កម្ពុជា​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យថៃ​ប្រញាប់​ឆ្លើយ​​តប​ចំពោះ​សំណើអា​ស៊ាន

នាយក​រដ្ឋ​មន្ត្រី​ ខ្មែរ ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភិស៊ីត វេចាជីវ៉ា
នាយក​រដ្ឋ​មន្ត្រី​ ខ្មែរ ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភិស៊ីត វេចាជីវ៉ា © RFI

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅកាន់​សម​ភាគី​ថៃ ឲ្យ​ឆ្លើយ​តប​ជា​ប្រញាប់ ចំពោះ​លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ដើរតួ​ជា​អ្នក​សម្របសម្រួល​ស្វែង​រក​ដំណោះស្រាយ​លើ​ជម្លោះ​ព្រំដែន​ កម្ពុជា​-​ថៃ។ នោះ​គឺ​ការ​កោះ​ប្រជុំ​គណៈកម្មការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥​មីនា ព្រមទាំង​ការកំណត់​ទីតាំង និង​លក្ខខណ្ឌ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ជា​សេចក្តី​អំពាវនាវ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​កាន់​សម​ភាគី​ថៃ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី អាប់ភិស៊ីត វេចាជីវ៉ា ឲ្យ​ប្រញាប់​ប្រញាល់​ឆ្លើយ​តប ចំពោះ​លិខិត​កោះ​ប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ JBC និង GBC នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១១។ សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក៏​ចង់​ឲ្យ​ថៃ​បញ្ជាក់​​ពី​ទីតាំង សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ព្រះវិហារ​ផង​ដែរ។​

​ក្នុង​ពិធី​កាត់​ឫស​សីមា ក្នុង​វត្ត​មួយ នៅ​ខេត្ត​បាត់ដំបង ជាប់​ព្រំដែន​ប្រទេស​ថៃ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការអំពាវនាវ​ទៅកាន់​សម​ភាគី​ថៃ ឲ្យ​ប្រញាប់​ឆ្លើយ​តប និង​ទទួល​យក​កិច្ច​សម្របសម្រួល​របស់​ឥណ្ឌូនេស៊ី ដើម្បី​​ឈាន​ទៅ​​រក​ដំណោះស្រាយ​មួយ ចៀសវាង​ការ​បង្ហូរឈាម នៅ​ព្រំដែន​កម្ពុជា​-​ថៃ។
​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភិស៊ីត វេចាជីវ៉ា​ឆ្លើយតប​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស ឲ្យបាន​លឿន​ជា​ទីបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន អំពី​ការប្រជុំ ឬ​មិន​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ​? ហើយ​ថា​តើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី មក ឬ​មិន​មក​ត្រួតពិនិត្យ​តំបន់​ព្រំដែន​ព្រះវិហារ។
​ជាមួយ​នឹង​សេចក្តីអំពាវនាវ​ខាងលើ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន ក៏បាន​លើក​ឡើង​នូវ​ខ្លឹមសារ​លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ ព្រម​ទាំង​ចម្លង​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់ ជុំវិញ​សេចក្តីព្រាង​ក្របខ័ណ្ឌ​ប្រណិប័តន៍ ស្តីពី ការពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី នៅ​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ។

​តាម​លោក​នាយក​រដ្ឋមន្ត្រី ខ្លឹមសារ​លិខិត ចុះ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១១ របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក៏​បាន​ដាស់​តឿន​ថៃ​ឲ្យ​ពិចារណា ប្រកប​ដោយ​វិជ្ជមាន និង​ឆ្លើយតប​ជាបន្ទាន់។ លិខិត​នោះ ក៏​បាន​សួរ​ថៃ ពី​ការ​មិន​ទាន់​ឆ្លើយតប ទទួល​យក​ការ​កោះ​ប្រជុំ​គណៈកម្មការ​ដោះស្រាយ​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី បាន​ទទួល​ការយល់ព្រម​ពី​កម្ពុជា​រួចហើយ។
​យ៉ាងណាក៏ដោយ ការ​មិន​ទាន់​ឆ្លើយតប​របស់​ថៃ លើ​ការស្វែងរក​ដោះស្រាយ​លើ​ជម្លោះ​ព្រំដែន ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គូស​បញ្ជាក់​ប្រាប់​អន្តរជាតិ​ថា អ្វីៗ​ស្ថិត​លើ​ដី​ថៃ​ទាំង​អស់។ នោះ​គឺ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់ បាន ឬ​មិន​បាន គឺ​នៅ​លើ​ថៃ។ រីឯ​កម្ពុជា ឆ្លើយ​តប​ភ្លាមៗ និង​បាន​នាំ​ទៅ​រក​ភាព​ធូរស្រាល តាមរយៈ​យន្តការ​ត្រួតពិនិត្យ​មួយ​របស់​អាស៊ាន ដើម្បី​ចៀសវាង​ការប៉ះទង្គិច ដោយ​កម្លាំង​ប្រដាប់​អាវុធ នៃ​ប្រទេស​កម្ពុជា​-​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI