សហភាពអឺរ៉ុបប្រកាសការពារអ្នកកាសែតដែលរាយការណ៍ព័ត៌មានស្តីពីសិទ្ធិមនុស្ស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសថា សហភាពអឺរ៉ុបនឹងការពារអ្នកកាសែត ក្នុងករណីដែលអ្នកកាសែតរូបណាត្រូវបានឃាត់ខ្លួន ដោយទាក់ទងនឹងសេចក្តីរាយការណ៍របស់ពួកគេក្នុងប្រធានបទសិទ្ធិមនុស្ស។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលមួយដែល និយាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតួនាទីនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី១០មីនានេះ។
សេចក្តីរាយការណ៍របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
ក្នុងករណីដែលអ្នកកាសែតណាម្នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន ព្រោះតែសេចក្តីរាយការណ៍របស់ខ្លួន ក្នុងគោលដៅការពារវិស័យសិទ្ធិមនុស្ស សហភាពអឺរ៉ុបនឹងចេញមុខជួយការពារអ្នកកាសែតរូបនោះ។ នេះជាជំហររបស់សហភាពអឺរ៉ុបដែលត្រូវបានប្រកាសដោយភារៈធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក រ៉ាហ្វាអែល ដូចោ ម៉ូរ៉េណូ។ ភារៈធារីសហភាពអឺរ៉ុបបានថ្លែងផ្តល់ការធានាយ៉ាងនេះ នៅពីមុខអ្នកសារព័ត៌មានប្រមាណ៥០រូប ដែលត្រៀមចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពីតួនាទីអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
សំរាប់តំណាងសហភាពអឺរ៉ុប អ្នកកាសែត គឺជាក្រុមអ្នកការពារសិទ្ធិមនុស្សដែលសហភាពអឺរ៉ុបត្រូវយកចិត្តទុកដាក់ និងបានកំណត់គោលដៅដែលសហភាពអឺរ៉ុបត្រូវការពារ។ ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុបផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់វគ្គបណ្តុះបណ្តាលអ្នកកាសែតក្នុងវិស័យសិទ្ធិមនុស្សនេះ។
អ្នកកាសែតចំនួន៥០នាក់ត្រូវបានជ្រើសរើសអោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពីតួនាទីអ្នកសារព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការឧបត្ថម្ភរបស់សហភាពអឺរ៉ុប។ វគ្គបណ្តុះបណ្តាលនេះមានចំនួន២វគ្គ ដែលក្នុងមួយវគ្គសិក្សាមានរយៈពេល៥ថ្ងៃ។ អ្នកកាសែតមានបទពិសោធន៍ អ្នកជំនាញសិទ្ធិមនុស្ស និងអ្នកច្បាប់ត្រូវបានអញ្ជើញអោយធ្វើបទអន្តរាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាលដ៏កម្រនេះ។
ការលើកកម្ពស់សិទ្ធិមនុស្ស គឺជាតួនាទីរបស់អ្នកកាសែតនៅក្នុងសង្គមប្រជាធិបតេយ្យ នេះគឺជាការលើកឡើងរបស់លោកប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ លោក ប៉ែន សមិទ្ធិបានលើកទឹកចិត្តអោយអ្នកកាសែត បង្កើនភាពក្លាហាននៅក្នុងការធ្វើសេចក្តីរាយការណ៍របស់ខ្លួនអំពីបញ្ហានានាដែលមានឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានមកលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកកាសែតបានអំពាវនាវអោយអ្នកកាសែតចាប់អារម្មណ៍ផ្តល់ព័ត៌មានអំពីករណីខ្វះខាតស្បៀង ការបោះបង់ចោលការសិក្សា ដែលទាំងនេះគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ លោក ធន សារាយ ក៏បានស្នើអោយសារព័ត៌មានគោរពអត្តសញ្ញាណជនរងគ្រោះនៅក្នុងបទល្មើសអ្វីមួយ ដោយមិនត្រូវបញ្ចេញអត្តសញ្ញាណនោះជាសាធារណៈ ក្នុងករណីដែលអត្តសញ្ញាណនោះបង្កការប៉ះពាល់ដល់កិត្តិយសរបស់ជនរងគ្រោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ