អាជ្ញាធរខេត្តបាត់ដំបងសម្រេចចិត្តបើកអាងទឹកកំពីងពួយដើម្បីបញ្ចៀសទឹកជំនន់ធ្ងន់ធ្ងរ
នៅរសៀលថ្ងៃអង្គារនេះ អាជ្ញាធរខេត្តបាត់ដំបង រួមជាមួយក្រសួងធនធានទឹក និងក្រុមហ៊ុនកូរ៉េ ដែលទទួលខុសត្រូវអាងទឹកកំពីងពួយ បានសម្រេចចិត្តបើកទ្វារទឹកអាងកំពីងពួយ ដើម្បីចៀសវាងកុំឲ្យអាងនេះ ស្តុកទឹកច្រើនពេក ហើយធ្វើឲ្យបាក់បង្កជាទឹកជំនន់ក្នុងខេត្តបាត់ដំបង កាន់តែធ្ងន់ធ្ងរ។ បើតាមមន្ត្រីក្រសួងធនធានទឹក អាងទឹកកំពីងពួយនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៧៩ ប៉ុន្តែអាងនេះមិនដែលស្តុកទឹកលើសពី ១៣០លានម៉ែត្រគូប ដូចពេលនេះនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាងទឹកកំពីងពួយ ដែលស្ថិតក្នុងភូមិតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានក្រុមអាជ្ញាធរ និងមន្ត្រីក្រសួងធនធានទឹក រួមជាមួយក្រុមហ៊ុនកូរ៉េ ដែលទទួលខុសត្រូវជួសជុលអាងនេះ សម្រេចចិត្តបើកទ្វារអាងបង្ហូរទឹកចេញ នៅម៉ោងប្រមាណ ២និង៣០រសៀល ថ្ងៃអង្គារនេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា មូលហេតុនៃការបើកទ្វារទម្លាយទឹកចេញពីអាងនេះ គឺដោយសារទឹកនៅក្នុងអាង ទាំងទឹកចាស់ និងទឹកភ្លៀងដែលធ្លាក់ចូល មានបរិមាណខ្ពស់ ដែលអាចបណ្តាលឲ្យហូរបាក់ខ្នងទំនប់អាង។ ម្យ៉ាងទៀត អាងទឹកកំពីងពួយនេះស្ថិតក្រោមការជួសជុលនៅឡើយ ដូច្នេះមានកន្លែងខ្លះទាប និងកន្លែងខ្លះខ្ពស់ ជាហេតុធ្វើឲ្យអាងមិនអាចគ្រប់គ្រងទឹកឲ្យមានស្ថិរភាពបាន។
បើតាម លោក ចាន់ យុត្ថា ប្រសិនបើគេមិនបង្ហូរទឹកនេះចេញទេ ទឹកនឹងមិនមានសមមាត្រគ្នា ហើយវាអាចធ្វើឲ្យបាក់ទំនប់ទឹក បង្កជាគ្រោះមហន្តរាយទឹកជំនន់ កាន់តែធ្ងន់ធ្ងរ ដល់ប្រជាជនក្នុងខេត្តបាត់ដំបងទាំងមូល។
ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បានបន្តថា ការរំដោះទឹកចេញពីអាងកំពីងពួយនេះ វាចៀសមិនផុតពីការប៉ះពាល់ដល់ប្រជាជននៅផ្នែកខាងក្រោមអាងនោះទេ។ ប៉ុន្តែ កាលពីម៉ោង១រសៀល អាជ្ញាធរបានជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពរួចរាល់ហើយ។
គួរបញ្ជាក់ថា ទឹកដែលហូរចេញពីការបើកអាងកំពីងពួយនេះ គឺហូរធ្លាក់ទៅកាន់អូរគគី ស្រុកឯកភ្នំ រួចបន្តធ្លាក់ទៅបឹងទន្លេសាប។ ទឹកជំនន់កំពុងបន្តវាយលុកខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតតាមដងទន្លេមេគង្គ។ រហូតមកដល់ពេលនេះទឹកជំនន់បានសម្លាប់មនុស្ស ៨៣នាក់ហើយ។
យ៉ាងណាក៏ដោយ បើតាមមន្ត្រីក្រសួងធនធាន អាកាសធាតុ នៅខេត្តបាត់ដំបង ថ្ងៃអង្គារទី៨តុលានេះ មានភាពល្អប្រសើរជាងថ្ងៃមុន។ ចំណែកទឹកក៏បានស្រកចុះជាបណ្តើរៗហើយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ