ទឹកជំនន់ស្រកនៅប៉ៃលិន និងសៀមរាប ខណៈក្រុងនិងស្រុកទាំង៩នៅបន្ទាយមានជ័យ ជន់លិច
ទឹកជំនន់មានការស្រកជាបណ្ដើរៗ នៅល្ងាចថ្ងៃចន្ទ ទី០៧ តុលា នេះ ជាពិសេសនៅខេត្តប៉ៃលិន និងខេត្តសៀមរាប។ ប៉ុន្តែ ខេត្តបន្ទាយមានជ័យ នៅជាប់ទល់ដែនថៃឯណោះវិញ ទឹកជំនន់នៅនៅតែគ្របដណ្ដប់ទូទាំងក្រុង និងស្រុកទាំង៩ដដែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មកដល់ល្ងាចថ្ងៃចន្ទ ទី០៧ តុលានេះ កំពស់ទឹកនៅខេត្តប៉ៃលិនបានស្រកចុះជាបណ្ដើរៗហើយ។ បើតាមលោក ណុប សេរីយុទ្ធ ស្នងការរងខេត្តប៉ៃលិន ឲ្យដឹងថា ផ្លូវមួយចំនួននៅក្នុងឃុំស្ទឹងត្រង់ ដែលមិនអាចធ្វើចរាចរណ៍បានកាលពីម្សិលមិញ ប្រជាជនអាចដើរ និងបើកបរបានវិញហើយ នៅក្នុងថ្ងៃចន្ទនេះ។
គួររម្លឹកថា ខេត្តប៉ៃលិនធ្លាប់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរម្ដងហើយកាលពីឆ្នាំ ១៩៩៤ ហើយនៅក្នុងឆ្នាំ២០១៣ នេះ លោកស្នងការរងខេត្តរូបនេះបញ្ជាក់ថា ទំហំទឹកជំនន់ឆ្នាំ២០១៣ នេះមានសភាពធ្ងន់ធ្ងរជាងជំនន់ឆ្នាំ ១៩៩៤ទៀត។ គួរបញ្ជាក់ថា នគរបាល កងរាជអាវុធហត្ថ ទាហានប្រចាំព្រំដែន និងអាជ្ញាធរភូមិ-ឃុំ កំពុងតែចុះជួយសង្គ្រោះ និងផ្ដល់ជំនួយដល់ជនរងគ្រោះទាំងអស់ នៅក្នុងខេត្តប៉ៃលិន។
យ៉ាងណាក៏ដោយ លោកស្នងការរង ណុប សេរីយុទ្ធ ក៏បានបញ្ជាក់ពីផលវិបាកមួយចំនួនក្នុងពេលជួយជម្លៀសប្រជាជន។ ផលវិបាកដែលបណ្ដាលមកពីប្រជាជន មិនផ្ដល់សហការ ហើយពួកគាត់ធ្វើការសម្រេចចិត្តខ្លួនឯងមិនទទួលយកការជម្លៀស រហូតទាល់តែទឹកលិចដល់ដំបូលផ្ទះទើបស្រែករកជំនួយ។
នៅខេត្តសៀមរាបវិញ ទឹកជំនន់ឆ្នាំនេះមានសភាពធ្ងន់ធ្ងរដែរ តែមិនធ្ងន់ដូចកាលឆ្នាំ ២០១១ ឡើយ។ នេះបើតាមលោក ទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាប។ លោក អភិបាលក្រុងប្រាប់វិទ្យុបារាំងឲ្យដឹងថា ទឹកជំនន់ខាងកើតក្រុងសៀមរាប មានភាពធូរស្រាលហើយ ចំណែកឯនៅខាងលិចក្រុងវិញ ទឹកជំនន់នៅមានច្រើនជាងខាងកើតក្រុង ដោយសារតែខ្នងទំនប់តាកៅ បានបាក់កាលពីពីរថ្ងៃមុន។ លោក អភិបាលក្រុងបន្តថា បើទោះជាខ្នងទំនប់តាកៅបានបាក់ក៏ពិតមែន ក៏ទឹកជំនន់មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបុរាណឡើយ ហើយនៅថ្ងៃចន្ទនេះដែរ ក៏មានបញ្ជាពីអភិបាលខេត្តសៀមរាប ឲ្យរៀបចំបិទទំនប់ដែលបាក់នេះដែរ។ គួររកម្លឹកថា ទឹកជំនន់នៅសៀមរាប ក្នុងឆ្នាំ ២០១៣ នេះ បានឆក់យកជីវិតកុមារីពីរនាក់ ម្នាក់អាយុ ១ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ។
បើទោះជាខេត្ត ប៉ៃលិន និងសៀមរាប ទឹកជំនន់មានការស្រកចុះក៏ពិតមែន នៅខេត្តបន្ទាយមានជ័យឯណោះវិញទឹកជំនន់នៅតែបន្តវាយប្រហារស្រុក និងក្រុងទាំង៩របស់ខេត្តមួយនេះ។ នេះបើតាម លោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តបន្ទាយមានជ័យនេះដដែលបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងខេត្តរបស់លោកមានសភាពធ្ងន់ធ្ងរជាងឆ្នាំមុន។ ធ្ងន់ធ្ងរត្រង់ថា មកដល់ពេលនេះ ទឹកជំនន់កំពុងវាយប្រហារមកលើស្រុក និង ក្រុងទាំង ៩ របស់ខេត្តមួយនេះ។ ហើយថា អាជ្ញាខេត្តបានកំពុងតែជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព ទីទួលសុវត្ថិភាពដែលមានចម្ងាយប្រមាណ១៥ គីឡូម៉ែត្រ ពីតំបន់ទឹកលិច។ ការជម្លៀសដែលមានចំងាយឆ្ងាយបែបនេះគឺដោយសារស្រុក ភូមិមួយចំនួនត្រូវបានលិចលង់ទាំងស្រុង។ លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ការជម្លៀសប្រជាពលរដ្ឋរងគ្រោះធ្វើឡើងតាមរយៈទូកសុវត្ថិភាពប្រចាំខេត្ត និង ទូកសហគមន៍របស់ប្រជាពលរដ្ឋដែលមានប្រមាណជាង ១០ គ្រឿង។
ហើយមកដល់ពេលនេះ កាកបាទក្រហម អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការ Caritas និង សម្បុរសជននានាកំពុងតែផ្ដល់ជំនួយ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់របរប្រើប្រាស់ដល់ប្រជាជនរងគ្រោះ ក្នុងខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ លោកអភិបាលខេត្តក៏បានប្រាប់ដែរថា ប្រជាពលរដ្ឋម្នាក់បានស្លាប់ដោយសារគាត់ចេញទៅដាក់មង ក្នុងពេលទឹកជំនន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ