អានតួអត្ថបទ
អ៊ីតាលី

វិបត្តិបំណុល ៖ នាយក​រដ្ឋមន្ត្រី​នឹង​លាលែង​ចេញ​ពី​តំណែង

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Silvio Berlusconi នឹង​លាលែង​ចេញ​​ពី​តំណែង​ ក្រោយ​សភា​អនុម័ត​ផែនការ​ត្បិតត្បៀត​រួច
នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Silvio Berlusconi នឹង​លាលែង​ចេញ​​ពី​តំណែង​ ក្រោយ​សភា​អនុម័ត​ផែនការ​ត្បិតត្បៀត​រួច EUTERS/Max Rossi
ដោយ៖ អៀង សុខម៉ិញ
១០ នាទី

បន្ទាប់​ពី​បាត់​បង់​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា នា​​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​អ៊ីតាលី បាន​ប្រកាស​ថា លោក Silvio Berlusconi នឹង​លា​លែង​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ នៅ​ពេល​ណា​ដែល​ច្បាប់​ហិរញ្ញវត្ថុ និង​ផែនការ​ត្បិតត្បៀត​ដែល​បាន​សន្យា​ជាមួយ​នឹង​សហភាព​​អឺរ៉ុប ត្រូវ​បាន​សភា​អ៊ីតាលី​អនុម័ត​រួច ពោល​គឺ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។ សម្រាប់​គណបក្ស​ប្រជា​ធិបតេយ្យ​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អ៊ីតាលីរូប​នេះ​ គ្មាន​ការ​គាំទ្រ និង​ទំនុក​ចិត្ត​​គ្រប់​គ្រាន់​ ដើម្បី​​ដឹក​នាំ​ប្រទេស​ទៀត​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​​ម្សិលមិញ មាន​លក្ខណៈ​បច្ចេកទេសមែន​​ តែវា​មាន​តម្លៃ​ណាស់​សម្រាប់​វាសនា​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​។ ដើម្បី​ ​ដាស់​​ស្មារតី​ លោក​ Silvio Berlusconi ឲ្យ​ប្រឈម​នឹង​ការ​ពិត សភា​អ្នក​តំណាង​បក្ស​​កណ្តាល​និយម និង​ឆ្វេង​និយម​ បាន​​បោះឆ្នោត​អនុបវាទ ដោយ​ទុក​ឲ្យ​សមាជិក​សភា​បក្ស​កាន់​អំណាច​ជា​អ្នក​សម្រេច តែ​ម្នាក់​ឯង។

 
ប៉ុន្តែលោក Silvio Berlusconi ​​នៅ​តែ​មិន​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​បាន​ទៀត ព្រោះ​មាន​សមាជិក​បក្ស​៨​នាក់​បានក្បត់ មិនព្រម​​បោះឆ្នោត​គាំទ្រ។ សមាជិក​សភា​បក្ស​ប្រជាជន​សេរី របស់​លោក​ជា​ច្រើន​នាក់​បាន​ងាក​ទៅ​ខាង​កណ្តាល​និយម​វិញ។

ចំណែក​បក្ស​សម្ព័ន្ធ​ខាង​ជើង ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​​របស់​រដ្ឋាភិបាល​ចម្រុះ​អ៊ីតាលី បាន​ប្រកាស​តាំង​ពី​ថ្ងៃ​ម្សិលមិញ ថា​អ៊ីតាលី​មាន​ប្រាក់​បំណុល​ធ្ងន់ធ្ងរ​ណាស់ ​និង​គ្មាន​​​ទំនុក​ចិត្ត​លើ​លោក​ Silvio Berlusconi ​​ទៀត​ទេ​ លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។

បន្ទាប់​ពី​ការ​ប្រកាស​របស់​ប្រធានាធិបតី​នៅ​រសៀល​ម្សិលមិញ​មក នៅ​ព្រឹក​ថ្ងៃ​ទី ៩ វិច្ឆិកា​នេះ ​លោក Silvio Berlusconi មាន​ប្រសាសន៍​ចេញ​ដោយ​ផ្ទាល់​ខ្លួន​លោក ថា​នឹង “លាលែង​ចេញ​ពី​តំណែង”​ នៅ​ពេល​ណា​សភា​អនុម័ត​គម្រោង​ថវិកាត្បិតត្បៀត​ហើយ ព្រម​ទាំង​​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ