កម្ពុជា​-ថៃ-ឥណ្ឌូណេស៊ី

ជម្លោះ​កម្ពុជា ថៃ៖ រឿង​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី នៅព្រំដែន រឹត​តែ​គ្មាន​ពន្លឺ

លោក ហោ ណាំ​ហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី
លោក ហោ ណាំ​ហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី © Reuters

នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​​បន្ទាប់​មក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ បន្ទាប់​ពី​ជំនួប​នេះ លោក​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ផង​នោះ បាន​ថ្លែង​ថា កម្ពុជា និង​ថៃ សុទ្ធតែ​បាន​​ព្រមព្រៀង​​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​ ស្តីពី​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ទៅ​ព្រំដែន ក៏ប៉ុន្តែ នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បំពេញ មុន​នឹង​​​អ្នក​សង្កេតការណ៍​​អាច​ដាក់​ពង្រាយ​នៅ​ព្រំដែន​បាន។

ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ៖
“មកដល់ពេល​នេះ​យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀងមួយ​ហើយ ស្តីពី​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ នៅព្រំដែន។ និយាយ​ឲ្យ​ខ្លី ទាក់ទង​នឹង​លក្ខខណ្ឌ​ប្រតិបត្តិ អ្វីៗ​ត្រូវ​បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ។
 
បញ្ហា​ដែល​នៅ​សេសសល់ គឺ​ទាក់ទង​នឹង​​​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​ដោះស្រាយ មុន​នឹង​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​អាច​​​​ដាក់​ពង្រាយ​លើ​ដី​ជាក់ស្តែង​បាន។
 
អស់​លោក​បាន​ដឹង​ស្រាប់​ហើយ​ថា ភាគី​ថៃ​មាន​ជំហរ​ផ្ទាល់​របស់ថៃ អំពី​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ទៅកាន់​តំបន់​ព្រំដែន។ ហើយ​ភាគី​កម្ពុជា​ក៏​មាន​ជំហរ​ផ្ទាល់​របស់​កម្ពុជា​ដែរ។
 
សម្រាប់​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ត្រូវ​បញ្ជូន​អ្នក​សង្កេតការណ៍ យើង​យល់​ថា បញ្ហា​ដែល​នៅ​សេស​សល់​នេះ គឺ​​ជា​លក្ខខណ្ឌ​អនុវត្ត​ នៃ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍។
 
ដូច្នេះ នៅថ្ងៃ​នេះ ហើយ​ប្រហែល​ជា​នៅ​ថ្ងៃ​ស្អែក​ទៀត ខ្ញុំ​នឹង​ជជែក​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​រដ្ឋមន្រ្តី​ការបរទេស​ថៃ ដើម្បី​កំណត់​​ឲ្យ​បាន​ច្បាស់​ថា​ តើ​​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​​ឲ្យ​​ក្រុម​អ្នក​សង្កេតការណ៍​អាច​ដាក់​ពង្រាយ​នៅព្រំដែន​បាន”។
 

លក្ខខណ្ឌ ដែល​រដ្ឋមន្រ្តី​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​នេះ គឺ​គ្មានអ្វី​ក្រៅ​​ពី​ការទាមទារ​របស់​ថៃ​នោះ​ទេ ដែល​បាន​ទាមទារ​ឲ្យ​កម្ពុជា​ដក​កងទ័ព​ចេញ​ពី​តំបន់ ៤.៦​គីឡូម៉ែត្រ ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ការទាមទារ ដែល​លោក​រដ្ឋមន្រ្តី​ការបរទេស​​កម្ពុជា ហោ ណាំហុង បាន​ច្រានចោល​ទាំង​ស្រុង នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី។
 

ប្រសាសន៍​របស់​​លោក ហោ ណាំហុង

នៅក្នុង​ពេល​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន លោក​ហោ ណាំហុង​រដ្ឋមន្រ្តីការបរទេស​កម្ពុជា​ក៏​បាន​លើកឡើង​ផងដែរ​ពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ នៅក្នុង​បទ​សម្ភាសន៍​ក្រោយ​ពី​បិទ​បញ្ចប់​​កិច្ច​ប្រជុំ លោក​ហោ ណាំហុងបាន​បញ្ជាក់​ថា លោក​បាន​ប្រាប់​អង្គ​ប្រជុំ​អាស៊ាន​ថា ការដែល​ថៃ​ដាក់​លក្ខខណ្ឌ​ដែល​កម្ពុជា​មិន​អាច​ទទួល​យកបាន គឺ​ជា​ចេតនា​របស់​ថៃ ដែល​ចង់​ច្រាន​ចោល​មិន​ចង់​ឲ្យ​មាន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​នៅ​ព្រំដែន​កម្ពុជា ថៃ។

មួយវិញទៀត បើ​យោង​តាម​លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អាច​មាន​ជំនួប​ត្រី​ភាគី ក្រៅ​ផ្លូវការ​ ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ថៃ និង​កម្ពុជា​ អាច​នឹង​ប្រព្រឹត្ត​ទៅ​ក្រោយ​ពេល​ស្រស់​ស្រូប​អាហារពេលល្ងាចនេះ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI