ចិន

អគ្គិភ័យ​នៅ​ក្រុង​សៀងហៃ​ចោទ​ជា​សំណួរ​សុវត្ថិភាព

ក្រុម​សង្គ្រោះ​កំពុង​រុក​រក​ជន​រង​គ្រោះក្រោយ​អគ្គិភ័យ​
ក្រុម​សង្គ្រោះ​កំពុង​រុក​រក​ជន​រង​គ្រោះក្រោយ​អគ្គិភ័យ​ REUTERS/Aly Song

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៥៣​នាក់ និង​ របួស​ ៧០ នាក់ ព្រម​ទាំង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត នៅ​ក្នុង​គ្រោះ​ អគ្គិភ័យ ដ៏​សន្ធោ​សន្ធៅ​មួយ​ នៅ​កណ្តាល​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ។ ជន​សង្ស័យ​បួន​នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន យក​មក​សួរ​ចម្លើយ​នៅថ្ងៃអង្គារ​នេះ។ បញ្ហា​​សុវត្ថិភាព​​ក្នុង​ការ​សាងសង់​​លំនៅឋាន ត្រូវ​ចោទ​ឡើង ជា​សំណួរ​ ព្រោះ​នេះ​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​ដែល​មាន​កម្ពស់​២៨​ជាន់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អគ្គិភ័យ​ទំនង​ជា​បង្ក​ឡើង​ដោយ​ក្រុម​ជាង​ផ្សារ​​-អគ្គិសនី ដែល​មាន​ភារៈ​ជួសជុល​អគារ​ស្នាក់​នៅ​ កម្ពស់ ២៨​ជាន់​ ប៉ុន្តែ​ពួក​គេប្រហែស ​​មិន​គោរព​​តាម​បទ​ដ្ឋាន​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ ! នេះ​បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ដំបូង​។​

 
កម្ពស់​២៨​ជាន់ មាន​គ្រួសារ​ចំនួន​ ១៥៦​គ្រួស្នាក់​នៅ ​ អគារ​ដែល​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ៩០ នេះ ត្រូវ​លេប​ត្របាក់​ដោយ​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ។ អណ្តាត​ភ្លើង និង​​​​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់ បើ​ឃើញ​ពីរាប់​គីឡូម៉ែត្រ និង​ជះ​ក្លិន​ខ្លោច ពេញ​សង្កាត់​ពាណិជ្ជកម្ម​​មួយ នៃទី​ក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​២០​លាន​នាក់។

គេ​ត្រូវ​ការ​ រយៈពេល​ជិត​៥​ម៉ោង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៦០​គ្រឿង​ដើម្បី​អាច​ពន្លត់​ភ្លើង​បាន។ អគារ​ទាំងមូល​បាន​ក្លាយ​ជា​ភ្លើង​ចន្លុះ។ ដោយ​ភ័យ​ស្លន់​ស្លោ​ និង​ជាប់​កុន​ក្នុង​អណ្តាត​ភ្លើង ជន​រង​គ្រោះ​ខ្លះ បាន​លោត​ពី​លើ​ផ្ទះ​​តាម​បង្អួច ខ្លះ​រត់​ឡើង​ទៅ​លើ​ដំបូល។ ពេល​នេះ​ក្រុម​គ្រួសារ​កំពុង​រុក​រក​កូន​ចៅ​ដែល​នៅ​បាត់​ខ្លួន និង​បាន​​បរិហារ​អំពី​កង្វះ​សុវត្ថិភាព​ ក្នុង​ផ្នែក​សំណង់ និង​លំនៅឋាននៅ​ក្នុង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI