"ជំនួញនយោបាយ" ក្លាយជាវិបត្តិសង្គម!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅកម្ពុជា មានវិបត្តិសង្គមជាច្រើនដែលត្រូវគេមើលឃើញថាមានប្រភពចេញពីនយោបាយក្នុងនោះការចំណាយដើមទុនដើម្បីធ្វើនយោបាយគឺជាបញ្ហាដ៏សំខាន់មួយដែលគេមិនអាចមើលរំលងបាន។ ជាទូទៅ នៅពេលដែលអ្នកនយោបាយចំណាយប្រាក់ច្រើន ពួកគេនឹងច្បាស់ជាត្រូវ «ស្រង់ដើម» តាមគ្រប់រូបភាពដែលអាចធ្វើបាន។ នេះជាវដ្តសង្សារដែលវិលវល់ចុះឡើងរវាងពិភពនយោបាយ និងបញ្ហាសង្គមដែលគួរតែមានដំណោះស្រាយ។
ចុងក្រោយនេះ ការតថ្លៃគ្នារឿងលុយកាក់ដើម្បីមុខតំណែងឬដើម្បីអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងល្អ ហាក់បីដូចជាស្ងប់ស្ងៀមបន្តិចបើធៀបទៅនឹងកាលពីប៉ុន្មានអាណត្តិមុន។ ប៉ុន្តែ «ទឹកស្ងប់ក៏មិនមែនមានន័យថាគ្មានត្រីនោះដែរ» យ៉ាងណាមិញ បញ្ហាលុយកាក់នៅតែជារឿងសំខាន់ដដែលនៅក្នុងពិភពនយោបាយកម្ពុជា បើទោះបីជាវាមិនសូវជាពុះកញ្ជ្រោលចេញមកក្រៅខ្លាំងដូចពីមុនក៏ដោយ។
ប្រាក់ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់ៗទាំងឡាយ ដើម្បីឈានទៅប្រឡូកក្នុងឆាកនយោបាយ។ នៅកម្ពុជា គណបក្សនយោបាយនីមួយៗពឹងផ្អែកទាំងស្រុងទៅលើប្រភពធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ហេតុដូច្នេះហើយបានជាអ្នកនយោបាយត្រូវតែចំណាយប្រាក់ទៅតាមឋានៈ តួនាទីដែលខ្លួនមាន ឬដែលខ្លួនរំពឹងថានឹងទទួលបាន។
ជាទូទៅ គណបក្សនីមួយៗមានប្រភពហិរញ្ញវត្ថុសំខាន់ពីរ៖ ទី១ គឺការដាក់ទុនរបស់អ្នកនយោបាយម្នាក់ៗ និងទី២ គឺការកៀងគរពីប្រភពផ្សេងៗ ជាពិសេសពីអ្នកដែលមានសមានចិត្តជាមួយគណបក្សនោះ។ សម្រាប់គណបក្សកាន់អំណាច បញ្ហាហិរញ្ញវត្ថុមិនសូវជាចោទឡើយ ពីព្រោះអ្នកនយោបាយសុទ្ធតែជាអ្នកមានប្រាក់ រីឯអ្នកដែលមានសមានចិត្តជាមួយគណបក្សនេះភាគច្រើនជាអ្នកជំនួញធំៗដែលសម្បូរប្រាក់យ៉ាងហូរហៀរ។
ប៉ុន្តែ សម្រាប់គណបក្សក្រៅររដ្ឋាភិបាលវិញ បញ្ហាហិរញ្ញវត្ថុគឺជាចំណោទយ៉ាងធំធេងមួយ។ ចំណោទនៅត្រង់ថា សកម្មជននយោបាយក៏មិនសូវសម្បូរប្រាក់ រីឯប្រភពចំណូលផ្សេងទៀតក៏មិនសូវជាសម្បូរបែប។ ប្រភពចំណូលមួយភាគធំបានមកពីការរៃអង្គាសពីសហគមន៍ខ្មែរនៅក្រៅប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងទៅ បញ្ហាលុយកាក់ច្រើនតែផ្ទុះចេញពីគណបក្សក្រៅរដ្ឋាភិបាល។
សម្រាប់ក្រុមអ្នកវិភាគបញ្ហាសង្គមកម្ពុជា មានវិបត្តិសង្គមធំធេងណាស់ដែលកើតចេញពីការដាក់ទុននៅក្នុង«ជំនួញនយោបាយ»។ សម្រាប់គណបក្សកាន់អំណាច តំណាងរាស្ត្រឬប្រធានក្រុមការងារដែលទទួលបន្ទុកមណ្ឌលបោះឆ្នោតនីមួយៗ ត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ចុះមូលដ្ឋានជួបប្រជាពលរដ្ឋជាប្រចាំផង និងជាពិសេសសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតតែម្តង។ ដូច្នេះ ពួកគេច្បាស់ជាត្រូវសម្លឹងរកប្រភពចំណូលមកវិញឲ្យបានច្រើនដែរ។ តើនេះមិនមែនជាប្រភពនៃអំពើពុករលួយទេឬ?
រីឯអ្នកជំនួញធំៗដែលផ្តល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយក៏ត្រូវប្រឹងរកចំណូលមកវិញឲ្យបានច្រើនដែរ ដើម្បីប៉ះប៉ូវការខាតបង់ទៅលើនយោបាយ។ ពួកគេក៏ត្រូវការឥទ្ធិពលរបស់អ្នកនយោបាយ ដើម្បីការពារមុខជំនួញរបស់ខ្លួនដែរ ពីព្រោះវាជារឿងធម្មតាទេដែល«អ្នកជំនួញតែងរកផលចំណេញ»។ ទីបំផុត ផលវិបាកនឹងធ្លាក់ទៅលើសង្គមទាំងមូលក្នុងនោះ អ្នកក្រីក្ររងផលប៉ះពាល់ខ្លាំងជាងគេ។ វាមិនខុសអ្វីពីសុភាសិតដែលថា«ច្របាច់កចិន លៀនអណ្តាតខ្មែរនោះឡើយ»។
ស្ថានភាពមិនខុសគ្នាប៉ុន្មានឡើយសម្រាប់គណបក្សក្រៅរដ្ឋាភិបាល ជាពិសេសគឺបក្សប្រឆាំងតែម្តង។ ការចំណាយប្រាក់ទៅលើនយោបាយបានក្លាយជាប្រភពនៃបញ្ហារាប់រយជំពូក។ អ្នកខ្លះបានចំណាយទ្រព្យធនអស់រលីងពីខ្លួន តែទីបំផុត មុខតំណែងអ្វីក៏មិនទទួលបានដែរ។ អ្នកទាំងនោះត្រូវធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ហើយអ្នកខ្លះក៏មានបញ្ហាក្នុងគណបក្សរហូតត្រូវគេបណ្តេញចេញ ឬត្រូវបង្ខំចិត្តដើរចេញដោយខ្លួនឯង។ នេះជាអ្វីដែលគេហៅថា «ប្រាក់ក៏បង់ ថង់ក៏ដាច»។ រីឯអ្នកដែលនៅមានលទ្ធភាព ចេះតែបន្តប្រឹងប្រែងដោយសង្ឃឹមថា ថ្ងៃណាមួយពួកគេអាចស្រង់ដើមវិញបាន។
ដូច្នេះ ដើម្បីចាកចេញពីវដ្តសង្សារនេះ អ្នកនយោបាយគួរតែត្រូវចៀសផុតពីការចាប់បង្ខំឲ្យចំណាយប្រាក់ផ្ទាល់ខ្លួនសន្ធឹកសន្ធាប់បែបនេះតទៅទៀត។ ក្នុងន័យនេះ កម្ពុជាគួរមានច្បាប់មួយដើម្បីកំណត់ពីហិរញ្ញវត្ថុបក្សនយោបាយឲ្យបានច្បាស់លាស់។ ទន្ទឹមនឹងនោះដែរ អ្នកនយោបាយខ្មែរគួរផ្លាស់ប្តូរផ្នត់គំនិតមួយជាចាំបាច់៖ នោះគឺនយោបាយមិនមែនជាមុខជំនួញដើម្បីស្វែងរកផលចំណេញផ្ទាល់ខ្លួនទេ តែអ្នកនយោបាយត្រូវមានទំនួលខុសត្រូវដ៏ធំបំផុត ចំពោះមុខប្រទេសជាតិ និងប្រជាជន។
ប្រសិនបើទំនួលខុសត្រូវដ៏ធំនេះត្រូវបានគ្របដណ្តប់ដោយផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រសិនបើនយោបាយនៅតែត្រូវគេចាត់ទុកជាមុខជំនួញ វិបត្តិសង្គមដែលជាផលវិបាកនៃការចំណាយប្រាក់របស់អ្នកនយោបាយនឹងនៅតែបន្តកើតឡើង គ្មានទីបញ្ចប់ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ