កម្ពុជា

លោក ​ហ៊ុន សែន​៖ សភា​អឺរ៉ុប​ គួរ​បង្រៀន​ពី​ប្រជាធិបតេយ្យ​ដល់​ គណបក្ស​សមរង្ស៊ី​

លោក​ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា
លោក​ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា © Reuters

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា សភា​អឺរ៉ុប គួរតែ​ជួយ​ពន្យល់​ណែនាំ​លោក​សម​រង្ស៊ី ឲ្យ​ចេះ​ដឹង​ពី​តួនាទី​គណបក្ស​ប្រឆាំង ជា​ពិសេស​ឲ្យ​យល់ដឹង​អំពី​ឥរិយាបថ​ប្រឆាំង​លើ​គន្លង​វប្បធម៌​នយោបាយ​ ប្រជាធិបតេយ្យ​សេរី និង​ចេះ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​ប្រទេស​។ ជា​ការលើកឡើង ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​ទៅនឹង​ករណី​ការស្នើ​របស់​ក្រុម​ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ១៧ រូប ដែល​បាន​សុំឲ្យ​រដ្ឋាភិបាល​ ឆ្លើយបំភ្លឺ ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប ចុះ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១០។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ថា លិខិត​សំណួរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី កាលពី​ថ្ងៃ​ទី​២៨​តុលា ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ គឺមាន​ចរិត​លក្ខណៈ​គ្រាន់តែ​ជា​ការ​ឆ្លៀត​ឱកាស​យក​ទស្សនៈ​បរទេស មក​ប្រើ​ក្នុង​វេទិកា​សួរ​ឆ្លើយ​របស់​រដ្ឋសភា​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​រត់គេច​ខ្លួន របស់​លោក សម រង្ស៊ី ពី​ការ​ទទួល​ខុសត្រូវ ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា។

 
ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២​វិច្ឆិកា ម្សិលមិញ ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ថា Resolution របស់​សភា​អឺរ៉ុប គឺ​មាន​ន័យ​គ្រាន់តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ការ​បញ្ចេញ​ទស្សនៈ​របស់​សភា​អឺរ៉ុប ក្នុង​ករណី​លោក​សម​រង្ស៊ី មិន​បាន​ធ្វើ​ឡើង ដោយ​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សភាព​ពិត​ជាក់ស្តែង ចំពោះ​ការវិវឌ្ឍន៍​នៃ​សង្គម​កម្ពុជា​បច្ចុប្បន្ន​ឡើយ។

ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រុញ​ទៅកាន់​ក្រុម​សមាជិក​សភា​អឺរ៉ុប គួរតែ​យកចិត្តទុកដាក់ ជួយ​ផ្តល់​អនុសាសន៍​កែលម្អ​គណបក្សគណបក្សប្រឆាំង​កម្ពុជា ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​ជ្រុលនិយម និង​ជួយ​ពន្យល់​ណែនាំ​មេដឹកនាំ​គណបក្សប្រឆាំង​កម្ពុជា ឲ្យ​ចេះ​ដឹង​អំពី​តួនាទី​គណបក្ស​ប្រឆាំង​លើ​គន្លង​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​សេរី និង​ចេះ​គោរព​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​របស់​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រជាជាតិ​កម្ពុជា ទាំង​ប្រជាពលរដ្ឋ និង​ទាំង​រដ្ឋាភិបាល ពិតជា​ត្រូវការ​ក្រុម​និន្នាការ​ប្រឆាំង ដែល​មាន​សមត្ថភាព​ធ្វើ​នយោបាយ​តុល្យភាព​ក្នុង​ក្របខ័ណ្ឌ​រដ្ឋសភា និង​មាន​លក្ខណៈសម្បត្តិ ដូច​គណបក្ស​ប្រឆាំង នៅ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​អញ្ចឹង​ដែរ។

ជាមួយ​នឹង​ការ​លើក​ឡើង​ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ដាស់តឿន​សមាជិក​សភា​អឺរ៉ុប​ថា គួរត្រូវ​ដឹង​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ចាប់តាំងពី​ការ​ចាប់​ផ្តើម មក​ទល់​បច្ចុប្បន្ន​នេះ គឺ​ពុំ​មាន​ឥរិយាបថ​ត្រឹមត្រូវ​តាម​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​សេរី ដូច​គណបក្ស​ប្រឆាំង​នៅ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​នោះ​ទេ។ ដូច្នេះ​រាល់​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ខ្មែរ នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់តែ​យក​ទីនោះធ្វើ​ជា​ទីលាន សម្រាប់​យុទ្ធនាការ​វាយប្រហារ​រដ្ឋាភិបាល​​កម្ពុជា និង​ស្វែងរក​អន្តរាគមន៍​ពី​បរទេស​សម្រាប់​បម្រើ​តែ​ផល​ប្រយោជន៍​​បុគ្គល​ផ្ទាល់ខ្លួន​និង​បម្រើ​នយោបាយ​ប្រឆាំង​ជ្រុលនិយម​ហួសហេតុ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក​តំណាងរាស្ត្រ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ចំអក​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ថា វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​សេរី នៅ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប មិន​បាន​ប្តឹង​ផ្តល់ និង​ចាប់​ដាក់គុក​លើ​តំណាងរាស្ត្រ​ណា ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ពី​បញ្ហា​ពុករលួយ និង​បញ្ហា​ព្រំដែន ពិសេស​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ដូច​នៅ​កម្ពុជា​នោះ​ទេ។
 

សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១០ ស្តីពី​បញ្ហា​កម្ពុជា ជាពិសេស​ករណី សម រង្ស៊ី ដែល​មាន ១៤ ចំណុច សភា​អឺរ៉ុប​បាន​សម្តែង​ការ​មិន​យល់ស្រប ចំពោះ​ការ​កាត់ទោស លោក​សម​រង្ស៊ី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់មក​បំពេញ​សកម្មភាព​ជា​អ្នក​តំណាងរាស្ត្រ​វិញ។ល។និង។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI