កម្ពុជា

ទឹក​​ជំនន់​​ស្រក​​នៅ​​តាម​​ព្រំដែន​កម្ពុជា តែ​លិច​ខ្លាំង​នៅ​​តាម​​ផ្លូវ​ជាតិ​​លេខ​៥​

ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់
ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់ RFI/Nhim Sophal

អំពី​គ្រោះ​ទឹក​ជនន់ ត្រូវ​បាន​មន្ត្រី​ជំនាញ​លើក​ឡើង​ថា ទឹក​ជំនន់ ដែល​បង្ក​ដោយ​ទឹកភ្លៀង នៅ​តាម​បណ្តោយ​ព្រំ​ដែន​ថៃ ដែល​រួម​មាន ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៨តុលា​ម្សិលមិញ បាន​ស្រក​ចុះ​ហើយ។ ប៉ុន្តែ​ទឹកជំនន់​នោះ បាន​ហូរ​ចុះ​ទៅ​ទន្លេសាប បណ្តាល​ឲ្យ​ភូមិ​ស្រុក នៅ​តាម​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់ ត្រូវ​លិចលង់​ខ្លាំង គិត​រហូត​ដល់​ថ្ងៃទី​៩​តុលា​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨តុលា។ លោក​បាន​ឲ្យ​ដឹងថា ទឹក​ជំនន់​តាម​ព្រំដែន​ថៃ ក្នុង​ខេត្ត​ទាំង​បី​នោះ បាន​ស្រក​ចុះ ដល់​កម្រិត​ដែល​លែង​ក្លាយ​ជា​ទឹកជំនន់​ទៀតហើយ។ 

លោក ញឹម វណ្ណដា បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែល​ដឹកនាំ​ដោយ​រូប​លោក នឹង​ជួបប្រជុំ នៅ​ខេត្ត​បាត់ដំបង ដើម្បី​បូក​សរុប វាយ​តម្លៃ​ពី​ផលប៉ះពាល់ និង​ការ​ខូចខាត ជា​ជំ​ហាន​ដំបូង​ដោយ​គ្រោះ​ទឹក​ជំនន់ នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដែល​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង។

កិច្ចប្រជុំ​នោះ មាន​ការ​ចូលរួម​ពី​អាជ្ញាធរខេត្ត ស្រុក​ក្រុង ឃុំ​សង្កាត់ ដើម្បី​ធ្វើ​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់។ អំពី​ផល​ប៉ះពាល់ និង​ការ​ខូចខាត ដោយ​គ្រោះ​ទឹក​ជំនន់ គិត​មកដល់​ថ្ងៃទី៨តុលា ត្រូវ​បាន​លោក ញឹម វណ្ណដា លើក​ឡើង​ថា បាន​កើន​ឡើង​ជាង​របាយការណ៍ កាលពី​ថ្ងៃទី៧តុលា ទាំង​មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ។

គ្រោះទឹកជំនន់ ក៏​កំពុងតែ​កើតឡើង នៅក្នុង​រាជធានី​ភ្នំពេញ។ តំបន់​ជាច្រើន ត្រូវ​លិចលង់ ដោយសារតែ​ភ្លៀង​មួយ​មេ កាលពី​រសៀល​ថ្ងៃទី៨តុលា បន្ត​រហូតដល់​យប់។ ផ្លូវ និង​ផ្ទះ​ជាច្រើន ត្រូវ​លិច​ទឹក ដោយសារតែ​គ្មាន​កន្លែង​ស្តុក​ទឹក ដែល​ត្រូវ​ហូរ។ ក្រៅពី​ទឹក​លិច ចរាចរណ៍​តាម​ដងផ្លូវ​ស្ទើរតែ​ទាំងអស់ នៅ​ភ្នំពេញ ត្រូវ​កកស្ទះ​រាប់​ម៉ោង កាលពី​ព្រលប់​ថ្ងៃ​អង្គារ ទី៨តុលា​ម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI