អាហ្វហា្កនិស្ថាន

សន្និសីទ​​ស្តីពី​អាហ្វហា្កនិស្ថាន​

លោក​ប្រធានាធិបតីអាហ្វហ្កានិស្ថាន Hamid karzaï,ត្រូវបាន​ធ្វើ​បដិសណ្ឋារកិច្ចដោយ​លោក​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាល្លឺម៉ង់​ Guido Westerwelle ពេល​អញ្ជើញ​មកដល់​ទីក្រុង​Bonn ថ្ងៃទី​២ធ្នូ​២០១១​
លោក​ប្រធានាធិបតីអាហ្វហ្កានិស្ថាន Hamid karzaï,ត្រូវបាន​ធ្វើ​បដិសណ្ឋារកិច្ចដោយ​លោក​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាល្លឺម៉ង់​ Guido Westerwelle ពេល​អញ្ជើញ​មកដល់​ទីក្រុង​Bonn ថ្ងៃទី​២ធ្នូ​២០១១​ REUTERS/ Ina Fassbender

សន្និសីទ​ស្តីពី អាហ្វហ្កានិស្ថាន ដែល​បើក​នៅ​ថ្ងៃ​ចន្ទ​៥​ធ្នូ​នេះ​នៅ​ទីក្រុង​ Bonn​នៃ​ប្រទេស​អាល្លឺម៉ង់​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​មហាអំណាច​លោក​ខាង​លិច​បន្ត​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ខ្លួន​ដើម្បី​ជួយ​ប្រទេស​នេះ ទោះបី​ជា​មាន​ការ​ដក​ទ័ព​ចេញ​ក៏​ដោយ ប៉ុន្តែ វិបត្តិ​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​និង​ភាព​តានតឹង​ជា​មួយ​ប៉ាគីស្ថាន​និង​អ៊ឺរង់ ប្រហែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តី​ប្តេជ្ញា​ចិត្ត​របស់​គេ។

ផ្សាយពាណិជ្ជកម្ម

 

“យើង​ជួប​ជុំ​គ្នា​នៅ​ទីក្រុង Bonn ដើម្បី​បន្ត​គាំទ្រ​អាហ្វហ្កានិស្ថាន​តទៅទៀត”-នេះ​ជា​ប្រសាសន៍​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប. Ban ki moon​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​៤​ធ្នូ​មុន​សន្និសីទ​អន្តរជាតិ​ដែលមានការចូលរួមនៃ​គណៈប្រតិភូប្រទេសចំនួន១០០ ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង ការបរទេស​និង​អង្គការ​អន្តរជាតិ​នៅ​អតីត​រដ្ឋធានី​អាល្លឺម៉ង់។

មុន​ការ​ចាក​ចេញ​ទៅ​នៃ​កង​កម្លាំង​ទ័ព​បរទេស​សំខាន់ៗ​នៅ​ឆ្នាំ ២០១៤ គោលដៅ​នៃ​ជំនួប​កំពូល​​អន្តរជាតិ​នេះ​គឺ​ផ្តល់​ឲ្យ​រដ្ឋការ​ក្នុង​ស្រុក​នូវ​មធ្យោបាយ​ជា​ចាំបាច់​ដើម្បី​បំភ្លេច​ចោល​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​នៃ​សង្គ្រាម​ស៊ីវិល​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៩២។

ដប់​ឆ្នាំ​បន្ទាប់​ពី​សន្និសីទ​លើក​ទី​១​នៅ​ទីក្រុង​ Bonn ឧទ្ទិស​ចំពោះ​ការ​កសាង​អាហ្វហ្កានិស្ថាន​ឡើង​​​វិញ។ ហេតុ​នៃ​ក្តី​ព្រួយ​បារម្ភ នៅ​តែ មាន​ច្រើន​ដដែល។

ហេតុ​ទី​១ គឺ​សន្តិសុខ​និង​សមត្ថភាព​របស់​កង​កម្លាំង​អាហ្វហ្កានិស្ថាន ផ្ទាល់​និង​បន្ត​វេន​បន្ទាប់​ពី​ការ​ចាក​ចេញ​ទៅ​នៃ​កង​កម្លាំង​ទ័ព​បរទេស។
វិភាគទាន​ហិរញ្ញវត្ថុ​ចាំ​បាច់​សំរាប់​ការ​អប់រំ​កង​កម្លាំង​អាហ្វហ្កានិស្ថាន​ក៏​ជា​ប្រធាន​បទ​ធំ​មួយ ដែរ​នៃ​សន្និសីទ​នៅ​ទីក្រុង​Bonn ក៏​ដូច​ជា​ជោគ​វាសនានៃ​ការ​ចរចា​មិន​បាន​សំរេច​ជោគ​ជ័យ ជា​មួយ​​ភាគី​តាលីបង់។
វិបត្តិ​រវាង អ.ស.ប.និង​ប៉ាគីស្ថាន​ហើយ​និង​ការ​ប្រឈម​មុខ​ទល់​នឹង អ៊ឺរ៉ង់ អាច​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក​ជាង​សន្និសីទ បើក​នៅ​ថ្ងៃ​ចន្ទ​៥​ធ្នូ​នេះ។​

Islamabad​ដែលដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ជោគ​វាសនា​អាហ្វហ្កានិស្ថាន បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សន្និសីទ បន្ទាប់ពី​មរណភាព​ដោយ​ចៃដន្យ​នៃ​ទាហាន​ខ្លួន​២៤​នាក់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​ភាន់​ច្រឡំ​របស់​អូតង់​នៅ​ថ្ងៃ​២៦​វិច្ឆិកា។

ក៏​ដូច​ជា​ដប់​ឆ្នាំ​មុន​អ៊ីចឹង​ដែរ​នៅ​ទីក្រុង​Bonn​ដដែល​នេះ ពួក​តាលីបង់​ធ្វើ​ពហិការ​ពុំ​ចូល​រួម​ក្នុង​សន្និសីទ​ទេ។ លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន Hamid Karzaï បាន​ចោទ​ប៉ាគីស្ថាន ថា​ទប់​បង្អាក់រាល់​ការ​ចរចា​ជា​មួយ​ពួក​តាលីបង់​នៅ​ក្នុង​បទសម្ភាសន៍ ផ្តល់​ឲ្យ​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍​អាល្លឺម៉ង់ Der Spiegel។
“រហូត​មក​ទល់​ពេល​នេះ គួរ​ឲ្យ​ស្តាយ គេ​បាន​បដិសេធ​​ជានិច្ច​ពុំ​ព្រម​ជួយ​ឲ្យ​សំរេចការ​ចរចា​ជា​មួយ​ថ្នាក់​ដឹកនាំ​តាលីបង់”-នេះ​ជា​ប្រសាសន៍​របស់​លោក Hamid karzaï ។
 

នៅ​ក្នុង​បរិយាកាស​ដ៏​តានតឹង​នេះ សន្និសីទ​នៅទី​ក្រុង Bonn នឹង​ត្រូវ​បញ្ចប់​ដោយ​សេចក្តី​ថ្លែងការណ៍​ជា​ចុងក្រោយ​ស្តីពី”ការ​ជាប់​ពាក់​ព័ន្ធ​ជា​ទូទៅ” នៅ​អាហ្វហ្កានិស្ថាន ដោយ​គ្មាន​តួលេខ​ច្បាស់​លាស់​-ស្រប​តាម​ប្រភពការទូត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI