កម្ពុជា​

គណបក្ស​នយោបាយ​នៅ​អាស៊ី ថ្លែងការណ៍​បារម្ភ​លើ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ

តំណាង​ICAPP  ថត​រូប​អនុស្សាវរីយ៍​នៅ​មុខ​ប្រាសាទ​ខ្មែរ
តំណាង​ICAPP ថត​រូប​អនុស្សាវរីយ៍​នៅ​មុខ​ប្រាសាទ​ខ្មែរ © ម៉េងហួរ

គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់​សន្និសីទ​អន្ដរជាតិ នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICAPP បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​ដែល​បាន​កើត​ឡើង​នៅ​ព្រំដែន​កម្ពុជា និង​ថៃ ពិសេស​ការប្រយុទ្ធ​​គ្នា​ថ្មីៗ​នេះ។ ក្នុង​កិច្ចប្រជុំ នៅ​ទី​ក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​៥​ឧសភា​ម្សិលមិញ ក្រុម​គណបក្ស​នយោបាយ​នៅ​អាស៊ី បាន​អំពាវនាវ​ឲ្យ​កម្ពុជា​-​ថៃ ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី និង​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ គោរព​នូវ​សន្ធិសញ្ញា​អន្ដរជាតិ និង​កតិកាសញ្ញា​នានា។ ក្រុម​គណបក្ស​នយោបាយ​អាស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូល​អាស៊ាន ដែល​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ខិតខំ​រក​ដំណោះស្រាយ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ។​

ផ្សាយពាណិជ្ជកម្ម

ICAPP ជា​អង្គការ​តំណាង​ឱ្យ​គណបក្ស​ភាគ​ច្រើន នៃ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​គណបក្ស​ឯករាជ្យ នៅ​តំបន់​អាស៊ី ដែល​រួម​មាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​នៅ​ប្រទេស​ថៃ ជា​សមាជិក។ កាលពី​ខែ​ធ្នូ ចុង​ឆ្នាំ​មុន ICAPP បាន​បើក​កិច្ចប្រជុំ​នៅ​ភ្នំពេញ។ កាលណោះ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាច្រើន​នាក់ ចុះ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នៅ​ប្រាសាទ​ព្រះវិហារ។

ដោយឡែក​ក្នុង​កិច្ចប្រជុំ នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១១ គណបក្ស​នយោបាយ​នៅ​អាស៊ី ICAPP បាន​ថ្លែងការណ៍ សម្ដែង​ការ​ព្រួយ​បារម្ភ យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​ដែល​បាន​កើត​ឡើង នៅ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពិសេស​ការ​ពើប​ប្រយុទ្ធ​​គ្នា​ថ្មីៗ​នេះ រួម​ទាំង​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​ទ្រង់ទ្រាយ​ធំ ការប្រើ​គ្រាប់បែក​ចង្កោម និង​ការឈ្លានពាន​ដោយ​ទ័ព​ថ្មើរ​ជើង។

​ក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​គណៈ​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​៦​ឧសភា​នេះ បាន​បង្ហាញ​ថា គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់ ICAPP បាន​ប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បាន​ខិតខំ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា និង​ថៃ ចាប់​យក​វិធានការ​បន្ទាន់ ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ដែល​អាច​ត្រួត​ពិនិត្យ​បាន។

ក្នុង​សេចក្តី​ថ្លែងការណ៍​​អង្គការ ICAPP ក៏​បាន​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​-​ថៃ បង្កើត​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ដ្រៃយ៍​មួយ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី តាមរយៈ​កិច្ចពិភាក្សា​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់ ICAPP ក៏​សូម​ស្វាគម​គំនិត​ផ្ដួចផ្ដើម​របស់​អាស៊ាន តាមរយៈ​ឥណ្ឌូណេស៊ី ជា​ប្រធាន ដែល​បាន​រៀបចំ​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​កម្ពុជា​និង​ថៃ។

ICAPP ក៏​បាន​ជំរុញ​ឱ្យ​ភាគី​កម្ពុជា និង​ថៃ គោរព​នូវ​សន្ធិសញ្ញា​អន្ដរជាតិ និង​កតិកាសញ្ញា​នានា ដែល​ស្ថិត​ក្រោម​ច្បាប់​អន្ដរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។​

​ជា​ចុងក្រោយ ក្រុម​បណ្តាសមាជិក​គណបក្ស​នយោបាយ​នៅ​អាស៊ី បាន​ស្នើ​សុំ​ឱ្យ​មេដឹកនាំ​ទាំងឡាយ​របស់​អាស៊ាន ដែល​នឹង​ជួបប្រជុំ នៅ​ទីក្រុង​ហ្សាការតា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១១ ឱ្យ​ប្រឹង​អស់​លទ្ធភាព​ក្នុង​ការដាក់​បញ្ចូល​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ទៅ​ក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដើម្បី​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ដែល​អាច​ត្រួត​ពិនិត្យ​បាន ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​សង្កេតការណ៍​​យោធា​ឥណ្ឌូណេស៊ី តាម​ការ​ចាត់តាំង​របស់​អាស៊ាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI