កម្ពុជា

នាយក​រដ្ឋមន្ត្រី​ថ្លែង​អំណរគុណ​ជំនួយ​របស់​ប្រទេស​បារាំង​ និងជប៉ុន

ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​
ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​ © លាងដឺលុច

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​ថ្លែងអំណរគុណ​ដល់​ប្រទេសជប៉ុន និងបារាំងដែល​បាន​ផ្តល់​ជំនួយសម្រាប់​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជាដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា ដូចពេលមុខនេះ​ឡើយ។ ការថ្លែងអំណរគុណដល់​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ទាំងពីរ​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​អធិបតី​ក្នុង​ពីធី​សម្ពោធ​ស្ថានីយ​ទឹក​ស្អាត​និរោធ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ស្ថានីយ​ទឹកស្អាត​ដែល​មាន​តម្លៃ​ជាង ៩០ លាន​ដុល្លារ​នេះ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រទេស​បារាំង និង​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​បារាំងដែល​បាន​ផ្តល់​ជំនួយសម្រាប់​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជាដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត។ សេចក្តី​ថ្លែង​អំណរគុណ​ជា​សាធារណៈ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​ រោងចក្រ​ផលិត​ទឹកស្អាត​នេះ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប​ជាង ៩០លាន ដុល្លារ​អាមេរិក​ដែល​ជា​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន និងបារាំង។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ការ​ផ្តល់​ជំនួយ​​អភិវឌ្ឍន៍​ដល់​កម្ពុជា​ដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​បែប​នេះ​បាន​បង្ហាញ​ពី​ការជឿជាក់​​ថាប្រទេស​កម្ពុជា នឹង​គ្មាន​បញ្ហា​អស្ថិរភាព​នយោបាយ​​ទេ។ ម្យ៉ាងទៀត​ប្រទេស​ទាំងពីរ​ជឿជាក់​យ៉ាង​ពិតប្រាកដ​ថា ជំនួយ​របស់​គេនឹង​មិន​ត្រូវ​មាន​បញ្ហា​កើត​ឡើង​បន្ទាប់​ពី​បោះឆ្នោត​ឡើយ។

បើយោងតាមលោកនាយករដ្ឋមន្ត្រីនៅ​ថ្ងៃទី​៥​មិថុនា​ស្អែក​នេះ​ជប៉ុន​នឹង​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​បន្ថែម​ឲ្យ​កម្ពុជា​នូវ​ទឹកប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ​បន្ថែម​ទៀត រីឯ​ប្រទេស​បារាំង​វិញ​ក៏​ទើបតែ​បាន​ចុះ​ហត្ថលេខា​ផ្តល់​ទឹកប្រាក់​ឲ្យ​កម្ពុជា ប្រមាន ២០ លាន​អឺរ៉ូ​ សម្រាប់​វិស័យ​ធារាសាស្ត្រ​ផងដែរ។​ ​ប្រទេស​បារាំង និង​ជប៉ុន ក៏ធ្លាប់ធ្វើ​ជា​សហប្រធានក្នុង​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា​ផង​ដែរ។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សន្យាថានឹង​ប្រើប្រាស់​ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន និង​បារាំង ឲ្យចំ​គោលដៅ ដោយ​មិន​ឲ្យ​ប្រទេស​ទាំងពីរ​ខក​ចិត្ត​នឹង​ជំនួយ​នោះឡើយ។ លោក​ក៏​សន្យា​ថា​កម្ពុជា​នឹង​ខិតខំ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​អភិបាលកិច្ច​ល្អ​ដែល​ជា​ជំនឿ​ចិត្ត​របស់​ម្ចាស់​ជំនួយ។​

សូមបញ្ជាក់ថារោង​ចក្រ​ផលិត​ទឹក​ស្អាតនិរោធ ​ដែល​បាន​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១០ បាន​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​៩០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកដែល​អនុវត្ត​ដោយ​សហហិរញ្ញបទាន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) និងទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន(JICA)។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​ប្រមាណ​១​លាន​៧​សែន​នាក់​ឬ​ស្មើ​នឹង​៨៥​ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុង​ក្រុង​ភ្នំពេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI