រុស្ស៊ី-អាមេរិក

រុស្ស៊ី​ទើប​បង្ហោះ​យ៉ាងជោគជ័យ ផ្កាយ​រណប​ទូរគមនាគមន៍​អាមេរិកាំង

ផ្កាយរណបទូរគមនាគមន៍អាមេរិកាំងឈ្មោះ Intelsat-18 ដែល​រុស្ស៊ី​បាញ់​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ តុលា
ផ្កាយរណបទូរគមនាគមន៍អាមេរិកាំងឈ្មោះ Intelsat-18 ដែល​រុស្ស៊ី​បាញ់​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ តុលា ©espace russe

ការបង្ហោះ​នេះ​ដែល​ធ្វើដោយ​កាំជ្រួច​ធុនធ្ងន់​របស់​រុស្ស៊ី ឈ្មោះ Zenith-2SB ទាំង ពាំផ្ទុក​ទៅជាមួយ គឺ​ផ្កាយរណប​ទូរគមនាគមន៍​អាមេរិកាំង​ឈ្មោះ Intelsat-18 បាន​ប្រព្រឹត្ត​ទៅ នៅវេលាម៉ោង ១ រំលងអធ្រាត្រ ឆ្លងចូល​ថ្ងៃ​ទី​៦​តុលា​នេះ។ ផ្កាយរណបនោះ គឺទុក សម្រាប់ ធ្វើការ​ផ្សាយ​ទូរទស្សន៍​តាមប្រព័ន្ធ Digital ទៅកាន់​ដែនដី​អាមេរិក​ខាងជើង ប្រទេស​អូស្ត្រាលី នូវ៉ែលហ្ស៊េឡង់ តំបន់អាស៊ីបូព៌ា និង មហាសមុទ្រប៉ាស៊ីហ្វិក។

ផ្សាយពាណិជ្ជកម្ម

ការបង្ហោះ​ទៅ​អវកាស​ថ្ងៃនេះ គឺជាលើក​ទី​២១ហើយ ដែលរុស្ស៊ី បានធ្វើ​សម្រាប់ឆ្នាំ ២០១១។ កាំជ្រួច Zenith-2SB ត្រូវបាន​បង្ហោះ​ចេញទៅ គឺ​ពីទី​លាន ទី៤៥ នៃព្រលាន​អវកាស Baikonour ដែលក្លាយ​ទៅជា​កម្មសិទ្ធិ​របស់ប្រទេស​កាហ្សាកស្ថាន ក្រោយពី សហភាពសូវៀត រលាយទៅក្នុងឆ្នាំ ១៩៩១ ហើយដែលសព្វថ្ងៃរុស្ស៊ី​ជួលប្រើប្រាស់ រហូត ដល់ឆ្នាំ​២០៥០ ដោយ​បង់ថ្លៃ​ក្នុង១ឆ្នាំៗ គឺ​១១៥លាន​ដុល្លារ​អាមេរិក។

រំលង​៦ម៉ោងកន្លះ​មក គឺនៅ​ម៉ោង៧ និង៣៤នាទី ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី ៦​តុលា ពេល​ដែល​ផ្កាយរណប Intelsat-18 បាន ហោះចូល​ទៅក្នុង តារាវិថី​កំពស់ ៣៦.០០០គ.ម.ពីផ្ទៃ​ផែនដី ជាទី​ដែលវា​ត្រូវ​ស្ថិតនៅ ប្រចាំការ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosCosmos ក៏បាន​ប្រគល់ របប​បញ្ជា​លើ​ការហោះហើរ នៃ ផ្កាយរណប​នោះ ទៅក្នុង​ដៃ​នៃ​ក្រុមហ៊ុន​អាមេរិកាំង Intelsat ដែលជា​ភាគី​បញ្ជា​ឲ្យ​បង្ហោះវា និង ដែលមាន​ទីស្នាក់ការ នៅឯក្រុង Luxembourg។

ផ្កាយរណប Intelsat-18 មាន​ទម្ងន់ ៣តោន​២០០គីឡូក្រាម ទុកសម្រាប់​ដំណើរការ​យ៉ាងសកម្ម រយៈពេល ១៥ឆ្នាំ ទៅមុខ។ វាជា ផ្កាយ​រណបមួយ ក្នុង​ចំណោម​ផ្កាយរណប​ទូរគមនាគមន៍ ធុន ធ្ងន់ ចំនួន១០ លំដាប់ថ្នាក់ STAR GEO បង្កើត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង Orbital Sciences។

លំដាប់​ថ្នាក់ STAR GEO នេះ គឺមាន​ន័យថា សម្រាប់​ហោះ​តារា​វិថី​កំពស់ ៣៦.០០០គ.ម. ជា ទី​ដែលល្បឿន​ចល័ត​នៃ​ផ្កាយរណប គឺស្មើ​នឹង​ល្បឿន​វិល១ជុំ របស់​ផែនដី ដែលស៊ី​ពេលអស់ ២៤ម៉ោង។ នេះជាចំណុច​សំខាន់ សម្រាប់​ផ្កាយ​រណប​បំពេញ​មុខងារ​វា ខាង​ធ្វើការ​ផ្សាយ ទូរទស្សន៍ តាមប្រព័ន្ធDigital ទៅកាន់​តំបន់​ជាក់លាក់​នៃ​ផែនដី ហើយ​ក្នុង​ករណី​ដែល​មាន គឺទៅកាន់ ដែនដីអាមេរិក​ខាងជើង ប្រទេសអូស្ត្រាលី នូវ៉ែលហ្ស៊េឡង់ តំបន់អាស៊ីបូព៌ា និង មហាសមុទ្រ ប៉ាស៊ីហ្វិក។

ជា​ការកត់សម្គាល់ ថ្លៃ​មធ្យម នៅលើទី​ផ្សារអន្តរជាតិ នៃសេវា​បង្ហោះ​ផ្កាយរណប ទៅកាន់​តារាវិថី កំពស់ STAR GEO គឺពី៧០ ទៅ៩០​លាន​ដុល្លារ។ នៅលើទី​ផ្សារ​នេះ កាំជ្រួច​បង្ហោះ​របស់​រុស្ស៊ី តែង​ប្រជែង​ជាមួយ កាំជ្រួច​ធុនធ្ងន់ របស់ស.រ.អា. ទីភ្នាក់ងារអវកាសអឺរ៉ុប ប្រទេសជប៉ុន ព្រមទាំងចិន និងឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI