែ​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ចាំបាច់​ដើម្បី​អនុវត្តការងារ​ទាំងនោះ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះ កម្ពុជា​តែង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​​ចុះឡើង​រវាង​កម្រិត​ថ្នាក់​លេខ​២​និង​លេខ​៣​នេះ​ឯង​ក្នុង​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI