ទឹកជំនន់ឆ្នាំ២០១៣ ប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
ខណៈដែលទឹកជំនន់នៅឆ្នាំ២០១៣នេះ កំពុងបន្តវាយប្រហារបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា មិនទាន់ស្រាកស្រាន្តនៅឡើយនោះ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំង។ ផ្ទៃដីកសិកម្មប្រមាណជាង ១១ម៉ឺនហិកតា និងគេហដ្ឋានរាប់ម៉ឺនគ្រួសារផ្សេងទៀត កំពុងរង់ការលិចលង់។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលបានអះអាងថាត្រៀមខ្លួនរួចជាស្រេចដើម្បីស្រោចស្រង់ និងស្ថាបនាឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទឹកជំនន់ឆ្នាំ២០១៣នេះ បណ្តាលឱ្យផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត។ នេះបើតាមនាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ។
លោកបានបន្តថា ទឹកជំនន់តាំងពីខែកញ្ញាមក ដែលនៅតែបន្តលិចលង់នោះ បានបណ្តាលឱ្យផ្ទៃដីកសិកម្មដំណាំស្រូវ១១ម៉ឺន៥ពាន់ហិកតា កំពុងលិចលង់ ហើយដំណាំស្រូវ៤១ហិកតាបានខូចខាតទាំងស្រុង រួមទាំងដំណាំរួមផ្សំចំនួន៦៩០ហិកតាផ្សេងទៀត រងការលិចលង់ផងដែរ។ ក្រៅពីវិស័យកសិកម្មដែលកំពុងរងការខូចខាតយ៉ាងដំណំនោះ បើតាមលោក កែវ វីដដែល ជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តចំនួន៩ដែលរួមមាន ខេត្តកណ្តាល ព្រៃវែង កំពង់ចាម ព្រះវិហារ រតនៈគីរី ជាដើមនោះ ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។
គិតត្រឹមថ្ងៃសុក្រទី៤ តុលានេះ ប្រជាពលរដ្ឋ៣៩នាក់ បានស្លាប់ ចំណែកមនុស្សប្រមាណជាង ៦០ម៉ឺននាក់ផ្សេងទៀត កំពុងរងការប៉ះពាល់ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំណែកឯផ្ទះសម្បែងប្រមាណជាង១០ម៉ឺនខ្នង កំពុងរងការលិចលង់ ខណៈដែលសាលារៀន ចំនួន៧៦០ខ្នង និងវត្តអារាម៣៥៣កន្លែង និងមន្ទីរពេទ្យ៤៥កន្លែង រួមទាំងផ្លូវជាតិប្រវែង៤៩គីឡូម៉ែត្រ ផ្លូវលំ១៣៣២គីឡូម៉ែត្រ រួមទាំងស្ពាន ១៣៧ កន្លែង ក៏កំពុងរងការវាយប្រហារផងដែរ។ នេះបើតាមលោកកែវ វី។
បើទោះបីជាមិនទាន់អាចវាយតម្លៃការខូចខាតក្នុងគ្រោះទឹកជំនន់ឆ្នាំ២០១៣យ៉ាងណាក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វីដដែល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធផ្សេងទៀត បានត្រៀមស្បៀងបម្រុងរដ្ឋាភិបាលរួចជាស្រេច សម្រាប់ការជួយសង្គ្រោះដំណោះស្រូវ ក៏ដូចជាការផ្តល់ពូជស្រូវពេលរដូវទឹកសម្រក ព្រមទាំងការជួសជុល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ