កម្ពុជា

លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​​ជួប​​អគ្គលេខា​ធិការ​​អង្គការ​សហ​ប្រជាជាតិ លោក​ បាន គី​មូ​ន​ នៅ​​ព្រុយណេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​បន្ត​កាន់តំណែង​ជាថ្មី បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី២៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ប្រទេស​ព្រុយណេ។ ក្រៅពី​ជួបប្រជុំ​ជាមួយ​មេដឹកនាំកំពូលៗ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​តទល់​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន នា​ល្ងាច​ថ្ងៃទី១០តុលា ដើម្បី​ពិភាក្សា​ពិសេស អំពី​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ព្រមទាំង​បញ្ហា​សាលាក្តី​ខ្មែរក្រហម។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី៨តុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយក្រុម អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី២៣ នៅ​ប្រទេស​ព្រុយណេ។ នៅ​ព្រុយណេ ក្រៅពី​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​រវាង​អាស៊ាន និង​បណ្តា​ប្រទេស​ដៃគូ ដូចជា ចិន កូរ៉េ ជប៉ុន និង​អាមេរិក ជាដើម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​កម្មវិធី ក៏​នឹង​ជួបប្រជុំ ពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នាយករដ្ឋមន្ត្រីនូ​វែ​ល​សេ​ឡង់ និង​ជួប​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន។

មុន​ឡើង​យន្តហោះ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ នា​ល្ងាច​ថ្ងៃទី១០តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គី​មូ​ន។ ជា​ជំនួប ដែល​ប្រមុខ​ដឹកនាំ​ទាំងពីរ នឹង​ពិភាក្សាគ្នា លើ​បញ្ហា​ពិសេស អំពី​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ព្រមទាំង​បញ្ហា​តុលាការ​ខ្មែរក្រហម ដែល​កំពុង​ជួប​វិបត្តិ​ថវិកា និង​ធ្វើយ៉ាងណា ឲ្យ​សាលាក្តី​កាត់ទោស​អតីត​មេ​ខ្មែរក្រហម បញ្ចប់​ដោយ​ជោគជ័យ។

លោក ស្រ៊ី ថាមរុង្គ មិនបាន​បញ្ជាក់​ពី​របៀបវារៈ​នយោបាយ​ក​ម្ពុ​ជា សម្រាប់​កិច្ចប្រជុំ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​បាន ​គី​មូ​ន នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ព្រុយណេ នា​ថ្ងៃ​ខានស្អែក​ទេ។

ក៏ប៉ុន្តែ​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​មិនទាន់​ចុះសំរុង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​លោក សម រង្ស៊ី ប្រមុខ​ដឹកនាំ​បក្សប្រឆាំង នាំយក​ទៅកាន់​ទីស្នាក់កា​រ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក។ លោក​សម រង្ស៊ី ដែល​បាន​ចាក​ចេញពី​កម្ពុជា កាលពី​យប់​ថ្ងៃ​ចន្ទ ទៅ​អឺរ៉ុប និង​អាមេរិក ដើម្បី​ស្វែងរក​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ចាត់ទុកថា រដ្ឋាភិបាល ដែល​កើត​ក្រោយ​ការបោះឆ្នោត ថ្ងៃ២៨កក្កដា មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ។

លោក​សម រង្ស៊ី ក៏​ចង់​ឲ្យ​អង្គការសហប្រជាជាតិ លុបចោល​អាសនៈ​កម្ពុជា ពី​អង្គការ​សហប្រជាជាតិ​​ផងដែរ។ ប៉ុន្តែ​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ការលើកឡើង​រប​ស់មេ​បក្សប្រឆាំង​ដូច្នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI