កម្ពុជា

លោក​​ហ៊ុន​​ សែន​​ ចេញ​​បញ្ជា​​អោយ​​រក្សា​​​សណ្តាប់ធ្នាប់​​តាម​​តំបន់​​រោងចក្រ​​

ទិដ្ឋភាព​បាតុកម្ម​តវ៉ា​​បិទផ្លូវជាតិលេខ៤ ដោយ​កម្មករ​​រោងចក្រ​កាត់ដេរ កាល​ពី​ថ្ងៃ​៤ កក្កដា ២០១២
ទិដ្ឋភាព​បាតុកម្ម​តវ៉ា​​បិទផ្លូវជាតិលេខ៤ ដោយ​កម្មករ​​រោងចក្រ​កាត់ដេរ កាល​ពី​ថ្ងៃ​៤ កក្កដា ២០១២ RFI/Channa Siv

លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និងអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ច្បាប់ ​រក្សា​សណ្តាប់ធ្នាប់​​សន្តិសុខសាធារណៈ ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម​ហិង្សា ​ពី​សំណាក់​កម្មករ​កម្មការិនី។ បទ​បញ្ជា​នេះ​ក៏​បាន​បាញ់​ឆ្ពោះ​ទៅ​ក្រុមថៅកែ​រោងចក្រ​ផងដែរ ដោយស្នើ​អោយ​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មករ ដើម្បី​ចៀសវាង​ការ​ធ្វើ​បាតុកម្ម ដែល​ពេល​ខ្លះ​មានរហូត​ដល់​ការ​បិទ​ផ្លូវ​ទៀត​ផង​នោះ។

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រាជដ្ឋាភិបាលបាន​ចេញ​បញ្ជា​ម៉ឺងម៉ាត់ ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ឧស្សាហកម្មរោងចក្រ ​ព្យាយាម​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ដោះស្រាយ​ជាមួយ​ក្រុម​កម្មករ​និយោជិក​​និង​ថៅកែ​រោងចក្រ ​ដើម្បីចៀសវាង​ការ​ធ្វើកូដកម្ម និង​បាតុកម្ម។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចេញ​បញ្ជា​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក​បាន​សង្កេត​ឃើញថា ក្នុងរយៈ​ពេល​ចុងក្រោយ​នេះ មាន​កូដកម្ម និង​បាតុកម្ម​ជាច្រើន ​ដែល​ពេល​ខ្លះ​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា និង​ការ​បិទ​ផ្លូវ​ជាដើម។

ចំពោះលោក​នាយករដ្ឋមន្ត្រី ប្រការ​នេះ​​វា​បាន​ធ្វើអោយ​សាធារណជន​ព្រួយ​បារម្ភ ធ្វើ​អោយ​ប៉ះពាល់​បរិយាកាស​វិនិយោគ ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​និយោជិក​ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ទៀតផង។

បញ្ជា​ជា​លាយល័ក្ខណ៍​អក្សរ​កម្រាស់​៣​ទំព័រ​​របស់​លោក​នាយករដ្ឋមន្ត្រី ​ក៏​បាន​បន្ទោស​ភាគី​ថៅកែ​រោងចក្រ​មួយ​ចំនួន ថា​មិន​បាន​គោរព​ច្បាប់​អោយ​បានគ្រប់គ្រាន់​ជា​ធរមាន ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រយោជន៍​​របស់​កម្មករ​និយោជិក​ ហើយ​មិន​បាន​សហការ​ដោះស្រាយ​អោយ​បាន​ឆាប់ ដែល​ជា​ហេតុនាំ​អោយ​មានផ្ទុះកូដកម្ម និង​បាតុកម្ម។

លោក​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ អោយ​ដាក់​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ ពង្រឹង​ការអនុវត្តន៍​ច្បាប់​ស្តី​ពីការ​ងារ និង​ច្បាប់​ស្តី​ពី​ការ​បាតុកម្ម​ដោយ​សន្តិវិធី។ លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើ​អោយ​មាន​ការ​ដោះស្រាយ​បញ្ហា​ពី​ដំបូង​ទី​ ចៀសវាង​ការ​អូស​បន្លាយ​ពេល​ដែល​​នាំអោយ​បញ្ហា​រាលដាល​ទៅ​ជា​រឿង​ធំ។

ប្រធាន​សម័្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ លោក​អាត់ ធន់​ បាន​សាទរ​បទបញ្ជា​​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​លោកយល់ឃើញ​ថា នេះ​គឺ​ជា​បញ្ជា​ដែល​តម្រង់ទិស​មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើ​អោយ​មាន​ការ​​​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ ​លោក​អាត់ ធន់​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទៅវិញថា បន្ទាប់ពី​មាន​បទបញ្ជា​នេះទៅ បញ្ជា​នេះ​អាច​ក្លាយទៅជា​ឧបករណ៍​ឬ​ជាលេស​សម្រាប់​មន្ត្រី​អាជ្ញាធរ​យក​ទៅ​រឹតត្បិត​លើ​ក្រុម​កម្មករ​ទៅវិញ។

ចំពោះ​លោក ​អាត់ ធន់ ភាគច្រើន​នៃ​បញ្ហា​ដែល​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ដែល​កម្មករ​មិន​ដែល​ចង់បាននោះ គឺ​បណ្តាល​មក​ពី​ភាគី​ថៅកែ​រោងចក្រ​ដែល​មិន​ចង់​ដោះស្រាយ​បញ្ហា ហើយ​ថារោងចក្រ​ខ្លះ​ក៏​មាន​មន្ត្រី​មាន​អំណាច​នៅ​ការពារ​ពីក្រោយ​ទៀត​ផង។ លោក​អាត់ ធន់ ​អត្ថាធិប្បាយ​ថា ​គេ​ត្រូវ​តាម​ដាន​ការ​អនុវត្តន៍​​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI