អៀរឡង់

សំណើ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប ផ្តល់​ទំនុក​ចិត្ត​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ

នាយក​រដ្ឋមន្ត្រី​អៀរឡង់ Brian Cowen (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ
នាយក​រដ្ឋមន្ត្រី​អៀរឡង់ Brian Cowen (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ©Reuters

នៅ​ទី​បំផុត រដ្ឋាភិបាល​អៀរឡង់ បាន​សម្រេច​ចិត្ត​សុំ​ជំនួយ​ ជាផ្លូវការ ពី​សហភាព​អឺរ៉ុប និង​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​ ដើម្បី​ស្រោច​ស្រង់​ប្រព័ន្ធ​ធនាគារ​របស់ខ្លួន​ឲ្យ​រួច​ផុត​ពី​វិបត្តិ។ ប៉ុន្តែ​​ នេះ​ជា​សេចក្តី​សម្រេច ទាំង​បង្ខំ​ចិត្ត ​របស់​គណៈរដ្ឋមន្ត្រី ​ដែល​បាន​បើក​ជំនួប​វិសាមញ្ញ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

បន្ទាប់​ពី​រារែក​អស់​​មួយ​​គ្រា​ធំមក ​​អៀរឡង់ បាន​ស្នើ​សុំ ទាំង​​បង្ខំចិត្ត​ ​ជំនួយ​ជា​ផ្លូវការ​​​ពី​ខាង​​ក្រៅ​ ពោលគឺ​ពី​សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ សំណើ​ដែល​ត្រូវ​​សហភាព​អឺរ៉ុប និង​ អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI ​ទទួល​យល់​ព្រម​ភ្លាម​មួយ​រំពេច​ ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល។

គ្មាន​ការ​ភ្ញាក់​ផ្អើល​ ព្រោះ​​គឺ​សហភាព​អឺរ៉ុប និង អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នេះ​តែ​ម្តង​ដែល​​​ជា​អ្នក​​ដាក់​​គំនាប​លើ​រដ្ឋាភិបាល​អៀរឡង់ ឲ្យ​​ទទួល​យក​អន្តរាគមន៍​របស់​ខ្លួន តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ ប៉ុន្តែ​ ការ​ប្រកាស​សុំ​ជំនួយ​​របស់​អៀរឡង់​នេះ ​បាន​កាត់​បន្ថយ​​ រាល់​​​មន្ទិល​សង្ស័យ​ ​ភាព​​មិន​ទុក​​​ចិត្ត​ និង​បិទ​បញ្ចប់​ភាព​ជ្រួល​ច្របល់​ទាំង​ឡាយ​​នៅ​​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​​អឺរ៉ុប។ ប្រាក់​អឺរ៉ូ​ នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​បាន​រើប​ឡើង​វិញ​ នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​យេន​ជប៉ុន។

សូម​ជម្រាប​ថា អៀរឡង់​បាន​និង​កំពុង​ជួប​​ឧុនភាព​សាធារណៈ​ដល់​ទៅ ៣២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ បំណុល​នេះ ខុស​ឆ្ងាយ​​ពី​ច្បាប់​សហភាព​អឺរ៉ុប​ដែល​កំណត់​ឲ្យ​រដ្ឋមួយ​មាន​ឧុនភាព​​ត្រឹម​តែ​៣%។ ប្រឈម​មុខ​នឹង​បំណុល​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ និង​ដើម្បី​ជា​ដំណោះ​ស្រាយ​យូរអង្វែង ទើប​​​ធនាគារ​កណ្តាល​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ត្រូវ​បង្កើត​មូលនិធិ​មួយ​សំរាប់​ជួយ​​ធានា​រ៉ាប់​រង​សង​បំណុល​ និង​ទុក​ពេល​ឲ្យ​​អៀរឡង់​ទាំង​អស់​មាន​ឱកាស​រៀប​ចំ​ប្រព័ន្ធ​ធនាគារ​ខ្លួន​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អៀរឡង់​​បាន​ប៉ាន់​ប្រមាណ​ថា ប្រាក់​​ជំនួយ​ ​អាច​មាន​តម្លៃ​ដល់​ទៅ​ ១០០​ពាន់​លាន​អឺរ៉ូ។ ពេល​នេះ​អ្នក​ជំនាញ​បាន​ទៅ​ដល់​ក្រុង​ Dublin ដើម្បី​កំណត់​ពី​បែប​បទ​ផ្សេងៗ​​នៃ​ការ​ខ្ចី​ប្រាក់ ព្រោះ​ដោយ​មូលហេតុ​នយោបាយ​ផ្ទៃក្នុង រដ្ឋាភិបាល​អៀរឡង់​​​​ចង់​ទទួល​ជំនួយ​ នៅ​ដំណាក់​កាល​ចុង​ក្រោយ​បំផុត​តាម​ដែល​ពេល​វេលា​អនុញ្ញាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI