កម្ពុជា

ផ្ទះប្រជានេសាទ​ចំនួន​៤០​ខ្នង​ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់

ផ្ទះ​ប្រ​ជា​នេសាទ​​ចំនួន​៤០​ខ្នង និង​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​រង​បួស ដោយ​សារ​អគ្គី​ភ័យ​មួយ ដែល​ផ្ដើម​ចេញ​​ពី​ការ​ផ្ទុះ​ចង្ក្រាន​ហ្គាស​ ដែល​ស្ថិត​ក្នុង​តំបន់​ទំនប់​រលក​ ​សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុកាល​ពី​យប់​ថ្ងៃ​សៅ​រ៍​ទី​២២ ខែ​កញ្ញា​។ ពលរដ្ឋ​ដែល​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​នោះ​កំពុង​សំរាក​ព្យាបាល​នៅ​គ្លី​និក​ឯក​ជន​មួយ​កន្លែង​។ បច្ចុប្បន្ន​នេះ​អាជ្ញាធរ​កំពុង​តែ​បូក​សរុបលទ្ធផល​នៃ​ការ​ខូច​ខាត​នេះ។ ​

ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​
ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​បាន​អោយ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​ផ្ទះ​ប្រ​ជា​នេសាទ​​ចំនួន​​៤០​ខ្នង និង​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​រង​បួស ដោយ​សារ​អគ្គី​ភ័យ​មួយ ដែល​ផ្ដើម​ចេញ​​ពី​ការ​ផ្ទុះ​ចង្ក្រាន​ហ្គាស​ ដែល​ស្ថិត​ក្នុង​តំបន់​ទំនប់​រលក​ ​សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ។

លោក ឈិត សូ​ផាន ចៅ​ង្កាត់​លេខ១ បានវិទ្យុ​បារាំង​អន្តរជាតិ​ថា អគ្គីភ័យ​នេះ បានចាប់​ផ្តើម​​ឆេះ​ពី​ម៉ោង ១១:៣៥​នាទី ​យប់​ថ្ងៃ​សៅរិ៍ រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ទើប​រលត់​ទាំង​ស្រុង​។ ហើយ​មូល​ហេតុ​ ដែលបង្ក​អោយ​មាន​អគ្គី​ភ័យ​នោះ​បាន​ផ្ដើម​ចេញ​ពី​ផ្ទះ​​ស្ត្រី​មេម៉ាយ​ម្នាក់ដែល​បាន​បើក​ចង្ក្រា​ន​ហ្គាស​​ទុក​ចោល ដើម្បី​​កំដៅ​ស៊ុប​ទុក​ឲ្យ​កូនៗ​របស់​គាត់​ហូប​ពេល​ត្រឡប់​ពី​នេសាទ​ត្រីវិញ​​នៅពេល​​យប់​។

នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​បាន​ធ្វើ​អោយ​ផ្ទះ​៤០​ខ្នង ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០​គ្រួសារ បាន​ឆេះ​ខូច​ខាត​ទាំង​ស្រុង និង​មនុស្ស​ចំនួន៧​នាក់​ ដែល​ភាគ​​ច្រើន​ជាស្ត្រី​បាន​រង​របួស ក្នុង​នោះ​មាន​ទារិកា​អាយុ​១១ ខែ​ ម្នាក់​ផង​ដែរ។ ហើយ​ជន​រង​គ្រោះ​​ក្នុង​ឧបទ្ទវ​ហេតុ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​វៀត​ណាម​​មួយ​កន្លែង​​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​បី ក្រុង​ព្រះ​សីហនុ។

ស្នងការនគរបាលខេត្ត ព្រះសីហនុ លោកតាក់ វណ្ណថា បាន​ថ្លែង​អោយ​ដឹង​ថា​ ទីតាំងនោះ​គឺផ្លូវពិបាក​ចូល ហើយ​ផ្ទះសង់ជាប់ៗគ្នា ដែលធ្វើឲ្យឆេះយ៉ាងលឿន។ លោក​សូមអំពាវនាវ​ទៅ​កាន់ប្រជាពលរដ្ឋ​ទាំង​អស់ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ពុំ​ទាន់បូក​សរុប​ទំហំ​នៃ​​ការ​ខូ​ខាត​បាន​នៅឡើយ​ទេ។​

បើ​តាម​ការ​អះអាង​របស់​លោក​នេត្រវន្ថាប្រធាន​ការិយា​ល័យ​បង្ការនិង​ពន្លត់​អគ្គិភ័យនៃស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន​ថ្លែង​អោយ​ដឹង​ថា​ អគ្គីភ័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុងឆ្នាំ​២០១២​ក្នុង​រយៈ​ពេល​៩ ខែ​មក​នេះ​គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០១១។ លោក​ថា​រហូត​មក​ដល់​ពេល​នេះអគ្គីសភ័យ​​បាន​កើត​ឡើង​ចំនួន​៥៦​ករណី​ដែល​ធ្វើ​អោយ​ខូចខាត់​ទ្រព្យ​សម្បតិ្ត​ប្រមាណជា​៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ឆ្នាំ​២០១១​កន្លង​មក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មាន​តែ៧៦​ ករណី​តែ​ប៉ុណ្ណោះ​។ ​

មន្ត្រី​រួប​នោះ​បាន​អោយ​ដឹង​ទៀត​ថា​ ខែ​ដែល​បង្ក​អោយ​មាន​ហនិភ័យ​ខ្ពស់​គឺ​ចាប់​ពី​រដូវ​ប្រាំង​ គឺ​មាន​ខ្យល់​បក​បោក​ខ្លាំង​ ហើយ​អាជ្ញា​ធរ​តែ​ង​តែ​អប់​រំពលរដ្ឋ​អោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅក្នុង​សំណង់​មិន​រៀប​រយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI