កម្ពុជា

អង្គការកម្ម​អន្តរជាតិ ៖ ​មានភាព​យឺតយ៉ាវ​ក្នុងការ​បញ្ចប់​ពលកម្ម​កុមារ​

កុមារ​ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ជួយ​ឧបត្ថម្ភ
កុមារ​ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ជួយ​ឧបត្ថម្ភ ©ដឹលុច/RFI

អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ថា​ILO​បាន​ចេញ​ផ្សាយ​របាយការណ៍​សកល​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា​នេះ​ដោយ​ព្រមាន​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ពលកម្ម​កុមារ​នៅ​មាន​ការ​យឺតយ៉ាវ ហើយ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​លក្ខណៈ​សកល អោយ​មាន​ការ​ប្រឹងប្រែង​ពេញ​ទំហឹង​ឡើងវិញ ដើម្បី​បញ្ចប់​ពលកម្ម​កុមារ។ សម្រាប់​ប្រទេស​កម្ពុជា នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ​ដើម្បី​ចូលរួម​ក្នុង​ការ​លប់​បំបាត់​ពលកម្ម​កុមារ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ លាង​ ដឺលុច

ទាក់ទង​នឹង​ស្ថានភាព​ពលកម្ម​កុមារ​នៅ​ប្រទេស​កម្ពុជា យើង​អាច​និយាយ​ជា​រួម​ថា ស្ថាន​ភាព​នេះ​នៅ​គួរ​អោយ​ព្រួយ​បារម្ភ​នៅ​ឡើយ។ គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ ដែល​នៅ​មាន​អាត្រា​ពលរដ្ឋ​ក្រីក្រ​ច្រើន។ ហើយ​មូលហេតុ​ធំ​មួយ​ដែល​បង្កើត​អោយ​មាន​ពលកម្ម​កុមារ​នេះ​គឺ​ភាព​ក្រីក្រ​នេះ​ឯង។

 
បើ​និយាយ​ពី​តួលេខ​នៃ​ចំនួន​កុមារ​ដែល​បាន​ធ្លាក់​ទៅក្នុង​ពលកម្ម​កុមារ​វិញ មាន​របាយ​ការណ៍​២​ដែល​និយាយ​អំពី​តួលេខ​នេះ។ លោក អ៊ុក ស៊ីសុវណ្ណ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​កម្មវិធី​ពលកម្ម​កុមារ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ប្រាប់​អោយ​ដឹង​ថា តួលេខ​ទី​មួយ​គឺជា​ទិន្នន័យ​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឆ្នាំ​២០០១​ដែល​នៅ​ពេល​នោះ​មាន​កុមារ​អាយុ​ពី​៥​ដល់​១៧​ឆ្នាំ​ចំនួន​៤​លាន​៣​សែន​នាក់។ ហើយ​ក្នុង​ចំណោម​កុមារ​៤​លាន​៣​សែន​នាក់​នោះ គឺ​មាន​កុមារ​១​លាន​៥​សែន​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​សេដ្ឋកិច្ច។

បើ​តាម​ការ​ពន្យល់​របស់​មន្ត្រី​អង្គការ​ILO​ដដែល ពាក្យ​ថា​សកម្មភាព​សេដ្ឋកិច្ច​នេះ គឺ​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ទូលំទូលាយ​នៅ​ឡើយ​ដែល​ទាក់ទង​នឹង​ការងារ​របស់​កុមារ។ ឧទាហរណ៍​ថា គ្រាន់តែ​កុមារ​ជួយ​កិច្ច​ការងារ​ផ្ទះ​ឪពុក​ម្តាយ​របស់​គេ​បន្តិច​បន្តួច​ជាដើម។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ILO ក្នុង​ចំណោម​កុមារ​១​លាន​៥​សែន​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នោះ គឺ​មាន​ចំនួន​ពាក់​កណ្តាល បាន​ន័យ​ថា ៧​សែន​៨​ម៉ឺន​នាក់​ដែល​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ទម្រង់​ពលកម្ម​កុមារ។ ក្រុម​នេះ​ហើយ​ដែល​ត្រូវ​បាន​ចាត់​ចូល​ក្នុង​អ្វី​ដែល​ពិភពលោក​កំពុង​ព្យាយាម​លប់​បំបាត់។

បើ​យោង​តាម​របាយការណ៍​អង្កេត​ឆ្នាំ​២០០១​ដដែល ក្នុង​ចំណោម​៧​សែន​៨​ម៉ឺន​នាក់​ដែល​ស្ថិត​ក្នុង​ទម្រង់​ពលកម្ម​កុមារ​នោះ មាន​២​សែន​១​ម៉ឺន​នាក់​ដែល​ស្ថិត​នៅក្នុង​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ។

នេះ​ជា​តួលេខ​របាយការណ៍​អង្កេត​ឆ្នាំ​២០០១។ មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ លោក អ៊ុក ស៊ីសុវណ្ណ​បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា បើ​យោង​តាម​លទ្ធផល​នៃ​ការ​អង្កេត​របស់​អ្នក​ជំនាញ​ក្រោយ​មក​ទៀត គឺ​របាយការណ៍​ឆ្នាំ​២០០៦ និង​២០០៩​នោះ អត្រា​កុមារ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ផង​បាន​កើនឡើង​ដល់​៣​សែន​១​ម៉ឺន​នាក់។ នេះ​គឺ​ជា​ការ​វាយតម្លៃ​ទៅ​លើ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ផង។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ខ្លាំង​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក​ដែល​សន្យា​លប់បំបាត់​ពលកម្ម​កុមារ​អោយ​អស់​នៅ​ក្នុង​ឆ្នាំ​២០១៦។ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ កម្ពុជា​បាន​រៀប​ចំ ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដែលមាន​១២​ចំនុច​ដែល​ត្រូវ​អនុវត្ត។

យោង​តាម​បទពិសោធន៍​របស់​កម្ពុជា​កន្លង​មក ក្រុម​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ប្រឆាំង​ពលកម្ម​កុមារ​នេះ រួមមាន​អង្គការ​ILO ធនាគា​ពិភពលោក និង​អង្គការ​យូនីសេហ្វ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​កម្ពុជា​ត្រូវការ​ធនធាន​ថវិការ​ប្រហែល​១០០លាន​ដុល្លារ​ទៀត​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​លប់​បំបាត់​ទាំងស្រុង​ពលកម្ម​កុមារ​នៅឆ្នាំ​២០១៦​ខាង​មុខ​នេះ។

គោលដៅ​ទាំង​១២​ចំនុច​របស់​រដ្ឋាភិបាល​នោះ​មាន​ដូចជាៈ ប្រកាស​ថា​ខេត្ត​រាជធានី​ទាំង​២៤ ត្រូវ​គ្មាន​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ។ ប្រកាស​ថា​រាល់​វិស័យ​ការងារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ត្រូវ​គ្មាន​ពលកម្ម​កុមារ​ទាំងស្រុង។ កំណត់​គោលដៅ​គ្រួសារ​ក្រីក្រ​និង​កុមារ​ងាយ​រង​គ្រោះ​ដើម្បី​ជួយស្តារ​ជីវភាព​គ្រួសារ​អោយ​ប្រសើរ​ឡើង។ បញ្ចូល​បញ្ហា​ពលកម្ម​កុមារ​ទៅក្នុង​គោលនយោបាយ​រដ្ឋាភិបាល គ្រប់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​នៅ​ថ្នាក់​ជាតិ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន។ ទាំងនេះជា​កម្មវិធី​ខ្លះៗដែល​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ដើម្បី​ឈាន​ទៅ​លប់បំបាត់​ពលកម្ម​កុមារ​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI