ទឹកជំនន់និងវិបត្តិនយោបាយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីដែរបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាស្រដៀងគ្នា គឺក្នុងរង្វង់៧ភាគរយក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ។ នេះអាចចាត់ទុកជាកំណើនសេដ្ឋកិច្ចខ្ពស់មួយសម្រាប់ប្រទេសកម្ពុជា បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចបានមើលឃើញថា បញ្ហាទឹកជំនន់ និងវិបត្តិនយោបាយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ប្រសិនបើវានៅតែបន្តរុករានក្នុងរយៈពេលយូរតទៅទៀត។
គ្រោះទឹកជំនន់ និងវិបត្តិនយោបាយដែលកំពុងតែវាយលុកប្រទេសកម្ពុជាទន្ទឹមគ្នាពេលនេះអាចបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិប្រសិនបើវានៅតែអូសបន្លាយរយៈពេលយូរនិងបង្កផលវិបាកធំធេងនៅពេលខាងមុខនេះ។
លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា គ្រោះទឹកជំនន់ប្រសិនបើវានៅបន្តយូរតទៅទៀត អាចនឹងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្មមួយចំនួន ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ចំណែកវិបត្តិនយោបាយក៏អាចប៉ះពាល់ដល់សេដ្ឋកិច្ចដែរ ប្រសិនបើវានៅអូសបន្លាយយូរ និងកាន់តែរីកធំឡើងនោះ ជាពិសេស ប្រសិនបើជំនួយបរទេសត្រូវបានផ្អាកដូចដែលគណបក្សប្រឆាំងកំពុងទាមទារមែននោះ។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ វិបត្តិនយោបាយនៅមិនទាន់បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនៅឡើយទេ។ ធនាគារពិភពលោកបានចេញរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណជា ៧ភាគរយក្នុងឆ្នាំ ២០១៣ ។ កាលពីសប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) ក៏បានព្យាករដែរថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៣ នេះនឹងមានអត្រា ៧,២ ភាគរយ។ កំណើននេះនឹងឡើងដល់ ៧,៥ គាគរយក្នុងឆ្នាំ ២០១៤ ។
កំណើននេះកើតឡើងដោយសារតែការនាំចេញនៃផលិតផលកាត់ដេរ និងការនាំចេញអង្ករបានកើនឡើងជាលំដាប់។ ចំណែកឯវិស័យសំណង់ និងទេសចរណ៍ដែលជាសសរគ្រឹះនៃសេដ្ឋកិច្ចជាតិដែរនោះ ក៏មានសន្ទុះកើនឡើងខ្លាំងដែរ។ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងកម្រិតខ្ពស់មួយបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ដែលកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវរាប់ទាំងប្រទេសចិនផងដែរ។
បើយោងតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជាបានអនុញ្ញាតឲ្យប្រទេសនេះកាត់បន្ថយភាពក្រីក្របានលឿនគួរឲ្យកត់សម្គាល់ពោលគឺថយពី ៥០ភាគរយក្នុងឆ្នាំ ២០០៤ មកនៅត្រឹម២០ភាគរយក្នុងឆ្នាំ ២០១១។ យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចបានមើលឃើញថា វិស័យទាំង៤ដែលទ្រទ្រង់សេដ្ឋកិច្ឋជាតិ គឺ វិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ និងសំណង់ មិនទាន់មានស្ថិរភាពទេ។
ម្យ៉ាងទៀត ការបែងចែកភាគផលដល់ប្រជាជនគ្រប់រូប ក៏មិនទាន់មានសមភាពដែរ។ ដូច្នេះ ការរក្សាស្ថិរភាពនយោបាយ និងកំណែទម្រង់ចាំបាច់នានា គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាឲ្យជនកម្ពុជាគ្រប់រូបទទួលបានផលពីកំនើនសេដ្ឋកិច្ចនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ