សហភាពអន្តរសភា ចេញសេចក្ដីសម្រេចឲ្យអាជ្ញាធរខ្មែរដោះលែង លោក កឹម សុខា
សហភាពអន្តរសភា(IPU) ទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ។ សេចក្តីសម្រេចរបស់សហភាពអន្តរសភា កាលពីម្សិលមិញ ក៏បានទាមទារឱ្យអាជ្ញាធរកម្ពុជាបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។ ភ្លាមៗក្រោយសេចក្តីសម្រេចនេះ គណៈប្រតិភូនៃរដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍តបវិញ ដោយចាត់ទុកការសម្រេចរបស់សហភាពអន្តរសភា IPU នាពេលនេះ ថាមានភាពលម្អៀង និងជាការលាបពណ៌។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហភាពអន្តរសភា IPU តាមរយៈសេចក្តីសម្រេចរបស់ខ្លួន នៅថ្ងៃទី ១៨ តុលា បានហៅ ការចាប់ខ្លួន លោក កឹម សុខា ថាធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ។ នៅក្នុងសេចក្តីសម្រេច ដែលមាន១២ចំណុចសភា IPU ក៏បានជម្រុញឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ហើយអនុញ្ញាតឲ្យលោកបំពេញតួនាទីជាប្រធានគណបក្សប្រឆាំងវិញ ដោយគ្មានការពន្យារពេល និងរឹតបន្តឹង ជាពិសេសអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
សហភាពអន្តរសភា បានសម្តែងការព្រួយបារម្ភពីស្ថានភាពសុខភាពរបស់លោក កឹម សុខា ដែលកំពុងតែមានសភាពដុនដាប ខណៈការចូលទៅសួរសុខទុក្ខប្រធានអតីតបក្សប្រឆាំងរូបនេះ ក៏ត្រូវបានរឹតត្បិតពីអាជ្ញាធរកម្ពុជា។ អាជ្ញាធរ បានដាក់កងកម្លាំងប្រមាណ៥៥៦នាក់ ដើម្បីការពារនៅជុំវិញផ្ទះលោកកឹម សុខា។ ការដាក់កងកម្លាំងច្រើនបែបនេះ ត្រូវបានអាជ្ញាធរពន្យល់ថា ធ្វើឡើងដើម្បីឃ្លាំមើលពីសញ្ញានៃការចង់ធ្វើការតវ៉ានានា និងធានាថា លោកកឹម សុខា មិនចាកចេញពីប្រទេសកម្ពុជា។
ក្រៅពីទាមទារឲ្យដោះលែង លោក កឹម សុខា សហភាពអន្តរសភា ក៏បានទាញការសន្និដ្ឋានថា សិទ្ធិជាមូលដ្ឋានរបស់អតីតមន្រ្តីបក្សប្រឆាំងត្រូវបានរំលោភបំពានដោយចេតនាពីអាជ្ញាធរកម្ពុជា។ អាជ្ញាធរកម្ពុជាដែលបានបរាជ័យក្នុងគោរព និងការពារសិទ្ធិសេរីភាពបញ្ចេញមតិ, ការជួបជុំគ្នាដោយសន្តិវិធីនៃសមាជិកសភាអតីតគណបក្សប្រឆាំង ក៏ដូចជា ការធានាតាមនីតិវិធីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសកម្ពុជា។
ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចរបស់សហភាពអន្តរសភា គណៈប្រតិភូនៃរដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍តបវិញ ដោយបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់ IPU។ បើតាមសេចក្ដីថ្លែងការណ៍កម្រាស់២ទំព័រ រដ្ឋសភាកម្ពុជាខកចិត្តខ្លាំង ព្រោះគណៈកម្មធិការសិទ្ធិមនុស្សសហភាពអន្តរសភាហាក់ពុំបានធ្វើការគិតគូរពិចារណាឲ្យបានម៉ត់ចត់សោះឡើយ បើទោះបីជាគណៈប្រតិភូកម្ពុជាបានផ្តល់នូវព័ត៌មានដែលអាចជឿទុកចិត្តបានដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលើកច្រើនសារក៏ដោយ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភាផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយពីភាគីម្ខាង និងបានលាបពណ៌ប្រទេសកម្ពុជាឲ្យខ្មៅងងឹត តាមរយៈការចេញនូវសេចក្តីសម្រេចដែលមានលក្ខណៈលម្អៀង។
សូមជម្រាបជូនថា សន្និបាតសហភាពអន្ដរសភា (IPU) លើកទី១៣៩ ធ្វើនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រយៈពេល៥ថ្ងៃ ទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ១៨ ខែតុលា ដោយមាន តំណាងរដ្ឋសភា ជិត ២០០ប្រទេស នៅលើពិភពលោក ចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្រោយពីបញ្ចប់សន្និបាត សហភាពអន្តរសភា បានចេញសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសជិត ២០ នៅលើពិភពលោក ដោយក្នុងនោះរួមមានទាំងកម្ពុជាផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ