អានតួអត្ថបទ
កម្ពុជា​-​ចិន

លោក ហ៊ុន សែន នឹង​ចុះ​ហត្ថលេខា​ចំនួន​១៥​ឯកសារ​រក​ជំនួយ​ចិន

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ទទួល​គារវកិច្ច​ដោយ​នាយក​រដ្ឋមន្ត្រី​​ចិន ​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​ប៉េកាំង
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ទទួល​គារវកិច្ច​ដោយ​នាយក​រដ្ឋមន្ត្រី​​ចិន ​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​ប៉េកាំង © Reuters
ដោយ៖ លាង ដឺលុច
១៦ នាទី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ដ៏​ធំ​មួយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ ឯកសារ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ និង​ជំនួយ​ចំនួន​១៥​ឯកសារ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​នៅ​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ក្នុង​ចំណោម​ឯកសារ​ទាំងនោះ​ក៏​មាន​កិច្ចព្រមព្រៀង​វិនិយោគ​លើ​ការ​កសាង​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​តម្លៃ​ជាង​៣០០​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ទៅ​ដល់​ប្រទេស​ចិន​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ធ្នូ​នេះ ដើម្បី​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៥​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ។ ជា​ទស្សនកិច្ច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។

            ក្នុង​រយៈ​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​វិនិយោគ និង​ជំនួយ​ចំនួន​១៥ ដែល​ក្នុង​នោះ​រួម​មាន​ការ​កសាង​ស្ពាន​ជ្រោយចង្វា​ទី​២ ស្ពាន​តាខ្មៅ ផ្លូវថ្នល់ និង​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​ធ្យូងថ្ម។ រោងចក្រ​នេះ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​រយៈពេល​សម្បទាន​៣៣​ឆ្នាំ។ រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​តម្លៃ​៣៦២​លាន​ដុល្លារ ត្រូវ​បាន​អនុម័ត​អោយ​សាងសង់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ក្នុង​រដូវ​ប្រាំង និង​វស្សា ចាប់​ពី​ឆ្នាំ​២០១៥​ទៅ។

            យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ក្រៅ​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ឯកសារ​នោះ​ហើយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នឹង​ចូល​គាល់​ព្រះមហាវីរៈក្សត្រ​ នរោត្តម សីហនុ និង​សម្តេចម៉ែ​ មុនីនាថ ​សីហនុ។ លោក​ ហ៊ុន សែន​ ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​ចិន​ផង​ដែរ ដែល​រួម​មាន លោក​ប្រធានាធិបតី​ ហ៊ូ ជិនតាវ ប្រធាន​សភា​ប្រជាជន​ចិន វូ បាំងហ្គូ និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាបាវ។ លោក​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ខ្មែរ​ក៏​នឹង​ត្រូវ​អញ្ជើញ​អោយ​ធ្វើ​ទស្សនកិច្ច​ក្នុង​ក្រុង​ចំនួន​៤​របស់​ប្រទេស​ចិន​ផងដែរ​ដូចជា ក្រុង​ធានជីន ក្រុងវូហ្ស៊ី ក្រុង​ស៊ូហ្ស៊ូ និង​ក្រុង​ណានជីង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ