សហរដ្ឋ​អាមេរិក

លោកអូបាម៉ា​ខូចកេរ្តិ៍ឈ្មោះ​​នៅ​ប្រទេស​​អ៊ីស្លាម​​

លោកអូបាម៉ា​ខូចកេរ្តិ៍ឈ្មោះ​នៅប្រទេស​អ៊ីស្លាម​
លោកអូបាម៉ា​ខូចកេរ្តិ៍ឈ្មោះ​នៅប្រទេស​អ៊ីស្លាម​ REUTERS/Larry Downing

លោក​ប្រធានាធិបតី​អាមេរិកាំង​ បារ៉ាក​ អូបាម៉ា​ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ ដើម្បី​ជាប់​ឆ្នោត​ជា​ថ្មី​ នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល​ ជាពិសេស​ នៅ​បរទេស​។​នេះ​ហើយ​ជា​សេចក្តីសន្និដ្ឋាន​នៃ​ការសិក្សា​ស្រាវ​ជ្រាវ​មួយ​ចុះ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អាមេរិកាង​ឈ្មោះ​Pew​ Center​។​ការស៊ើប​អង្កេត​ក៏​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ ប្រធានាធិបតី​ប្រកប​ដោយ​ព័ណ៌សម្បុរ​ស្បែក​ខ្មៅ​ទី១​នៃ​សហរដ្ឋ​អាមេរិក​បាន​ខូច​កេរ្តិ៍ឈ្មោះ​ខ្លាំង​ នៅ​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

 

គេ​បាន​ភ្លេច​ហើយ​សុន្ទរកថា​ថ្លែង​នៅ​ទីក្រុង​គែរ​ នៅ​ឆ្នាំ​២០០៩​ ​ កាល​ដែល​លោក​បារ៉ាក​ អូបាម៉ា​ ចង់​ហុច​ដៃ​ទៅ​រក​ពិភព​អារ៉ាប​។​នៅ​ប្រទេស​ជា​ច្រើន​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ​ រួម​មាន​អេហ្ស៊ីប​ ​ ហ្ស័កដានី​ឬ​ទួរគី​ ​ ​ ទំនុក​ទុក​ចិត្ត​ទៅ​លើ​លោក​ប្រធានាធិបតី​មាន​កម្រិត​ទាប​បំផុត​។​មាន​ជន​ដែល​ត្រូវ​គេ​សាក​សួរ​ចំនួន​តែ​១/៤​ប៉ុណ្ណោះ​ប្រាថ្នា​ចង់​ឱ្យ​គាត់​ជាប់​ឆ្នោត​ជា​ថ្មី​។​ស្រប​តាម​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew​ Center​ ​ ​ លោក​អូបាម៉ា​បង់​ផង​ដែរ​នូវ​ថ្លៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​។ការវាយ​សំពង​ដោយ​យន្តហោះ​គ្មាន​អ្នក​បើក​បរ​ហៅ​ថា​ drones​ ត្រូវ​ពួក​អ្នក​ត្រូវ​គេ​សាក​សួរ​យោបល់​ភាគ​ច្រើន​ចាត់​ទុក​ថា​ ជា​ទង្វើ​អាក្រក់​ណាស់​ ជា​ពិសេស​ នៅ​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​។

ដើម្បី​ស្វែង​រក​ការលើក​កម្លាំង​ចិត្ត​ឱ្យ​បាន​បន្តិច​ ​ ​ លោក​ប្រធានាធិបតី​អាមេរិកាំង​ត្រូវ​ងាក​បែរ​មករក​ទ្វីប​ចាស់​គឺ​អឺរ៉ូប​ដែល​មាន​បក្ស​ព័ន្ធ​ដ៏​ក្លៀវ​ក្លា​បំផុត​របស់​គាត់​។​ជន​ជាតិ​បារាំង​ចំនួន​៨៩%​ចង់​ឱ្យ​លោក​អូបាម៉ា​អាច​បន្ត​មុខ​តំណែង​ខ្លួន​បាន​មួយ​អាណត្តិ​ថែម​ទៀត​។​នេះ​ហើយ​ជា​ការនឹក​ស្រមៃ​ចង់​បាន​របស់​អ្នក​កាន់​កាប់​សេត​វិមាន​ដែល​កម្រិត​ប្រជាប្រិយភាព​បាន​ស្រុត​ចុះ​ នៅ​ក្នុង​ប្រទេស​ខ្លួន​ផ្ទាល់​។​ក៏​ប៉ុន្តែ​ គាត់​នៅ​តែ​មាន​ប្រជាប្រិយភាព​ច្រើន​ជាង​គូ​ប្រជែង​ខ្លួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​Mitt​ Romney​។

ការស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew​ Center​ ក៏​បង្ហើប​ឱ្យ​ដឹង​ដែរ​រឿង​មួយ​ទៀត​គួរ​ឱ្យ​ចង់​ដឹង​គឺ​លោក​បារ៉ាក​ អូបាម៉ា​ក៏​បាន​បាត់​បង់​កិត្យានុភាព​ខ្លួន​បន្តិច​ដែរ​ នៅ​លើ​ឆាក​អន្តរជាតិ​។​ប៉ុន្តែ​ ក្នុង​អំឡុង​ពេល​នៃ​អាណត្តិ​របស់​គាត់​ ​ ​ រូបភាព​និង​កេរ្តិ៍ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក​ នៅ​លើ​ពិភពលោក​បាន​ល្អ​ប្រសើរ​ជាង​មុន​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI