កម្ពុជា

លោក​​ហ៊ុន សែន​ គ្រោង​ជួប​​លោក​ បាន គីមូន​ នៅ​​ប្រទេស​​ព្រុយណេ​​ ​នា​​សប្តាហ៍​​ក្រោយ​​

ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​ គ្រោង​បើក​ធ្វើ​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ព្រុយណេ ​នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ​នៅ​ថ្ងៃ​ទី​១​តុលា​នេះ។ ជំនួប​នេះ​​នឹង​​កើត​ឡើង ​ខណៈដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត និង​ស្រប​ពេលដែល​គណបក្ស​ប្រឆាំង​គ្រោង​ដាក់​សំណើ​ទៅ​អង្គការសហប្រជាជាតិ​ ឲ្យ​ព្យួរ​កៅអី​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នឹង​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នៅ​ឯ​ប្រទេស​ព្រុយណេ នៅ​ថ្ងៃ​ទី​៩ និង​ទី១០​តុលា​សប្តាហ៍​ក្រោយ​នេះ។ ក្រៅពី​កិច្ច​ប្រជុំ​ទាំង​នោះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​គ្រោង​ជួប​ពិភាក្សា​ទេ្វភាគី​​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នាយក​រដ្ឋមន្ត្រី​នូវេលសេឡង់ និង​លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ ​បាន គីមូន ​ផង​ដែរ។

គេ​មិនទាន់​ដឹង​ថា ជំនួប​រវាង​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អគ្គលេខាធិការ​សហប្រជាជាតិ ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​អ្វី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ ជំនួប​នេះ​ធ្វើឡើង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្ខំ​ចិត្ត​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​ តែម្នាក់​ឯង។ ចំណែក​ឯ​គណបក្ស​ប្រឆាំង​ ដែល​ឈ្នះ​បាន​៥៥​កៅអី​ក្នុង​សភា​ សម្រេច​ចិត្ត​មិន​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​ទេ។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​កាល​ពី​ចុងខែ​កញ្ញា​ថា លោក​គ្រោង​នឹង​ដាក់​សំណើ​ទៅ​អង្គការ​សហប្រជាជាតិ​ ឲ្យ​ព្យួរ​កៅអី​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​នេះ​កើត​ឡើង​ដោយ​មិន​ស្របច្បាប់។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋាភិបាល និង​រដ្ឋសភា​បាន​កើត​ឡើង​ដោយ​គោរព​ទាំង​ស្រុង​តាម​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ សំណើ​របស់​បក្ស​ប្រឆាំង​មិន​អាច​ទៅ​រួច​ឡើយ។

យ៉ាងណាក៏ដោយ គេ​រំពឹង​ថា ប្រសិន​បើ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក បាន គី​មូ​ន កើត​មាន​មែន ប្រធានបទ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ជា​ពិសេស​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ​ នឹង​ក្លាយ​ជា​របៀប​វារៈ​នៃ​កិច្ចពិភាក្សា​ដោយ​ចៀស​មិន​ផុត។

គួរ​បញ្ជាក់ថា ទោះ​បី​ជា​វិបត្តិ​នយោបាយ​កំពុង​កើត​ឡើង​ដោះស្រាយ​មិន​ទាន់​ចេញ​ក៏ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​ដំណើរការ​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ​ដោយ​គ្មាន​បង្អង់​ឡើយ​ ពី​ព្រោះ​តែ​គណបក្ស​នេះ​ទទួល​បាន​សំឡេង​លើស​ពី​៥០ភាគរយ​បូក​មួយ។ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​ហើយ ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI