អានតួអត្ថបទ
កម្ពុជា

បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះឆ្នោត​​វាយ​តម្លៃ​ថា មាន​ភាព​មិន​ប្រក្រតី​​​ ​ច្រើនជាង​​​១ម៉ឺន​ករណី​​

គំរូបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត
គំរូបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត
ដោយ៖ ជា ប៊ុនធឿន
១៤ នាទី

បន្ទប់​ស្ថានការណ៍​នៃ​ក្រុម​​អង្គការ​ និង​សមាគម​មិនមែន​រដ្ឋាភិបាលវាយ​តម្លៃថា បាន​រក​ឃើញ​មានភាព​មិន​ប្រក្រតី​ច្រើន​ជាង ១ម៉ឺន​១ពាន់ករណី។ ភាព​មិន​ប្រក្រតី​ទាំង​នេះ បាន​បណ្ដាយ​ឱ្យ​មាន​ការ​បាត់​បង់សិទ្ធិ អ្នក​បោះឆ្នោត​ជា​ច្រើន និង​កង្វះ​នូវភាព​យុត្តិធម៌​ក្នុង​ការ​ចាត់​ចែង​ការ​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

តាម​ការ​អង្កេត​របស់​អង្កការ​ខុមហ្វ្រែល ទៅលើ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ដែលគ្មាន​ស្នាម​ទឹកខ្មៅ​នៅលើ​ចង្អុលដៃ​ បង្ហាញថា មាន​៤៦% បានទៅដល់​ការិយាល័យ បោះឆ្នោត ប៉ុន្តែ​ ពួកគាត់​មិនបានបោះឆ្នោត ដោយ​សារតែរក​ឈ្មោះ​ ឬការិយាល័យ​មិន​ឃើញ គ្មានឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ប្រើប្រាស់ ក្នុង​ការ​បោះឆ្នោត និងខុសទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួមមួយ រវាង​ក្រុមអង្គការ និងសមាគម​មិនមែន​រដ្ឋាភិបាល ដែល​បានចេញ​ផ្សាយ ក្នុង​ថ្ងៃ​ទី២១ សីហានេះ បន្ថែម​ដែរថា តាម​ការអង្កេតមួយ​ទៀត ​​បាន​រក​ឃើញ មាន៦០% នៃការិយាល័យ​បោះឆ្នោត ប្រជាពលរដ្ឋ​មានឯកសារ​បញ្ជាក់អត្តសញ្ញាណ​ត្រឹមត្រូវ ប៉ុន្តែ​ មិន​អាច​រកឈ្មោះ​ឃើញក្នុង​បញ្ជីបោះឆ្នោត។

សូមបញ្ជាក់ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ជា​កន្លែង​រាយការណ៍ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង៣០ រង់​ចាំ​ទទួល​​ព័ត៌មាន​ពីអ្នក​សង្កេតការណ៍​បោះឆ្នោត។ ហើយ​បន្ទាប់​ពីមាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាង​លើ​យល់​ថា ជា​លទ្ធផល​ជា​មួយ​ផល​វិបាក​ចេញ​មក​ពីភាព​មិន​ប្រក្រតី​ជាច្រើន​ ក្នុង​កំឡុង​ពេល​បោះឆ្នោត។ បន្ថែម​លើ​នេះដែរ ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​មាន ឡើង​ ត្រូវបាន​បន្ទប់​ស្ថាន​ការណ៍​បញ្ជាក់​បន្ថែម​ថា​ មាន​ច្រើន​ក្នុង​ខេត្ត​ចំនួន បី គឺខេត្ត​កណ្ដាល បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។

ទាក់ទងនឹង​កា​ប្រកាស​អំពីភាព​មិន​ប្រក្រតីទាំង​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត ដែល​ហៅកាត់​ថា គ.ជ.ប បាន​ធ្លាប់​ប្រកាស​ដែរថា​ ខ្លួន​ធ្វើការងារ​ទៅតាមនីតិវិធី​ដែល​មាន។ ហើយ​​ការ​ប្រកាស​​លទ្ធផល​នានា​ ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​ឯកសារ​ត្រឹមត្រូវ ដែល​បាន​ដាក់​ដោយ​គណបក្ស​​នយោបាយ​ទាំងអស់។ ជាង​នេះ​ទៅទៀត​ការដោះស្រាយ​ភាព​មិន​ប្រក្រតីទាំងអស់ គឺ គ.ជ.ប បានធ្វើ​ដោយ​យោងទៅតាម​ពាក្យ​បណ្ដឹង និង​​ភស្ដុតាង​ដែល​បាន​ផ្ដល់​ឱ្យ​​ដោយ​គណបក្សនយោបាយ។

ទោះ​ជាយ៉ាង​ណា បន្ទប់ស្ថាន​ការណ៍​បាន​សំដែង​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង​ អំពី​ការ​បំផិត​បំភ័យ និង​ការគំរាម​កំហែង​ធ្ងន់ធ្ងរ ដោយ​ការ​ការជ្រៀត​ជ្រែក​ពីរដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់អាវុធ ក្នុង​កំឡុង​ពេល​ដោះស្រាយ​ទំនាស់​បោះឆ្នោត និង​មានការខក​ចិត្តចំពោះ​ដំណោះស្រាយ​​ភាព​​មិន​ប្រក្រតី ដែល​ខ្លួន​យល់​ថា​ជា​ការដោះស្រាយ​មិន​មាន​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ