កម្ពុជា-តុលាការខ្មែរក្រហម

ជនជាប់ចោទអៀង​ សារី​​ទទួលមរណភាព-បណ្តឹងអាជ្ញា​ត្រូវរលត់​

លោកអៀង សារី​នៅក្នុងតុលាការខ្មែរក្រហម
លោកអៀង សារី​នៅក្នុងតុលាការខ្មែរក្រហម Reuters

សាកសព​​របស់​​អៀង សារី​​ត្រូវ​បាន​​រថយន្ត​ពេទ្យ​ដឹក​​ចាក​ចេញ​​ពី​​មន្ទីរពេទ្យ​មិត្តភាព​​ខ្មែរ​​សូវៀត​​នៅ​​រសៀល​​ម៉ោង​​២​​កន្លះ​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ ឆ្ពោះទៅ​ស្រុក​ម៉ាឡៃ​ បន្ទាប់​ពីបាន​ឆ្លងកាត់​នីតិវិធី​របស់​តុលាការ​ ហើយ​សាកសព​ត្រូវបាន​ប្រគល់​ទៅ​គ្រួសារ​នោះ។ នៅ​ក្នុង​សន្និសីទ​កាសែតនៅ​រសៀល​ថ្ងៃ​នេះ​ដដែល​នៅ​ឯ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ សហព្រះរាជអាជ្ញា​បាន​ប្រកាស​អំពីការ​រលត់​នៃ​បណ្តឹង​អាជ្ញា​ប្រឆាំង​អៀង សារី ហើយ​ថា​សវនការ​សំណុំរឿង​០០២​ប្រឆាំង​ជន​ជាប់ចោទ​២​នាក់​ទៀត គឺ​នួន ជា និង​ខៀវ សំផន​នោះ​នឹង​បន្ត​ដដែល។

ផ្សាយពាណិជ្ជកម្ម

 នេះ​ជា​ការ​ប្រកាស​ព័ត៌មាន​របស់​លោក​ស្រី​ជា លាង សហព្រះរាជអាជ្ញា​ជាតិ​ នៅ​ក្នុង​សន្និសីទ​កាសែត​​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ សន្និសីទ​ដែល​ត្រូវបាន​រៀបចំ​ភា្លម​នៅ​បន្ទប់​មួយ​នៃ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​សូវៀត ​ក្រោយ​ការ​ដឹក​សាកសព​លោក​អៀង សារី ​ចេញ​ពី​មន្ទីរពេទ្យ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ជនជាប់​ចោទ​អៀង សារី​ នៅ​ម៉ោង​៨និង​៤៥​នាទី​​ព្រឹក​ថ្ងៃ​ទី​១៤​មិនា​នេះ អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​នៃ​មន្ទីរ​ពេទ្យ រហូត​ដល់​ម៉ោង​២​កន្លះ​រសៀល​នេះ​ទើបអ្នកកាសែត​អាច​បាន​ថត​រូប​រថយន្ត​ពេទ្យ​ដឹក​សាកសព​លោក អៀង សារី​ចេញ។

រយៈ​ពេល​៦​ម៉ោង​ក្រោយ​ពី​ការ​ប្រកាស​អំពី​ការ​ស្លាប់​របស់​អៀង សារី គឺ​ជា​រយៈ​ពេល​នៃ​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ​ខ្មែរ​ក្រហម​ មុន​នឹង​តុលាការ​​ត្រូវ​ប្រគល់​សាកសព​ជនជាប់​ចោទ​ទៅ​អោយ​ក្រុម​គ្រួសារ។

ការ​រក្សា​ទុក​សាកសព​ជនជាប់​ចោទ​នឹង​អាច​ពន្យា​ពេល​យូរ​ជាង​នេះ​ ប្រសិន​បើ​សហ​ព្រះរាជ​អាជ្ញា​​បង្គាប់​អោយ​ធ្វើ​កោសលវិច្ច័យ​លើ​សាកសពនោះ។

 នៅ​ក្នុង​សន្និសីទ​កាសែត​រយៈ​ពេល​ជិត​មួយ​ម៉ោង លោក​ស្រី​សហព្រះរាជអាជ្ញា​ក៏​បាន​ប្រកាស​ផងដែរ​ថា បណ្តឹង​អាជ្ញា​ប្រឆាំង​នឹង​លោក​អៀង​ សារី​បាន​ផុត​រលត់ ​តាម​មាត្រា​៧​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​របស់​កម្ពុជា​ដែល​ចែង​ថា មរណភាព​នៃ​ជនជាប់​ចោទ នាំ​ដល់​ការ​រំលត់​បណ្តឹង​អាជ្ញា ប្រឆាំង​នឹង​រូប​គាត់។

មាន​សំណួរ​ជា​ច្រើន​ត្រូវ​បាន​ចោទ​សួរ​អំពី​ផល​វិបាក​នៃ​ការ​ស្លាប់​របស់​អតីត​​រដ្ឋមន្ត្រី​ការ​បរទេស​របប​ខ្មែរ​ក្រហម ដែល​មេដឹកនាំ​សំខាន់​មួយ​រូប​នោះ ថា​វា​នឹង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណុំ​រឿង​០០២​ យ៉ាងណា​ទៅ។

បើ​យោងតាម​​ការ​បញ្ជាក់​របស់​សហព្រះរាជអាជ្ញា​ជាតិ​ និ​ង​អន្តរជាតិ សវនាការ​សំណុំរឿង​០០២​ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​៤ ឬ​៥​ខែ​ទៀត​នោះ​ នឹងមាន​ដំណើរការ​ជា​ធម្មតា​ដដែល​ប្រឆាំង​​នឹង​ជនជាប់​ចោទ​នួន ជា និង​ខៀវ សំផន។ ហើយថា​ការ​បាត់បង់​លោក​អៀង សារី​ក៏​មិន​ធ្វើ​អោយ​បាត់បង់​ព័ត៌មាន​ដែល​ត្រូវបាន​គេ​ប្រមូល​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​រួចហើយ​នោះ​ដែរ។

ទោះយ៉ាងណា​ក៏ដោយ បើតាម​ការ​បញ្ជាក់​របស់​លោក​ស្រី ​សហព្រះរាជអាជ្ញា ​ជា លាង​ ការិយាល័យ​​ ​សហព្រះរាជអាជ្ញា​នឹង​ធ្វើ​បញ្ចប់​នូវ​ការ​ស៊ើបអង្កេតផ្លូវការ​លើ​ករណី​ស្លាប់​របស់​អៀង សារី ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មុន​ដាក់​របាយការណ៍​ផ្លូវការ​នេះ​ទៅ​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI