នឹងមានរូបសំណាករបស់សម្តេចឪនៅខាងកើតវិមានឯករាជ្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីព្រះរាជពិធីបុណ្យព្រះបរមសពព្រះបរមរតនកោដ្ឋបញ្ចប់ទៅ រាជរដ្ឋាភិបាលនឹងគិតគូរ អំពីការសាងសង់រូបសំណាករបស់សម្តេចឪ នរោត្តម សីហនុ ហើយដាក់តាំងនៅសួនឧទ្យានខាងកើតវិមានឯករាជ្យ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ខៀវ កាញារីទ្ធ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតព្រះរាជលេខាផ្ទាល់របស់សម្តេចតា មានបន្ទូលថា រូបសំណាកអតីតព្រះករុណាសម្តេចឪ នឹងធ្វើអោយប្រជារាស្ត្រ នៅតែចងចាំអំពីព្រះអង្គជារៀងរហូត។
ព្រះនាមរបស់សម្តេចឪ នរោត្តម សីហនុ នឹងនៅក្នុងការចងចាំរបស់ប្រជារាស្ត្រខ្មែរជារៀងរហូត តាមរយៈការឧទ្ទិសផ្សេងៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចដាក់ថ្ងៃទី១៥ តុលា ជាថ្ងៃបុណ្យជាតិ រម្លឹកថ្ងៃសោយទិវង្គត របស់ព្រះមហាវីរក្សត្រនរោត្តម សីហនុ។
លើសពីនេះ បើតាមការអះអាងរបស់លោក ខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនឹងកសាងរូបសំណាករបស់សម្តេចឪ នរោត្តម សីហនុ ហើយដាក់តាំងរូបសំណាករបស់ព្រះអង្គនៅខាងកើតវិមានឯករាជ្យ។
បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិតាមរយៈសារអេឡិចត្រូនិកនៅថ្ងៃពុធនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា រូបសំណាករបស់សម្តេចឪនឹងត្រូវដាក់នៅខាងកើតវិមានឯករាជ្យនេះ ដើម្បីងាយស្រួលសម្រាប់ប្រតិភូ ដែលត្រូវដាក់កម្រងផ្កានៅវិមានឯករាជ្យហើយ អាចដើរមកគោរពរូបសំណាកព្រះអង្គបានដោយស្រួល។
នៅសល់តែរូបរាងនៃរូបសំណាកនេះប៉ុណ្ណោះ ដែលសាធារណៈជនចង់ដឹង។ បើយោងតាមលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គំនូរព្រាងជាច្រើននៃរូបសំណាកសម្តេចឪ នរោត្តម សីហនុ គួរតែត្រូវបានគូររួចហើយ។ ប៉ុន្តែថានៅពេលនេះ បើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ គេនៅរង់ចាំការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ និងរបស់សម្តេចម៉ែថា តើព្រះអង្គរើសយកទម្រង់រូបសំណាកមួយណា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឪ បានមានបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះ ថ្លែងអរគុណរដ្ឋាភិបាលដែលបានគិតគូរ អំពីការកសាងរូបសំណាកព្រះមហាវីរក្សត្រ ទុកជាការរម្លឹកដល់ស្នាព្រះហស្ត និងវីរភាពរបស់ព្រះអង្គក្នុងការបម្រើជាតិនោះ។ ព្រះអង្គម្ចាស់ ធម្មិកោ ក៏មានបន្ទូលអោយដឹងផងដែរថា តាមប្រពៃណីនៅក្នុងព្រះបរមរាជវាំង ព្រះបរមរាជវាំងក៏ត្រូវសាងសង់រូបសំណាកព្រះមហាវីរក្សត្រសម្តេចឪ នរោត្តម សីហនុ ទុករក្សានៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ជាមួយរូបសំណាកអង្គក្សត្រមុនៗដែរ។
នៅថ្ងៃនេះដែលជាថ្ងៃទី៦នៃព្រះរាជពិធីដង្ហែរ និងថ្វាយព្រះភ្លើង ថ្វាយព្រះបរមសពរតនកោដ្ឋនោះ មានតែព្រះរាជពិធីសូត្រមន្តតែប៉ុណ្ណោះ។ នៅថ្ងៃស្អែក ព្រះអដ្ឋិធាតុរបស់សម្តេចឪ នឹងត្រូវដង្ហែរចូលក្នុងព្រះបរមរាជវាំង។ ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលប្រាប់វិទ្យុបារាំង កាលពីថ្ងៃអង្គារ ម្សិលមិញ ថា ព្រះអដ្ឋិធាតុរបស់សម្តេចឪ នឹងត្រូវរក្សានៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ សម្តេចឪ កាលពីពេលដែលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គធ្លាប់ធ្វើព្រះរាជសំណេរ ផ្តាំអោយគេរក្សាព្រះអដ្ឋិធាតុរបស់ព្រះអង្គ នៅក្នុងចេតិយគន្ធបុប្ជារបស់បុត្រីព្រះអង្គ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ