នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកដៃឲ្យសមត្ថកិច្ចបង្ក្រាបរាល់បទល្មើស ដែលពាក់ព័ន្ធនឹងសាច់ញាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបើកដៃឲ្យសមត្ថកិច្ចប៉ូលីស បង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងសាច់ញាតិរបស់លោក។ ជាសេចក្តីប្រកាសស្របពេលដែលក្មួយប្រុសរបស់លោកម្នាក់ បានដើរចោលផ្ទះ ហើយអាចនឹងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
ជាសេចក្តីប្រកាសដោយផ្ទាល់មាត់ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈ នៅព្រឹកថ្ងៃពុធនេះ ដើម្បីឲ្យសមត្ថកិច្ចប៉ូលីស បង្ក្រាបរាល់បទល្មើសទាំងឡាយណា ដែលជាប់ពាក់ព័ន្ធជាមួយសាច់ញាតិរបស់លោក។ ជាសេចក្តីអំពាវនាវ ដែលសំដៅលើកូនក្មួយរបស់លោក ឈ្មោះ ហ៊ុន ជា។ ហ៊ុន ជា ជាកូនប្រុសរបស់លោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមលោកនាយករដ្ឋមន្ត្រី ក្មួយប្រុសជើងល្អរបស់លោក អាចជាមុខសញ្ញា ក្រុមបក្សពួកអ្វីមួយ ហើយបើមិនបំបែកសំបុកបក្សពួកនោះទេ អាចមានការពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរអ្វីមួយ។ នោះគឺបទល្មើសគ្រឿងញៀន។ សំណុំរឿងគ្រឿងញៀន ដែលលោកនាយករដ្ឋមន្ត្រី បានបញ្ជាដោយផ្ទាល់មាត់ទៅកាន់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងត្រូវជាបងជីដូនមួយរបស់ក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ឲ្យជីកពីឫសគល់ ហើយវ៉ៃឲ្យខ្លាំង បើមាននៅក្នុងកម្លាំងប៉ូលីស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បើមានការទាក់ទងនឹងបទល្មើស គឺអត់មានការលើកលែងណាមួយ គឺត្រូវអនុវត្តច្បាប់ ដោយគ្មានរឿងក្មួយនាយករដ្ឋមន្ត្រីឡើយ។
ជាមួយនឹងការលើកឡើងដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសឲ្យតុលាការកាត់ទោសបងប្អូនជីដូនមួយរបស់លោកម្នាក់ ឈ្មោះ ឌី ព្រិម ដែលពាក់ព័ន្ធក្នុងកញ្ចប់សំណុំរឿងល្មើសព្រហ្មទណ្ឌ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសប្រជុំត្រកូល ហ៊ុន របស់លោកឡើងវិញ។ ជាការប្រជុំដែលលោកនាយករដ្ឋមន្ត្រី អប់រំកូនក្មួយ និងក្រុមគ្រួសាររបស់លោក កុំឲ្យប្រព្រឹត្តអំពើអាក្រក់ និងបទល្មើស ដោយយកឈ្មោះ និងអំណាចជានាយករដ្ឋមន្ត្រីរបស់លោកទៅប្រើ។
ការប្រជុំត្រកូល ហ៊ុន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងម្តងរួចមកហើយ កាលពីប៉ុន្មានខែមុន។
ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានឆ្នាំមុន ក្មួយប្រុសម្នាក់ទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងបក្សពួក បានបាញ់កាំភ្លើង សម្លាប់មនុស្ស នៅជិតស្តាតអូឡាំពិក។ ប៉ុន្តែក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី មិនត្រូវបានកាត់ទោសឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ