អ៊ីរ៉ង់

អ៊ីរ៉ង់​យល់ព្រម​ទទួលយក​គោលការណ៍​នៃ​ការ​ត្រួតពិនិត្យ​​ទីតាំង​នុយក្លេអ៊ែរ​

កិច្ច​ប្រជុំ​ប្រទេស​៥+១ នៅទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​១៥តុលា
កិច្ច​ប្រជុំ​ប្រទេស​៥+១ នៅទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​១៥តុលា REUTERS/Fabrice Coffrini/Pool

នៅថ្ងៃ​ពុធ​​នេះ ប្រទេស​អ៊ីរ៉ង់​បានសំរេច​ចិត្ត​​យល់ព្រម​​ទទួល​យក​គោលការណ៍​នៃ​​ការ​​ត្រួតពិនិត្យ​​ទីតាំង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ ដែលការត្រួតពិនិត្យនេះ គឺជាបេសកកម្ម ដែល​អ៊ីរ៉ង់​មិនអាច​ដឹងបាន​មុននោះទេ។ ទន្ទឹមនេះដែរ ​កិច្ចប្រជុំ​ប្រទេស​មហាអំណាច​​៥+១ ដែល​ជា​កិច្ចពិភាក្សា​​​រវាង​អាមេរិក ចិន រុស្ស៊ី បារាំង​ អង់គ្លេស អាល្លឺម៉ង់ និង​អ៊ីរ៉ង់​ លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅទីក្រុង​ហ្សឺណែវ​នោះ នឹង​បន្ត​ធ្វើ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀតនេះ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ​​នេះ ប្រទេស​អ៊ីរ៉ង់​បានសំរេច​ចិត្ត​​យល់ព្រម​​ទទួល​យក​គោលការណ៍​នៃ​​ការ​​ត្រួតពិនិត្យ​​ទីតាំង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។ ការត្រួតពិនិត្យ​នេះ​ គឺ​ជាបេសកកម្មអ្នកជំនាញ​ដែល​ត្រូវ​ចុះទៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ដែល​​​អ៊ីរ៉ង់មិន​អាច​​ដឹងបាន​​មុននោះទេ។

វិធីសារ​បន្ថែម​​ទាក់ទង​​​ការចុះទៅត្រួតពិនិត្យ​ដោយ​មិន​បាន​ប្រាប់​អោយ​ដឹង​មុននេះ គឺ​ជា​សំណូមពរ​របស់​សហរដ្ឋអាមេរិក។ វិធីសារ​នេះ​អនុញ្ញាត​អោយ​មាន​ការពង្រឹង​ការ​ត្រួតពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ បន្ថែម​​ទៀត និង​ដោយ​មិន​ប្រាប់​អ៊ីរ៉ង់​អោយ​ដឹង​ជាមុន​ពីការ​ចុះត្រួតពិនិត្យ​នោះទេ។ វិធីសារ​នេះ​ក៏បាន​​ដាក់​លក្ខខណ្ឌ​អោយ​អ៊ីរ៉ង់​​ផ្តល់ព័ត៌មាន​ស្តី​ប្រតិបត្តិការ​​​​​​​ទាក់ទង​​នឹង​​នុយក្លេអ៊ៃរ​ខ្លួនផងដែរ។

​​​កាលពី​ថ្ងៃ​អង្គារ នៅទីក្រុងហ្សឺណែវ ក្នុង​កិច្ចពិភាក្សា​​​នុយក្លេអ៊ែរ ប្រទេស​៥+១ រវាង​​មហាអំណាច​ទាំង​៥​ មាន​ អាមេរិក ចិន រុស្ស៊ី បារាំង​ អង់គ្លេស ​​អាល្លឺម៉ង់ និង​​​​​អ៊ីរ៉ង់​ អ្នកទទួលខុសត្រូវ​កិច្ចចរចា​​អ៊ីរ៉ង់​បាន​បដិសេធ​​គោលការណ៍​ត្រួតពិនិត្យ​នេះ។ ប៉ុន្តែ នៅពេលនេះ អ៊ីរ៉ង់​បាន​ប្តូរជំហរ​នេះទៅវិញ ធ្វើ​អោយ​​កិច្ចចរចា​​នុយក្លេអ៊ែរ អាច​បន្តដំណើរការ​ទៅមុខ​បន្តទៀត។ ភាគី​កិច្ចប្រជុំ​៥+១នេះ នឹង​ជួបពិភាក្សា​ជា​បន្ត ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ទៀតហើយ។

កាលពីថ្ងៃ​អង្គារ អ៊ីរ៉ង់​បាន​លើក​បង្ហាញ​ប្រទេស​មហាអំណាច​ទាំង​៥ ពី​គំរោង​ផែនការ​ដើម្បី​ដោះស្រាយ​​វិបត្តិនុយក្លេអ៊ែរ​អ៊ីរ៉ង់។ គំរោង​នោះ មាន​ពីរដំណាក់កាល ដំណាក់កាលទី១ សំរាប់​រយៈពេល​៦ខែ ជាដំណាក់កាល​ដែល​ភាគី​ចរចា​​​៥+១នេះ ​ត្រូវ​សំរេច​អោយ​បាន​នូវ​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ។ ដំណាក់កាល​ទី២ អ៊ីរ៉ង់​នឹង​អនុវត្ត​វិធានការ​ផ្ទៀងផ្ទាត់​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​តម្លាភាព​នុយក្លេអ៊ែរ​​​ខ្លួន ប្រឈម​ទៅនឹង​ទណ្ឌកម្ម​របស់​សហគមន៍អន្តរជាតិ​ដែល​បាន​ដាក់​មក​លើអ៊ីរ៉ង់​ក្នុង​ពេលកន្លងមក។

ដោយឡែក អ៊ីរ៉ង់​និង​អង់គ្លេស ក៏​បាន​ជួបចរចា​គ្នា​បែប​ទ្វេភាគីផងដែរ ហើយ​ប្រទេស​ទាំងពីរ​បាន​ប្រកាស​​ភ្ជាប់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយគ្នា​ឡើងវិញ និង​បាន​ប្រកាស​បើកស្ថានទូត​រៀងៗខ្លួន​ប្រចាំនៅអ៊ីរ៉ង់ និង​អង់គ្លេស ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ គួររំលឹកថា​ អ៊ីរ៉ង់ និង​អង់គ្លេស​បាន​កាត់ផ្តាច់ទំនាក់ទំនង​ទ្វេភាគី កាលពី​ចុង​ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI