បក្ស Frères musulmans ប្រឈមមុខនឹងបក្សអភិរក្សនិយម Salafistes និងបក្សអ្នកសេរីនិយម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សភាតរបុត្រអ៊ីស្លាមអេហ្ស៊ីប"Frères musulmans "-ដែលជាបក្សឈ្នះមុខគេនៅក្នុងការបោះឆ្នោតសភានៅជុំទីមួយ កាលពីថ្ងៃចន្ទទី២៨វិច្ឆិកាមុននោះ កំពុងត្រៀមខ្លួនប្រយុទ្ធតទល់ជាមួយបក្សចំនួនពីរគឹគណបក្សអ្នកសេរីនិយមនិងបក្សអភិរក្សនិយម salafistesនៅក្នុងការបោះឆ្នោតសភាជុំទីពីរនៅថ្ងៃចន្ទ៥ធ្នូ២០១១ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេហ្ស៊ីប។
បេក្ខជននៃគណបក្សអ៊ីស្លាមអេហ្ស៊ីបនិន្នាការកណ្តាលនិយម Frères musulmans » ឬបក្សភាតរបុត្រដែលជាកម្លាំងនយោបាយមួយរៀបចំបានល្អប្រសើរជាងគេនៅក្នុងប្រទេសនឹងត្រូវធ្វើការប្រឈមមុខតទល់ជាមួយនឹងគណបក្សអ៊ីស្លាមអភិរក្សនិយមជ្រុល AL Nour ដែលចេញមកពីចលនា Salafistes ជាអាទិ៍នៅទីក្រុង Alexandrie ដែលជាក្រុងធំទីពីរនៃប្រទេសអេហ្ស៊ីបនិងនៅ Damiette ក្នុងតំបន់ដែនដីសណ្តនៃទន្លេ Nil។ នៅតំបន់ទាំងពីរនេះ បក្ស ភាតរបុត្រអ៊ីស្លាម បានទទួលសំឡេងឆ្នោតប្រកិតគ្នា នៅក្នុងការបោះឆ្នោតជុំទីមួយ បន្ទាប់ពីគណបក្ស AL Nour នៃចលនា Salafistes បានទទួលសំឡេងឆ្នោតគាំទ្រច្រើនសម្បើមអស្ចារ្យគួរឲ្យភ្ញាក់ផ្អើល។
យ៉ាងណាមិញ ការបោះឆ្នោតនៅជុំទីពីរនៅថ្ងៃចន្ទស្អែកទី៥ធ្នូនេះ ក៏ខ័ណ្ឌបញ្ចប់ដែរ នូវភាពល្អូកល្អិននឹងគ្នារវាងគណបក្សអ៊ីស្លាមនិន្នាការកណ្តាលនិយម Frères musulmansនិងបក្សនៃចលនា salafistes -នេះជាការលើកឡើងរបស់ទិនានុប្បវត្តិAl akhabar ដោយលើកឡើងជាអាទិ៍ ករណីនៅទីក្រុង Alexandrie ។
ទិនានុប្បវត្តិដដែលនេះ បានដាក់ចំណងជើងទៀតថា” ជាមិត្តភក្តិនៅជុំទីមួយនិងក្លាយជាសត្រូវនៅជុំទីពីរ” -ដោយកាសែតនេះសំអាងទៅលើការប្រយុទ្ធគ្នាមួយនៅទីក្រុង Louxor ភាគខាងត្បូងប្រទេស រវាងបេក្ខជនម្នាក់នៃគណបក្ស Frères musulmans »និង ម្នាក់ទៀតនៃបក្សអ៊ីស្លាមជ្រុលនិយមមួយទៀតរបស់ចលនា salafistes គឺបក្ស Gamaa Islamiya។
មិនតែប៉ុណ្ណោះ គណបក្ស Frères musulmans »ក៏នឹងត្រូវប្រឈមមុខនឹងគណបក្សមួយទៀតគឺគណបក្ស « អ្នកសេរីនិយម » ជាពិសេសនៅក្នុងមណ្ឌលបោះឆ្នោតនៅទីក្រុង Caire។
យោងតាម លោក yossri Abdel Karim អគ្គលេខាធិការនៃឧត្តមគណៈបោះឆ្នោតដែលទើបនឹងផ្តល់តួលេខនៃលទ្ធផលបោះឆ្នោតសភានៅជុំទីមួយដល់ទីភ្នាក់ងារព័ត៌មាន បារាំង AFP គឺ បញ្ជីឈ្មោះនៃគណបក្ស អ៊ីស្លាមនិយមក្នុងនោះ គណបក្សFrères musulmans » បានទទួលសំឡេងឆ្នោតជាង ៦៥%។ ចំណែក ឯ ក្រុមគណបក្សអ៊ីស្លាមជ្រុលនិយម Salafistes Al NOUR និងបក្ស Wassat ដែលជាបក្សអ៊ីស្លាមនិន្នាការកណ្តាលនិយម បានទទួលសំឡេងឆ្នោត ៦៥,២៥%-នេះបើយោងតាមតួលេខជាផ្លូវការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ