ភូមា

អ៊ុង សានស៊ូជី៖ « យើង​​​សប្បាយចិត្ត​នឹង​ធ្វើការ​​ជាមួយ​ក្រុម​យោធា »

លោកស្រី​ប្រមុខ​បក្ស​ប្រឆំាង​ភូមា អ៊ុង សាស៊ូជី
លោកស្រី​ប្រមុខ​បក្ស​ប្រឆំាង​ភូមា អ៊ុង សាស៊ូជី ©Reuters

លោកស្រី​ប្រមុខ​បក្ស​ប្រឆំាង​ភូមា អ៊ុង សាស៊ូជី​បាន​ផ្តល់​សម្ភាសន៍​ផ្តាច់មុខ​ឲ្យ​វិទ្យុបារំាង​អន្តរជាតិ។ នៅ​ក្នុង​បទសម្ភាសន៍​នេះ លោកស្រី អ៊ុង សានស៊ូជី​បាន​រៀបរាប់​អំពី​សកម្មភាព​របស់​លោកស្រី​ក្នុង​សប្តាហ៍​ទីមួយ ក្រោយ​ពី​បាន​ទទួល​បាន​សេរីភាព។ លោកស្រី​បាន​ជួប​ជា​មួយ​សកម្មជន​របស់​លោកស្រី និង​សម្តែង​ការ​ភ្ញាក់ផ្អើល​នឹង​បច្ចេកវិជ្ជា​ថ្មី ពិសេស ទូរស័ព្ទ​ដៃ និង​ប្រព័ន្ធ Internet។ នៅ​ក្នុង​ជំនួប​ជា​មួយ​ក្រុម​អ្នក​គំាទ្រ​លោកស្រី លោកស្រី​បាន​បញ្ជាក់​ពី​បំណង​ចង់​ផ្ទេរ​បទពិសោធន៍ និង​ការ​ទទួល​ខុសត្រូវ​ទៅ​ក្រុម​យុវជន​ដើម្បី​ស្នង​បន្ត​ពី​មនុស្ស​ចាស់។ខាង​ក្រោម​នេះ ជា​បទសម្ភាសន៍​ទំាង​ស្រុង​ជា​មួយ​លោកស្រី អ៊ុង សានស៊ូជី៖

ផ្សាយពាណិជ្ជកម្ម

បទសម្ភាសន៍​ជាមួយ​លោកស្រី អ៊ុង សានស៊ូជី

RFI : នៅ​ពេល​ដែល​ទទួល​បាន​សេរីភាព​នា​ថ្ងៃ​ដំបូង តើ​លោកស្រី​បាន​ធ្វើ​អ្វី​ខ្លះ ?

អ៊ុង សានស៊ូជី៖ ខ្ញុំ​បាន​ជួប​មនុស្ស​ជា​ច្រើន និង​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ត្រូវ​ជួប។ នេះ​ហើយ​ជា​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ តំាង​តែ​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទទួល​សេរីភាព..............គឺ​ទទួល​ជួប​មនុស្ស​គ្រប់​ជាន់​ថ្នាក់។

RFI : លោកស្រី​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ ? តើ​លោកស្រី​មាន​សុខភាព​ល្អ ឬ​ទេ ?

អ៊ុង សានស៊ូជី៖ជា​ទូទៅ ខ្ញុំ​មាន​សុខភាព​ល្អ​ធម្មតា។ តែ​ថ្ងៃ​នេះ ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​អស់​កម្លំាង​ខ្លំាង​ណាស់ !។ តំាង​ពី​ព្រឹកមិញ​មក ខ្ញុំ​បាន​ទទួល​ជួប​អ្នក​កាសែត​ជា​ច្រើន។ ឥឡូវ​នេះ ខ្ញុំ​អស់​កម្លំាង​មែនទែន។ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​សម្រាក។

RFI : តើ​លោកស្រី​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ នៅ​ពេល​ដែល​លោកស្រី​បាន​ឃើញ​នូវ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង នៅ​ក្រោយ​ការ​ដោះលែង​លោកស្រី និង​សុន្ទរកថា​លើក​ទីមួយ​របស់​លោកស្រី ?

អ៊ុង សានស៊ូជី៖ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ​នោះ គឺ​មនុស្ស​គ្រប់​រូប​បាន​នំា​គ្នា​អបអរសាទរ​ការ​វិល​ត្រលប់​របស់​ខ្ញុំ។ មើល​ទៅ ពួក​គេ​ហាក់​ដូច​ជា​សប្បាយចិត្ត​ខ្លំាង​ណាស់។ នៅ​ក្នុង​ហ្វូង​មនុស្ស គេ​សង្កេត​ឃើញ​មាន​យុវជន​ជា​ច្រើន។ គឺ​វត្តមាន​របស់​យុវជន​នេះ​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្តូរ។ ម្យ៉ាង​ទៀត ខ្ញុំ​ចង់​ផ្តល់​ឲ្យ​ក្រុម​យុវជន​នូវ​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​គណបក្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​ស្នង​បន្ត​ពី​មនុស្ស​ដែល​មាន​វ័យ​ចំណាស់។ គ្រប់​ប្រទេស​ក្នុង​លោក​បាន​វិវឌ្ឍ​​ទៅ​មុខ..............................មាន​ប្រទេស​ខ្លះ​បាន​វិវឌ្ឍ​លឿន …………..ខ្លះ​ទៀត​ក៏​វិវឌ្ឍ​យឺត។ ខ្ញុំ​គិត​ថា ប្រទេស​ភូមា​បាន​វិវឌ្ឍ​​ទៅ​មុខ តែ​មិន​សូវ​លឿន​ដូច​ដែល​ខ្លួន​ត្រូវ​វិវឌ្ឍ​​ទេ។ នៅ​ក្នុង​ករណី​ប្រទេស​ដែល​ឯកោ​ដូច​ប្រទេស​ភូមា ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទូរគមនាគមន៍ គឺ​សំខាន់​ខ្លំាង​ណាស់។

RFI: លោកស្រី​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ថ្មី​នេះ ឬ ?

អ៊ុង សានស៊ូជី៖និយាយ​ឲ្យ​ចំ​ទៅ អាច​ឆ្លើយ​ថា ចាស ឬ​ក៏​ទេ .................... គួរ​ឲ្យ​អស់​សំណើច ...............ខ្ញុំ​នៅ​តែ​មិន​ដឹង​ថា តើ​នឹង​ប្រើប្រាស់​វា​យ៉ាង​ម៉េច។ ខ្ញុំ​ទើប​តែ​បាន​កាន់​ទូរស័ព្ទ​ដៃ ជា​លើក​ទីមួយ។ ខ្ញុំ​មិន​ដឹង​ថា តើ​ត្រូវ​ប្រើ​វា​យ៉ាង​ដូចម្តេច ត្រូវ​ចុច​ទទួល ត្រូវ​ចុច​ហៅ​យ៉ាង​ម៉េច ត្រូវ​លើក​ស្តាប់ និង​និយាយ​ត្រឹម​ណា ត្រឹម​មាត់ ឬ​ត្រឹម​ត្រចៀក។ មែនទែន​ទៅ ខ្ញុំ​មិន​ទាន់​មាន​ពេល​ដើម្បី​រៀន​ប្រើ​វា។ មក​ទល់​ពេល​នេះ មាន​អ្នក​កាន់​ទូរស័ព្ទ​ឲ្យ​ខ្ញុំ​និយាយ។ នៅ​ពេល​មាន​អ្នក​ណា​ទូរស័ព្ទ​មក​ចង់​និយាយ​ជា​មួយ​ខ្ញុំ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា មាន​គេ​ចង់​ជួប រួច​ក៏​យក​ទូរស័ព្ទ​ដាក់​ផ្អិប​នឹង​ត្រចៀក​ខ្ញុំ​តែ​ម្តង​ទៅ ពេល​ខ្ញុំ​និយាយ​ចប់​ហើយ ពួក​គេ​ក៏​យក​ទូរស័ព្ទ​ទៅ​វិញ។ ខ្ញុំ​នៅ​មិន​ទាន់​មាន​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ ..................

RFI : ទាក់ទង​នឹង Internet បច្ចេកវិជ្ជា​ថ្មី ...............twitter..................លោកស្រី​បាន​លើក​ឡើង​ពី twitter...............

អ៊ុង សានស៊ូជី៖ជា​ការ​ពិត Internet គឺ​ជា​អ្វី ដែល​ខ្ញុំ​ទើប​តែ​ដឹង។ ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើប្រាស់  Internet ខ្ញុំ​ត្រូវ​តែ​ជាវ។ តែ​នៅ​ក្នុង​កិច្ច​សន្យា​ជាវ​បាន​ចែង​យ៉ាង​ច្បាស់​ថា គេ​មិន​អាច​ប្រើប្រាស់ Internet ក្នុង​គោលដៅ​នយោបាយ​ទេ។ តែ​ពួក​គេ​បាន​ដឹង​ច្បាស់​ណាស់​ថា ខ្ញុំ​មាន​សកម្មភាព​នយោបាយ។ ដូច្នេះ ខ្ញុំ​ត្រូវ​សរសេរ​សំបុត្រ​ជា​ផ្លូវការ​សុំ​ជាវ Internet។ យើង​ត្រូវ​រង់ចំា​មើល តើ​គេ​នឹង​ឆ្លើយ​ថា​ម៉េច ?

RFI: ពលរដ្ឋ​ភូមា​ទូទៅ​បាន​ចាត់​ទុក​លោកស្រី ថា​ជា​ក្តីសង្ឃឹម​របស់​ពួក​គេ។ តើ​នេះ មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ពេក​ទេ ឬ ?

អ៊ុង សានស៊ូជី៖ ខ្ញុំ​មិន​ចង់​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​បន្ទុក​មួយ​ទេ។ ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ក្តី​សង្ឃឹម​មក​លើ​រូប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គេ​ខកចិត្ត​ដែរ។ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​យល់​ថា ពួក​គេ​មិន​ត្រូវ​ផ្តល់​ក្តី​សង្ឃឹម​លើ​តែ​មនុស្យ​ម្នាក់ ឬ​គណបក្ស​តែ​មួយ​ទេ។ ចំពោះ​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ពួក​គេ​ក៏​ត្រូវ​ព្យាយាម​ជួយ​ខ្ញុំ​ផង​ដែរ។ ពួក​គេ​មាន​កិច្ចការ​របស់​ខ្លួន​ដែល​ត្រូវ​បំពេញ ដោយ​មិន​ត្រូវ​រង់ចំា​លើ​ខ្ញុំ​ទំាង​អស់​នោះ​ទេ។

RFI: នៅ​ពេល​នេះ គេ​នំា​គ្នា​និយាយ​ថា ក្រុម​អ្នក​ប្រឆំាង​នៅ​ភូមា​មាន​ការ​បែកបាក់​គ្នា។ តើ​លោកស្រី​យល់​ឃើញ​អ៊ីចឹង​ដែរ ទេ ?

អ៊ុង សានស៊ូជី៖ មាន​ពេល​ខ្លះ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ការ​បែបបាក់​ក្រុម​អ្នក​ប្រឆំាង​នៅ​ភូមា​ពេល​នេះ ជា​រឿង​ពិត​មែន ឬ ?............... ឬ​មួយ​គ្រាន់​តែ​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ​ដែល​ខ្ញុំ​ជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន និង​គ្មាន​ឱកាស​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​រួម​ទាក់ទង​នឹង​បញ្ហា​នេះ។ បើ​តាម​មើល​ទៅ ការ​ខ្វែង​គំនិត​គ្នា​រវាង​ក្រុម​អ្នក​ប្រឆំាង​នៅ​ភូមា​ពេល​នេះ ហាក់​ដូច​ជា​គ្មាន​អ្វី​ធ្ងន់ធ្ងរ ដូច​ដែល​គេ​បាន​និយាយ​នោះ​ទេ។ ខ្ញុំ​គិត​ថា យើង​ទំាង​អស់​គ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ នេះ​ហើយ ជា​បុព្វហេតុ​រួម​របស់​យើង។

RFI: តើ​លោកស្រី​យល់​យ៉ាង​ម៉េច​ដែរ នៅ​ពេល​ដែល​ឃើញ​អាតីត​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​របស់​លោកស្រី បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក ?

អ៊ុង សានស៊ូជី៖ ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត ខ្ញុំ​ដាក់​បញ្ចូល​ពួក​គេ​ដូច​បេក្ខជន​នៃ​គណបក្ស​ផ្សេង​ទៀត។ ប្រសិន​បើ​យើង​និយាយ​មិន​ចុះ​សម្រុង​គ្នា​ទេ បើ​យើង​មិន​អាច​ស្វែង​រក​គោលការណ៍​រួម​បាន​ទេ​នោះ យើង​ពិត​ជា​ពិបាក​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​គ្នា។

RFI: តើ​លោកស្រី​បាន​ចាប់​ផ្តើម​និយាយ​ជា​មួយ​ពួក​គេ​ហើយ ឬ​នៅ ?

អ៊ុង សានស៊ូជី៖ នៅ​ទេ ខ្ញុំ​មិន​ទាន់​បាន​និយាយ​ជា​មួយ​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​បោះឆ្នោត​ទេ។ តែ​ខ្ញុំ​បាន​ជជែក​ជាមួយ​ចលនា​នយោបាយ និង​អ្នក​នយោបាយ​ផ្សេង​ទៀត។ យើង​នឹង​ចាប់​ផ្តើម​ជួប​ជា​មួយ​អ្នក​ផ្សេង​ក្នុង​សប្តាហ៍​នេះ។

RFI: លោកស្រី​បាន​ជួប​ក្រុម​គណបក្ស​ជនជាតិ​ពិន្ធុ។ តើ​ជំនួប​នោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ម៉េច​ដែរ ?

អ៊ុង សានស៊ូជី៖ ល្អ​ណាស់។ យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជា​មួយ​ក្រុម​គណបក្ស​ដែល​តំណាង​ឲ្យ​ជនជាតិ​ពិន្ធុ។ យើង​ត្រូវ​តែ​ធ្វើ​ការ​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ស្មារតី​ពិត​ប្រាកដ​របស់​សហភាព​ភូមា។ ខ្ញុំ​ចង់​ឲ្យ​ក្រុម​ជនជាតិ​ភាគតិច​ភូមា​ទំាង​អស់​ទទួល​អារម្មណ៍​ថា ពួក​គេ​ក៏​ជា​ជនជាតិ​ភូមា ភូមា​ក៏​ជា​ប្រទេស​របស់​ពួក​គេ​ដែរ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​ពួក​គេ​ថា យើង​មាន​ផលប្រយោជន៍​រួម។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​តែ​រួបរួម​គ្នា។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក​ហើយ​ថា ប្រសិន​បើ​គណបក្ស​ដែល​គំាទ្រ​របបសឹក​ចង់​ធ្វើ​ការ​ជាមួយ​យើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស យើង​សប្បាយចិត្ត​នឹង​ធ្វើ​ការ​ជាមួយ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ យើង​រឹត​តែ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ការ​ជា​មួយ​ក្រុម​យោធា។

RFI : តើ​លោកស្រី​មាន​បាន​សុំ​ជួប​ជាមួយ​លោក​ឧត្តមសេនីយ ថាន់ ស្វេ ហើយ ឬ​នៅ ?

អ៊ុង សានស៊ូជី៖ ខ្ញុំ​យល់​ថា ឱកាស​មិន​ទាន់​ឈាន​មក​ដល់។

RFI: តើ​លោកស្រី​មាន​បំណង​ចង់​ជួប​លោក​ឧត្តមសេនីយ ថាន់ ស្វេ ដោយ​ផ្ទាល់ ដែរ​ឬ​ទេ ?

អ៊ុង សានស៊ូជី៖ ពិត​ជា​ចង់។ ខ្ញុំ​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់ ក៏​​បាន​ជួប​ម្តង​ដែរ។ ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​រំលង​ទេ។ តែ​ខ្ញុំ​យល់​ថា ឱកាស​មិន​ទាន់​ហុច​ឲ្យ។ យើង​ត្រូវ​រង់​ចំា​មើល​នៅ​ថ្ងៃ​ខាង​មុខ។

RFI: នៅ​ពេល​ដែល​លោកស្រី​និយាយ​ថា « គ្រប់​កម្លំាង​ប្រជាធិបតេយ្យ » តើ​មាន​បូក​បញ្ចូល​ក្រុម​ប្រដាប់​អាវុធ​ដែល​កំពុង​តស៊ូ ប្រយុទ្ធ​នៅ​តាម​ព្រំដែន ដូច​ពួក Karen Shans ដែរ ឬ​ទេ ?

អ៊ុង សានស៊ូជី៖ តាម​ពិត​ទៅ បញ្ហា​នៅ​ត្រង់​ថា បើ​និយាយ​តាម​ផ្លូវ​ច្បាប់ យើង​គ្មាន​សិទ្ធិ​នឹង​ទាក់ទង​ជាមួយ​ពួក​គេ​ទេ គឺ​ផ្ទុយ​នឹង​ច្បាប់​បាន​ចែង។ តែ​យើង​ពិត​ជា​ចង់​បូក​បញ្ចូល​ពួក​គេ​នៅ​ក្នុង​កម្លំាង​ប្រជាធិបតេយ្យ។ ពួក​គេ​ក៏​ដូច​ជា​យើង​ដែរ មាន​ឆន្ទៈ​ចង់​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា ដោយ​សន្តិវិធី គឺ​មិន​មែន​ដោយ​កម្លំាង​អាវុធ​ទេ។ ជា​រួម​ទៅ ពួក​គេ​ក៏​ជា​ជនជាតិ​ភូមា ពួក​គេ​ក៏​រស់​នៅ​ក្នុង​ទឹក​ដី​ភូមា​តែ​មួយ។

RFI: មាន​អ្នក​ខ្លះ ទាមទារ​ឯករាជ្យ អ្នក​ខ្លះ​ទៀត ទាមទារ​ស្វ័យភាព ..............លោកស្រី​គិត​ថា តើ​ពួក​គេ​អាច​បោះបង់​ចោល​នូវ​ការ​ទាមទារ​ទំាង​អស់​នេះ​ដែរ ឬ​ទេ ?

អ៊ុង សានស៊ូជី៖ មាន​ការ​ខុស​គ្នា​ខ្លំាង​ណាស់ រវាង​ពាក្យ ឯករាជ្យ និង​ស្វ័យភាព។ ទំាង​អស់​នេះ សុទ្ធសឹង​ជា​ប្រធាន​រឿង​ដែល​យើង​ត្រូវ​ជជែក​រួម​គ្នា។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​មាន​វិចារណញ្ញាណ​ដូច​យើង​ដែរ។ ដូច្នេះ ពួក​គេ​ពិត​ជា​មិន​ទាមទារ​អ្វី ដែល​ហួសហេតុ​ពេក​ទេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ​នោះ គឺ​ផ្តល់​ទំនុកចិត្ត​ដល់​ពួក​គេ។ ជាតិ​ភូមា ជា​ជនជាតិ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ហើយ​ខ្ញុំ​គិត​ថា យើង​ដែល​ជា​ជនជាតិ​ភាគច្រើន​បាន​ធ្វើ​រឿង​មិន​ល្អ​ជា​ច្រើន​កាល​ពី​អតីតកាល ដែល​នំា​ឲ្យ​ក្រុម​ជនជាតិ​ភាគតិច​បាត់បង់​ជំនឿ​លើ​យើង។ នេះ​ជា​អ្វី ដែល​យើង​ត្រូវ​តែ​កសាង​ឡើង​វិញ។

RFI: ខ្ញុំ​បាន​សួរ​​ទៅ​ពលរដ្ឋ​ភូមា​មួយ​ចំនួន ពួក​គេ​បាន​រិះគន់​ទិតៀន​លោកស្រី​ស្តីពី​ជំហរ​របស់​លោកស្រី​ទាក់ទង​នឹង​ទ័ណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​ភូមា។ តើ​នៅ​ថ្ងៃ​នេះ ជំហរ​របស់​លោកស្រី​មាន​ការ​ផ្លាស់ប្តូរ​ដែរ ឬ​ទេ ?

អ៊ុង សានស៊ូជី៖ យើង​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំហរ​របស់​យើង​ទាក់ទង​នឹង​ទ័ណ្ឌកម្ម​អន្តរជាតិ។ តែ​បញ្ហា​នេះ យើង​មិន​អាច​សម្រេច​បាន​តែ​ក្នុង​មួយ​ថ្ងៃ​ទេ។ យើង​ត្រូវ​ការ​សិក្សា​ហើយ សិក្សា​ទៀត បន្តិច​ម្តងៗ។

RFI: លោកស្រី​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​បរទេស ឬ​ទេ ? តើ​លោកស្រី​នឹង​ចេញ​ដំណើរ​ឆាប់ៗ ឬ​យ៉ាង​ណា ?

អ៊ុង សានស៊ូជី៖ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គឺ​អត់​ទេ ព្រោះ​ថា ខ្ញុំ​មិន​ប្រាកដ​នឹង​អាច​វិល​ចូល​ស្រុក​វិញ​បាន។ រដ្ឋអំណាច​អាច​នឹង​ព្យាយាម​រារំាង​ខ្ញុំ ឲ្យ​​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មាន​អារម្មណ៍​ថា ប្រទេស​របស់​ខ្ញុំ ត្រូវ​ការ​ខ្ញុំ។

RFI: នៅ​ថ្ងៃ​នេះ តើ​លោកស្រី​ពិត​ជា​មាន​សិទ្ធិសេរីភាព​ពេញ​បរិបូណ៍​ដូច​ដែល​លោកស្រី​ចង់​បាន​ដែរ ឬ​ទេ ? តើ​លោកស្រី​មាន​អារម្មណ៍​ថា មាន​សេរីភាព​គ្រប់គ្រាន់​ដើម្បី​អាច​ធ្វើ​អ្វី ដែល​លោកស្រី​ចង់​ធ្វើ​ដែរ ឬ​ទេ ?

អ៊ុង សានស៊ូជី៖ រហូត​មក​ទល់​ម៉ោង​នេះ ខ្ញុំ​អាច​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​ចង់​ធ្វើ។ តែ​ខ្ញុំ​មិន​ដឹង​ថា តើ​សេរីភាព​របៀប​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា​ទេ។ ដូច្នេះ ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI