រុស្ស៊ី

“វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​” នៅ​ក្រុង​រុស្ស៊ី​ Saint-Petersbourg​

"វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​"នៅក្រុង​ Saint-Petersbourg
"វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​"នៅក្រុង​ Saint-Petersbourg RFI/Keo Chhaya

ថ្ងៃ​នេះ​នៅ​​ក្រុង​​Saint-Petersbourg​​អតីត​​រាជ​ធានី​​រុស្ស៊ី​​​បើក​​ការងារ​​ខ្លួន​​គឺ​​”វេទិកា​​សេដ្ឋកិច្ច​​អន្តរជាតិ”​​​លើក​​ទី​​១៦​​ដែល​​នឹង​​ប្រព្រឹត្ត​​ទៅ​​រយៈ​​ពេល​​៣​​ថ្ងៃ​​ដោយ​​មាន​​ការ​​ចូល​រួម​​នៃ​​ប្រតិភូ​​ជិត​​៥.០០០​​នាក់​​មក​​ពី​​៨៧​​ប្រទេស​​ក្នុង​​នោះ​​មាន​​អ្នក​​ដឹកនាំ​​ក្រុមហ៊ុន​​ធំៗ​​បំផុត​​ក្នុង​​លោក​​ប្រមាណ​​២០០​​នាក់។​​ គឺ​​លោក​​ប្រធានាធិបតី​​រុស្ស៊ី​​ពូទីន​​ផ្ទាល់​​ដែល​​វត្តមាន​​បើក​​វេទិកា​​នេះ។​ ​

ផ្សាយពាណិជ្ជកម្ម

ជាការកត់សម្គាល់ “វេទិកាសេដ្ឋកិច្ចអន្តរជាតិ” ដែលប្រព្រឹត្តទៅ មួយឆ្នាំម្តង នៅក្រុង Saint-Petersbourg តាំងពីឆ្នាំ១៩៩៧មក ត្រូវគេដាក់រហស្សនាមថា “ Davos រុស្ស៊ី” ប្រៀបបាន នឹង វេទិកាសេដ្ឋកិច្ចពិភពលោក រៀងរាល់ឆ្នាំ នៅក្រុង Davos ប្រទេស Suisse អ៊ីចឹង។

“វេទិកាសេដ្ឋកិច្ចអន្តរជាតិ” នៅក្រុង Saint-Petersbourg លើកនេះ ជាលើកទី១៦ ប្រព្រឹត្តទៅ ក្រោមបាវចនាថា “ ប្រសិទ្ធិភាពនៃការដឹកនាំ “។ ពិតជាបាវចនានេះ ដែលជាចំណងជើង នៃ សុន្ទរកថា ថ្លែងបើកវេទិកា ដោយលោកប្រធានាធិបតីរុស្ស៊ីពូទីន។

ប្រធានបទវេទិកា ប៉ះជាអាទិ៏លើ បរិយាកាសសម្រាប់ធ្វើវិនិយោគ លើអនាគតវិស័យថាមពល នុយក្លេអ៊ែរពិភពលោក និង ជុំវិញវិបត្តិនៃ តំបន់ចាយលុយអឺរ៉ូ។ បណ្តាប្រតិភូ នឹងលើកយក ទៅពិនិត្យមើល វិធានការគន្លឹះៗ ឆ្ពោះទៅបន្ទាបឲ្យបានជាអតិបរមា ផលវិបាកបណ្តាលមកពី វិបត្តិហិរញ្ញវត្ថុពិភពលោក និង បញ្ចៀស កុំឲ្យមានលេចចេញមក ជារលកថ្មីនៃវិបត្តិ។

ខុសពីឆ្នាំមុនៗ ដែលសំវាទ-ធុរកិច្ច”រុស្ស៊ី-ឥណ្ឌា”, “រុស្ស៊ី-លោកអារ៉ាប”, រុស្ស៊ី-សហភាពអឺរ៉ុប” តែងបានប្រព្រឹត្តទៅ ដាច់ដោយឡែកនៅថ្ងៃផ្សេង លើកនេះ សំវាទ-ធុរកិច្ចទាំង៣ ត្រូវគេធ្វើនៅ ព្រឹកថ្ងៃទី១តែម្តងនៃការងារ “វេទិកាសេដ្ឋកិច្ចអន្តរជាតិ”។

ជាតុល្យាការនៃការងារវេទិកា នឹងមានចុះកិច្ចសន្យាដល់ទៅ រាប់សិបច្បាប់ ក្នុងទឹកប្រាក់ ជា ច្រើនម៉ឺនលានដុល្លារអាមេរិក ក្នុងនោះ គឺកិច្ចព្រមព្រៀងមួយចំនួន ខាងវិស័យថាមពល ចុះ ជាមួយក្រុមហ៊ុនប្រេងកាតរបស់រដ្ឋរុស្ស៊ីហៅថា Rosneft នៅពីមុខវត្តមាន លោក​ប្រធានាធិបតី​ពូទីនផ្ទាល់។

ទាក់ទងនឹងវិស័យថាមពល លោកពូទីន ក៏នឹងជួបពិភាក្សា ជាមួយប្រធានក្រុមហ៊ុនថាមពល បរទេសនិងរុស្ស៊ីនាំមុខគេនៅក្នុងលោក ចំនួន៥០នាក់ ក្នុងនោះ មាន ជ័យលាភី៣នាក់ នៃ រង្វាន់ ក្រោមឈ្មោះថា “ថាមពលសាកលឆ្នាំ២០១២” គឺជាតិអង់គ្លេសម្នាក់ និងជាតិរុស្ស៊ី២នាក់ ដែល ត្រូវ ទទួលរង្វាន់នេះ ក្នុងទឹកប្រាក់ជាង១លានដុល្លារអាមេរិក ពីដៃប្រមុខរដ្ឋរុស្ស៊ីផ្ទាល់។

លោកពូទីន ក៏នឹងជួបប្រស្រ័យ ជាមួយភ្ញៀវបរទេស ដែលមកចូលរួមក្នុង “វេទិកាសេដ្ឋកិច្ច អន្តរជាតិ” នៅក្រុងSaint-Petersbourg បែបយ៉ាង ប្រធានាធិបតី Pakistan Finlande នាយក​រដ្ឋមន្ត្រី​ Macedoine Kenya សមាជិគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ មជ្ឈិម បក្សកុម្មុយនិស្តចិន លោក He Gotsian អតីតប្រមុខការទូតអាមេរិកដ៏ល្បី លោក Henry Kissenger៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI