អ៊ីស្រាអែលអនុញ្ញាតជាផ្លូវការអោយដោះលែងអ្នកទោសប៉ាឡេស្ទីន២៦នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលអ៊ីស្រាអែលបានសំរេចជាផ្លូវការអោយមានការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន២៦នាក់ បន្ថែមទៀត។ អ្នកទោសទាំងនេះប្រហែលជានឹងត្រូវដោះលែងចាប់ពីយប់ថ្ងៃអង្គារស្អែកនេះ រហូតដល់ព្រឹកថ្ងៃពុធទី៣០តុលា។ គួររំលឹកថា អ្នកទោសប៉ាឡេស្ទីនទាំងនេះស្ថិតក្នុងចំណោមអ្នកទោសសរុប១០៤នាក់ ដែលអ៊ីស្រាអែលត្រូវដោះលែង។ ការដោះលែងនេះធ្វើឡើង ស្របតាមកិច្ចព្រមព្រៀងអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្តីពីការចរចាស្វែងរកដំណោះស្រាយសន្តិភាពឡើងវិញ។
អ្នកទោសប៉ាឡេស្ទីនទាំង២៦នាក់ ដែលអ៊ីស្រាអែលនឹងដោះលែងពីពន្ធនាគារនោះ សុទ្ធតែបានប្រព្រឹត្តបទល្មើសមុនពេលមានកិច្ចព្រមព្រៀងសន្តិភាពក្រុងអូស្លូឆ្នាំ១៩៩៣។ ពួកគេជាប់ទោសពីបទឃាតកម្ម ដែលតំរូវជាប់ពន្ធនាគារពី១៩ឆ្នាំទៅ២៨ឆ្នាំ។ ពួកគេប្រហែលជាអាចមានសេរីភាព ចាប់ពីយប់ថ្ងៃអង្គារស្អែកនេះហើយ។
គួររំលឹកថា អ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែលត្រូវដោះលែង មានចំនួនសរុប១០៤នាក់។ អ្នកទោសប៉ាឡេស្ទីនភាគច្រើន ជាប់ពាក់ព័ន្ធនឹងការញុះញង់អោយជនជាតិអ៊ីស្រាអែលបាត់បង់ជីវិត។
គណបក្សស្តាំនិយមជ្រុលអ៊ីស្រាអែលមានការជំទាស់នឹងការសំរេចដោះលែងអ្នកទោសទាំង២៦នាក់នេះ ព្រោះគណបក្សនេះចាត់ទុកថា គឺជាការដោះលៃងក្រុមភេរវជន។ គណបក្សស្តាំនិយមជ្រុល ធ្លាប់បានដាក់ញត្តិមួយជំទាស់មិនអោយមានការដោះលែង តែញត្តិនេះត្រូវបានទាត់ចោល។ សារព័ត៌មានអ៊ីស្រាអែលនានាក៏បានចាត់ទុកអ្នកទោសទាំង២៦នាក់នេះ ថាជាភេរវជនផងដែរ។ ប៉ុន្តែ សំរាប់ប្រជាជនប៉ាឡេស្ទីន អ្នកទោសប៉ាឡេស្ទីនទាំងនោះ គឺជាវីរបុរសដែលបានតស៊ូប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល។
ពួកគេយល់ថា ដោះលែងអ្នកទោសក្នុងចំនួន២៦នាក់នេះ គឺតិចតួចណាស់ ព្រោះថាអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួននោះ មានចំនួនច្រើនជាងនេះទៅទៀត។ យោងតាមអង្គការសិទ្ធិមនុស្សមួយឈ្មោះ B’Tselem អ្នកទោសប៉ាឡេស្ទីនដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល មានចំនួនដល់ទៅ៥០០នាក់ឯណោះ។
ដើម្បីរំសាយភាពតានតឹងនយោបាយក្នុងជួររដ្ឋាភិបាល រដ្ឋាភិបាលអ៊ីស្រាអែលប្រហែលជានឹងត្រូវប្រកាស ក្នុងពេលឆាប់ៗខាងមុខនេះ ពីការសាងសង់លំនៅដ្ឋានក្នុងតំបន់អាណានិគមជនជាតិហ្ស៊ីហ្វ នៅស៊ីសហ្សកដានី។ អ្នកទទួលខុសត្រូវអ៊ីស្រាអែលមួយរូប ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ថា ការសាងសង់លំនៅដ្ឋាននេះគឺមកពីមានការស្រុះស្រួលជាមួយប៉ាឡេស្ទីន និងអាមេរិក។ ប៉ុន្តែ ប៉ាឡេស្ទីនបានប្រាប់តបទៅវិញថា គ្មានការស្រុះស្រួលណាមួយនោះទេ។ ផ្ទុយទៅវិញ អាមេរិកថៃមទាំងបានសន្យាថានឹងបន្ថយសកម្មភាពតំបន់អាណានិគមនោះទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ