កម្ពុជា​

កោះ​ពេជ្រ ៖​គណបក្ស​សិទ្ធិ​មនុស្ស​ស្នើ​សុំ​​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ

ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្ម
ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្ម © Reuters

តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​ស្នើ​សុំ​អោយ​រដ្ឋាភិបាល​បង្កើត​ គណៈកម្មាធិការ​ឯករាជ្យ​ស្រាវជ្រាវ​រឿង​ករណី​ស្លាប់​នៅ​កោះ​ពេជ្រ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ទាត់​ចោល​ដោយ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​បាន​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​ថ្មី​មួយ​ផ្សេង​ទៀត​ដើម្បី​ស៊ើបអង្កេត​ឧប្បត្តិហេតុ​ដែល​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ជាង​៣០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ។ការ​ស្នើសុំ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ និង​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​កាល​ពី​ដើម​សប្ដាហ៍​កន្លងមក​នេះ។

 
លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​តាម​ទូរស័ព្ទ​មក​ថា ការ​ស្នើ​សុំ​អោយ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ផ្សេង​ទៀត​ ពីព្រោះ​លោក​យល់​ឃើញ​ថា គណៈកម្មាធិការ​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​ក្រោយ​មហា​សោកនាដកម្ម​នោះ​មិន​ទទួល​បាន​ការ​ជឿជាក់​ទាំងស្រុង​ពី​ប្រជាពលរដ្ឋ​ឡើយ។ លោក​តំណាងរាស្ត្រ​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​រៀបចំ​ខ្លួន​ឯង​ហើយ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​ខ្លួន​ឯង​មិនអាច​រក​ការពិត​ឃើញ​នោះ​ទេ។

ក្រោយ​ពី​ព្រឹត្តិការណ៍​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ជាង​៣០០​នាក់​​ភ្លាម​មក ​រាជរដ្ឋាភិបាល​បាន​បញ្ជា​អោយ​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ និង​អនុ​គណៈកម្មាធិការ​ចំនួន​បី​ផ្សេង​ទៀត​ដើម្បី​ធ្វើការ​និង​ស៊ើប​អង្កេត​រក​មូលហេតុ​ចម្បង​ដែល​បណ្ដាល​អោយ​មាន​សោកនាដកម្ម​នេះ។ លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ពិសេស​នោះ។

 
លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​បាន​បន្ត​ទៀត​ថា ប្រសិនបើ​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នោះ ពេលនោះ​ប្រជាពលរដ្ឋ​ទាំងមូល​ពិតជា​មិន​មាន​ភាព​មន្ទិល​សង្ស័យ​ទៀត​ឡើយ។

 
លោក អ៊ូ ច័ន្ទឫទ្ធិ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ដែល​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា មន្ត្រី​ទទួល​ខុស​ត្រូវ​ទាំង​នោះ​ធ្វើការ​ធ្វេសប្រហែស​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​យ៉ាង​នេះ​លោក​ស្នើ​សុំ​អោយ​រដ្ឋាភិបាល​បញ្ជូន​ជន​ទាំងនោះ​ទៅកាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ឆ្លើយតប​ទៅ​ការ​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស លោក ញឹម វណ្ណដា សមាជិក​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចោទ​ជា​សំណួរ​ថា បង្កើត​គណៈកម្មាធិការ​ថ្មី​ធ្វើអ្វី​បើ​គណៈកម្មាធិការ​ពិសេស​បាន​បង្កើត​រួច​ហើយ​និង​ធ្វើការ​​បាន​ច្រើន​ហើយ​នោះ។

លោក ញឹម វណ្ណដា បាន​និយាយ​របៀប​ផ្ចាញ់​ទៅកាន់​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​បន្តិច​វិញ​ថា ពួកគេ​គួរ​ចំណាយ​ពេល​អោយ​បាន​ច្រើន​បន្តិច​ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​នៅ​កន្លែង​កើត​ហេតុ​និង​នៅ​មន្ទីរពេទ្យ​ជាជាង​ចាំតែ​រិះគន់​នោះ។

លោក ញឹម វណ្ណដា បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​ស្លាប់​​មនុស្ស​ជាង​៣០០​នាក់​នេះ​គឺ​បណ្ដាល​មកពី​មូលហេតុ​ចម្បង​មួយ​ចំនួន​ក្នុង​នោះ​មាន ៖ ការ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​និង​ការ​ផ្អើល​ជាន់គ្នា​ដោយសារ​ការ​ឆោឡោ​ថា​ស្ពាន​យោល​បាន​បាក់។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ក៏​មតិ​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ក្នុង​ចំនួន​ច្រើន​យ៉ាង​នេះ​គឺ​ដោយសារ​កង្វះខាត​បច្ចេកទេស​ជួយ​សង្គ្រោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI