តុលាការព្រហ្មទ័ណ្ឌអន្តរជាតិចោទអតីតប្រធានាធិបតីកូតឌីវ័រ ពីបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ
គឺនៅប្រមាណជាម៉ោង ៤ ទាបភ្លឺនាព្រឹកថ្ងៃពុធ ទី៣០ វិច្ឆិកានេះ ដែលយន្តហោះដឹកលោកអតីតប្រធានាធិបតីកូតឌីវ័រ ឡូរ៉ង់ បាក់បូបានចុះចតលើទឹកដីនៃប្រទេសហូឡង់។ បន្ទាប់ពីបានចុះចតភ្លាម ក្បួនរថយន្តក៏បានដឹករូបលោក ឡូរ៉ង់ បាក់បូទៅឃុំឃំាងនៅក្នុងពន្ធនាគារនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ។ ចាប់ពីពេលនេះតទៅ លោក ឡូរ៉ង់ បាក់បូនឹងត្រូវរស់ក្រោមដំបូលដូច Radovan Karadzic ដូច Ratko Mladic ឬក៏ដូច Charles Taylor អ៊ីចឹងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺតាមរយៈយន្តហោះមួយគ្រឿងរបស់ប្រទេសកូតឌីវ័រ ដែលលោកអតីតប្រធានាធិបតីកូតឌីវ័រ ឡូរ៉ង់ បាក់បូបានទៅដល់ប្រទេសហូឡង់ និងត្រូវបានគេបញ្ជូនភ្លាមទៅឃុំឃំាងក្នុងពន្ធនាគារ Scheveningen នៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិនាព្រលឹមស្រាងៗក្នុងថ្ងៃពុធ ទី៣០ វិច្ឆិកា ឆ្នំា ២០១១។ អតីតប្រធានាធិបតីកូតឌីវ័ររូបនេះត្រូវបានគេដាក់ខ្នោះដៃតំាងពីពេលចាប់ខ្លួន រហូតដល់ពេលបញ្ចូលខ្លួនទៅក្នុងបន្ទប់ឃុំឃំាង។
ការចាប់ខ្លួនលោក ឡូរ៉ង់ បាក់បូត្រូវបានធ្វើឡើង ដោយយោងតាមដីការចាប់ខ្លួនរបស់តុលាការព្រហ្មទ័ណ្ឌអន្តរជាតិចុះថ្ងៃទី ២៣ វិច្ឆិកាកន្លងទៅ។ លោក ឡូរ៉ង់ បាក់បូបានទទួលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិចំនួន ៤ ករណី៖ ការកាប់សម្លាប់ដោយចាប់រំលោភ អំពើហិង្សាផ្លូវភេទ ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ជាច្រើនទៀតដែលលោក លោក ឡូរ៉ង់ បាក់បូបានប្រព្រឹត្តក្នុងចន្លោះខែវិច្ឆិកា ឆ្នំា ២០១០ និងខែឧសភា ឆ្នំា ២០១១។
យោងតាមដីកាចាប់ខ្លួន ទង្វើអមនុស្សធម៌ និងហិង្សាទំាងនេះបានប្រព្រឹត្តឡើងដោយកងកម្លំាងការពារ និងកងសន្តិសុខកូតឌីវ័រ ដោយមានជំនួយពីក្រុមទាហានស៊ីឈ្នួល ព្រមទំាងក្រុមស្វ័យត្រានវ័យក្មេងដែលជាអ្នកគំាទ្រលោក បាក់បូនៅក្នុងទីក្រុង Abidjan ពិសេសនៅក្បែរសណ្ឋាគារ Golf និងតំបន់ផ្សេងទៀតនៅទូទំាងប្រទេស។
ក្រុមចៅក្រមនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមកម្លំាងគំាទ្រលោក ឡូរ៉ង់ បាក់បូបានវាយប្រហារតម្រង់លើជនស៊ីវិលដោយគិតថា ពួកគេជាអ្នកគំាទ្រលោក Alassane Ouattara ដែលបច្ចុប្បន្នជាប្រធានាធិបតីកូតឌីវ័រ។ ទន្ទឹមគ្នានេះ ក្រុមកម្លំាងគំាទ្រលោក ឡូរ៉ង់ បាក់បូក៏បានវាយប្រហារសំដៅលើសហគមន៍ជនជាតិភាគតិច និងក្រុមអ្នកកាន់សាសនាផងដែរ។
ខ្លឹមសារនៃដីកាចាប់ខ្លួនលោក ឡូរ៉ង់ បាក់បូក៏បានបន្ថែមថា លោក ឡូរ៉ង់ បាក់បូ និងក្រុមអ្នកជំនិតរបស់លោកបានរៀបចំផែនការមួយដើម្បីឲ្យកងកម្លំាងគំាទ្រខ្លួនយកទៅអនុវត្ត ហើយជាទូទៅ ពួកគេបានយកទៅអនុវត្តដោយស្វ័យប្រវត្តិ តាមបទបញ្ជាដែលគេបានទទួល។
បទចោទប្រកាន់ប្រឆំាងលោក ឡូរ៉ង់ បាក់បូទំាងអស់នេះនឹងត្រូវគេលើកយកទៅអាននាឱកាសការបង្ហាញខ្លួនរបស់ជនជាប់ចោទលើកដំបូងនៅពីមុខក្រុមចៅក្រមនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិនាថ្ងៃខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ