តុលាការឡាអេនឹងបើកសវនាការលើបណ្តឹងរបស់កម្ពុជាប្រឆាំងវត្តមានទ័ពថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនឹងបើកសវនាការលើបណ្តឹងរបស់ កម្ពុជាដែលទាមទារអោយមានវិធានការជាបន្ទាន់លើការថែរក្សាប្រាសាទ ព្រះវិហារ ដែលសវនាការនេះត្រូវបានកំណត់ធ្វើនៅថ្ងៃទី៣០ និង៣១ខែឧសភាខាងមុខនេះ។ កម្ពុជាស្វាគមចំណាត់ការរបស់តុលាការឡាអេនេះ ហើយថា កម្ពុជាក៏ត្រៀមប្រតិភូរបស់ខ្លួនដើម្បីឡើងទៅបកស្រាយនៅចំពោះ មុខតុលាការអន្តរជាតិផងដែរ។
យោងតាមបណ្តឹងរបស់កម្ពុជា ដែលដាក់ដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា តុលាការយុត្តិធម៌អន្តរជាតិឡាអេ បានសម្រេចបើកសវនាការ ២ថ្ងៃ គឺនៅថ្ងៃទី៣០ និង៣១ឧសភាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការឡាអេកាលពីថ្ងៃទី១៩ឧសភា។
តាមពិត តុលាការក្រុងឡាអេបានសម្រេចចិត្តបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្តឹងមួយរបស់កម្ពុជា ដែលស្នើអោយមានវិធានការ ជាបន្ទាន់ ដើម្បីការអភិរក្សប្រាសាទព្រះវិហារ ដោយចៀសអោយបានការប៉ះទង្គិចដោយអាវុធសាជាថ្មី។
កាលពីថ្ងៃទី២៨មេសា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុងបានដាក់បណ្តឹងចំនួន២ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលបណ្តឹងទីមួយ គឺការស្នើអោយបកស្រាយសាលក្រមឡាអេឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារ និង បណ្តឹងទី២ គឺការស្នើចាត់វិធានការ ជាបន្ទាន់ ដើម្បីការអភិរក្សប្រាសាទព្រះវិហារ ពោលគឺ ស្នើអោយមានការបញ្ជាអោយថៃដកទ័ពចេញពីតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ។ គឺបណ្តឹងទី២នេះហើយ ដែលតុលាការអន្តរជាតិឡាអេចាប់ផ្តើមចាត់ការនោះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួងបានថ្លែងសាទរចំពោះការចាត់ការរបស់តុលាការឡាអេលើបណ្តឹងរបស់កម្ពុជា។
យោងតាមនីតិវិធី ភាគីទាំងពីរ កម្ពុជា និងថៃនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមដើម្បីបង្ហាញទឡ្ហីករណ៍ផ្ទាល់មាត់។ លោកកុយ គួងបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនឹងដឹកនាំគណៈប្រតិភូ ក្រុមអ្នកច្បាប់កម្ពុជាទៅទីក្រុងឡាអេសម្រាប់សវនាការនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ