សង្គមស៊ីវិលនិងរដ្ឋាភិបាលពិភាក្សាពីសមាហរណកម្មអាស៊ានឆ្នាំ ២០១៥
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមសង្គមស៊ីវិលជាតិ អន្តរជាតិ និងរដ្ឋាភិបាលនៅព្រឹកថ្ងៃអង្គារនេះ បានជួបជុំគ្នា នៅសណ្ឋាគារឡឺរូយ៉ាល់ ក្នុងសិក្ខាសាលាមួយ ស្តីពីធុរកិច្ច និងនីតិរដ្ឋ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥។ នៅក្នុងសិក្ខាសាលានោះ គេពិភាក្សា ដោយផ្តោតសំខាន់ លើកំណែទម្រង់ជារួម លើបញ្ហាមួយចំនួន ដែលធ្វើឲ្យរាំងស្ទះ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។
អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងរដ្ឋាភិបាលផង នៅព្រឹកថ្ងៃអង្គារនេះ បានពិភាក្សាគ្នានៅក្នុងសិក្ខាសាលាមួយ ស្តីពីនីតិរដ្ឋ ក្នុងអាស៊ាន ដែលផ្តោតសំខាន់លើលទ្ធភាព និងបញ្ហាប្រឈម ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ ។
សិក្ខាសាលានេះរៀបចំដោយអង្គការ USAID និងមជ្ឃមណ្ឌលធនធានសិទ្ធមនុស្ស Human Right Resource Center ។ តំណាងក្រុមសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ក៏មានវត្តមាននៅទីនោះដែរ។
នៅក្នុងវីដេអូរយៈពេល ៣០នាទី ដែលគេបានចាក់បញ្ចាំងក្នុងសិក្ខាសាលានោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិយាយថា រដ្ឋាភិបាលកំពុងតែគិតគូរពីគ្រប់វិស័យ ដើម្បីញុំាងឲ្យវិនិយោគិន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ លោក ផៃ ស៊ីផាន បន្ថែមថា ការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ តុលាការយុត្តិធម៌ គឺជាបញ្ហាចម្បង សម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា។
ចំនែកលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅសិក្ខាសាលានោះ បាននិយាយថា កន្លងមករដ្ឋាភិបាលហាក់ដូចជាយល់ច្រឡំថា ឲ្យតែធ្វើសមាហរណកម្មឲ្យលឿន គឺកម្ពុជានឹងមានទីផ្សារលក់ផលិតផល ដល់ប្រជាជនចំនួន ៦០០លាននាក់ក្នុងអាស៊ាន ប៉ុន្តែ បើកម្ពុជាគ្មានទំនិញទៅលក់គ្រប់គ្រាន់ នោះការនាំចូលពីបរទេសនឹងធ្វើឲ្យជញ្ជីងពាណិជ្ជកម្មនៅក្នុងប្រទេស ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងន់។
លោក សុន ឆ័យ បន្តថា ដើម្បីពង្រឹងច្បាប់នៅកម្ពុជាឲ្យកាន់តែរឹងមាំ រដ្ឋាភិបាលគួរតែឆាប់ដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន ដើម្បីមានលទ្ធភាពរៀបចំស្ថាប័នជាតិ រួមមានស្ថាប័នតុលាការឯករាជ្យ និងយន្តការក្នុងការគ្រប់គ្រងប្រទេស ដើម្បីឲ្យវិនិយោគិនមិនខ្លាចរអារ នឹងចូលមកវិនិយោគនៅកម្ពុជា។
លោក Param Cumaraswamy អ្នកតស៊ូមតិ និងជាអតីតអ្នករាយការណ៏ពិសេស ស្តីពីឯករាជភាពរបស់ចៅក្រម និងមេធាវី បាននិយាយថា អាស៊ាន គឺជាតំបន់មួយដែលមានផលទុន ក្នុងស្រុកសរុប GDP ២៣០០ ពាន់លានដុល្លារ និងមានប្រជាជនច្រើនជាង ៦០០លាននាក់។ ហើយអាស៊ាន ក៏នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចចទី៣ ក្នុងទ្វីបអាស៊ី បន្ទាប់ពីចិន និងឥណ្ឌា។ ការព្យាករណ៍ផ្នែកហិរញ្ញវត្ថុ បច្ចុប្បន្ន បានចាត់ទុកថា កំណើនផលទុនក្នុងស្រុកសរុបរហូតដល់ ១ពាន់ពាន់លានដុល្លារ មុនឆ្នាំ ២០៣០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ