អានតួអត្ថបទ
អៀរ៉ង់

ក្រុម​ប្រទេស​ ៥+១​ បន្ត​ការ​ចរចាជាមួយ​អៀរ៉ង់​​​​នៅទួរគី

លោក Jalili (កណ្តាល) ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​ទួរគី​ដើម្បី​ចូល​រួម​ប្រជុំ​ជា​មួយ​ក្រុម​ប្រទេស​៥+១
លោក Jalili (កណ្តាល) ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​ទួរគី​ដើម្បី​ចូល​រួម​ប្រជុំ​ជា​មួយ​ក្រុម​ប្រទេស​៥+១ Reuters
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

សំណុំ​រឿង​នុយក្លេអ៊ែរ​អៀរ៉ង់ បាន​វិល​មក​ចូល​តុ​ចរចា​ជា​ថ្មី នៅ​ថ្ងៃ​សុក្រ​ទី​២១​មករា នៅ​ទីក្រុង​អ៊ីស្តង់បូល​ ប្រទេស​ទួរគី។ ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហប្រជាជាតិ (សហរដ្ឋ​អាមេរិក ចិន បារាំង រុស្ស៊ី អង់គ្លេស) បូក​នឹង​ប្រទេស​អាល្លឺម៉ង់ ត្រូវ​ជួប​ប្រជុំ​រយៈ​ពេល​ពីរថ្ងៃ​ជាមួយ​អៀរ៉ង់ ដោយ​បិទ​ទ្វារ ដើម្បី ​ធ្វើ​យ៉ាង​ណា​កែលម្អ​ទំនាក់ទំនង​រវាង​ក្រុង​តេអេរ៉ង់​និង​សហគមន៍​អន្តរជាតិ ​ឲ្យ​បាន​ប្រសើរ​ឡើង ប៉ុន្តែ​ក្តី​សង្ឃឹម​​ហាក់​​មាន​តិចតួច​ណាស់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ជំនួប​ប្រជុំ​លើក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ជួប​ពិភាក្សា​គ្នា​ចំនួន​ពីរ​លើក​​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​ នៅ​ទីក្រុង​ហ្សឺណែវ ដែល​បាន​ផ្តល់សន្ទុះ​ថ្មី​ដល់​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​សហរដ្ឋ​អាមេរិក​និង​អៀរ៉ង់។

ក្រុម​​ប្រទេសមហាអំណាច​ទាំង​៥​បូក​និង​អាល្លឺម៉ង់ ដែល​ដឹកនាំ​ដោយ​​លោកស្រី​ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប Catherine Ashton -​ ត្រូវជួប​ពិភាក្សា​ជាមួយ​លោក​ Saïd Jalili ដែល​ជា​តំណាង​ភាគី​អៀរ៉ង់ រយៈ​ពេល​ពីរ​ថ្ងៃ​ ក្នុង​បរិយាកាស​មួយ​ដ៏​ផុយ​ស្រួយ​បំផុត ព្រោះ​ក្រុង​តេអេរ៉ង់ បាន​ព្រមាន​យ៉ាង​ដាច់​ណាត់​រួច​ជា​ស្រេច​ថា​ មិន​ព្រម​ឲ្យ​សហគមន៍​អន្តរជាតិ​យក​ជំនួប​នេះ​មក​ធ្វើ​ជា​សវនការ​កាត់​ក្តី​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ។

​សំរាប់​ក្រុម​ប្រទេស​៥+១​វិញ នេះ​ជា​ឱកាស​ជួប​​​ពិភាក្សាអំពី​សំណុំ​រឿង​ចម្រូង​ចម្រាស​ ការ​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ ដែល​អៀរ៉ង់​និង​សហគមន៍​អន្តរជាតិ​ ប្រឆាំង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សហគមន៍​អន្តរជាតិ​ដែល​សង្ស័យ​ថា​អៀរ៉ង់​កំពុង​រៀប​ចំ​​ផលិត​អាវុធបរមាណូ​ ក្រោ​ម​រូបភាព​នុយក្លេអ៊ែរស៊ីវិល​ ប៉ុន្តែ​ក្រុង​តេអេរ៉ង់​តែង​តែ​បដិសេធ។

ការ​លើក​ទណ្ឌ​កម្ម​អន្តរជាតិ​ចេញ​ពី​អៀរ៉ង់ ក៏​ទំនង​ជា​របៀបវារៈ​មួយ​នៃ​ជំនួប​នេះដែរ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី។ ប៉ុន្តែ​ភាគី​អាមេរិក​ សំណើ​នេះ​មិន​អាច​ទៅ​រួច​ទេ​។ អាមេរិក​មាន​តែចង់​បន្ថែម​ទណ្ឌកម្ម​លើ​អៀរ៉ង់​ប៉ុណ្ណោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ